Connect with us

ព័ត៌មានអន្ដរជាតិ

​៨១%​នៃ​រដ្ឋសមាជិក​ UN ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ ប៉ុន្តែ​​​​គ្មាន​ដំណោះស្រាយ​បញ្ចប់​ការ​ឈឺចាប់​​​ទេ​​

បានផុស

នៅ

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ (UNGA)​ លើកទី៨០​ ដែល​​​​រៀបចំ​ឡើង​​​ក្រោម​ប្រធានបទ «រួបរួមគ្នា​​កាន់តែប្រសើរ​ (Better Together)៖ ៨០ឆ្នាំនិង​បន្តទៅមុខទៀតដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស» ដោយ​​​ប្រទេសសមាជិក​​អង្គការ​សហប្រជាជាតិ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ទាំង​​១៩៣​ ត្រូវ​បានអញ្ជើញ​ចូលរួម​ ហើយ​នៅ​ក្នុង​នោះ​មាន​តំណាង​ប្រទេស​រហូតដល់​ជាង​១៥០​​ បានរៀបចំ​ឡើង​ថ្លែង​ការណ៍​តំណាង​ប្រទេស​​រៀងៗខ្លួន​​។

មហាសនិ្នបាត​អង្គការសហប្រជាជាតិ​លើក​ទី​៨០​។ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ថ្វីត្បិត​តែ​ប្រធាន​​​​បទ​រួម​បាន​ផ្តោត​សំខាន់​ការ​​រួប​រួម​គ្នា ប៉ុន្តែ​​​ផ្អែក​តាមសុន្ទរកថា​ របស់​មេដឹកនាំ​ដ៏​មានឥទ្ធិពល​និមួយៗ បាន​​​ប្រើ​ប្រាស់​ជា​​វេទិកាដើម្បី​​វាយ​ប្រហារ​គ្នា ទៅតាម​​​​​របៀប​នៃ​គោលនយោបាយ​របស់​ប្រទេសរៀងៗ​ខ្លួនទៅវិញ។

សម្រាប់​​ឆ្នាំនេះ ​សង្គ្រាម​នៅ​តំបន់ហ្គាហ្សា​របស់​ប៉ាឡេស្ទីន​គឺ​ជា​បញ្ហា​​ឈា​ន​មុខដែល​មេដឹកនាំ​នៃ​បណ្តាញ​ប្រទេសនានា ជាពិសេស​ប្រទេសមហាអំណាច​បាន​លើក​ឡើង​​ជា​បន្តបន្ទាប់។ តាម​ប្រធាន​បទ​ដែលបាន​ព្រាង​ទុក ការចូលរួមរបស់ប៉ាឡេស្ទីន​​ក្នុងឆ្នាំ​នេះ​គឺជាការផ្តោតសំខាន់ ​​ខណៈ​បញ្ហា​​ដទៃ​ទៀត រួម​មាន​ការប្រែប្រួលអាកាសធាតុ បញ្ញាសិប្បនិម្មិត វិបត្តិ​ស្បៀង​អាហារ​សកល និងជម្លោះជុំវិញពិភពលោក បានស្ថិត​នៅ​​ក្នុង​ចំណោម​បញ្ហាសំខាន់ៗដែល​ទាមទារ​ឲ្យ​មាន​ការ​សម្រេចចិត្ត​​។

​មួយ​ថ្ងៃ​​មុន​កិច្ច​ប្រជុំ​ដោយ​ការ​ថ្លែង​របស់​មេដឹកនាំ​​តាមប្រទេសនានា នៅថ្ងៃចន្ទ ប្រទេសបារាំង អាន់ដូរ៉ា បែលហ្សិក លុចសំបួ ម៉ាល់តា និងម៉ូណាកូ បានប្រកាសពីការទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីននៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុង​ញូវយ៉ក ដែលរួមប្រជុំដោយបារាំង និងអារ៉ាប៊ីសាអូឌីត។ អូស្ត្រាលី កាណាដា ព័រទុយហ្គាល់ និងចក្រភពអង់គ្លេស ដែលទទួលស្គាល់ប៉ាឡេស្ទីនជាផ្លូវការមួយថ្ងៃមុននោះ ក៏បាននិយាយនៅក្នុងកិច្ចប្រជុំនេះដែរ។

រដ្ឋប៉ាឡេស្ទីនឥឡូវនេះត្រូវបានទទួលស្គាល់ថាជាប្រទេសអធិបតេយ្យភាពដោយ ១៥៧​ នៃរដ្ឋសមាជិក ១៩៣​របស់អង្គការសហប្រជាជាតិ ដែលតំណាងឱ្យ ៨១ ភាគរយនៃសហគមន៍អន្តរជាតិ។

ចំណាត់ការទាំងនេះឆ្លុះបញ្ចាំងពីនិន្នាការអន្តរជាតិដែលកំពុងកើនឡើងឆ្ពោះទៅរកការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ទោះបីជាកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ឱ្យប៉ាឡេស្ទីន​នូវសមាជិកភាពពេញលេញរបស់អង្គការសហប្រជាជាតិ នៅតែត្រូវបានរារាំង ជាពិសេសដោយសហរដ្ឋអាមេរិកដែលមានប្រវត្តិសាស្ត្រយូរមកហើយក្នុងការបដិសេធដំណោះស្រាយដែលរិះគន់អ៊ីស្រាអែល។ នេះ​បើ​យោង​តាម​ Al Jaazeera​។

​​ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ ដែល​ជា​​​​សម្ព័ន្ធ​មិត្ត​ដ៏ជិតស្និទ្ធ​បំផុត​របស់​​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់ញ៉ាហ៊ូ​ ​បាន​និយាយ​ថា ការ​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន គឺ​ជា​​ការ​ផ្តល់រង្វាន់​ដល់​ក្រុម​ហាម៉ាស​ ដែល​សហរដ្ឋអាមេរិក និង​លោក​ខាងលិច​ចាត់​ទុក​ជា​​ «ក្រុម​ភេរវករ​» គាំទ្រ​ដោយ​អ៊ីរ៉ង់។​

​​​រដ្ឋាភិបាល​​អ៊ីស្រាអែល តែង​តែ​​​ប្រើប្រាស់​មូល​ហេតុ​ដែល​ក្រុមហាម៉ាស វាយប្រហារ​ចូលទឹកដីខ្លួន​កាល​ថ្ងៃទី​៧ខែ​​តុលាឆ្នាំ​២០២៣ ​ដោយ​សម្លាប់មនុស្ស​ជាង​​១២០០​នាក់​ភ្លាមៗ ហើយ​​បាន​ចាប់​ចំណាប់ខ្មាំង​២៤០​នាក់ គឺ​ជា​ការ​បង្កសង្គ្រាម ដែល​អ៊ីស្រាអែល​ត្រូវ​តែ​តាមកម្ទេច​ក្រុម​ហាម៉ាស​នេះ ទោះបី​ពួកគេ​​នៅទីណា ក្នុងប្រទេសណា​ក៏ដោយ​។

​ការ​វាយ​ប្រហារ​​របស់​​អ៊ីស្រាអែល​ក្នុង​រយៈពេល​ជិត​​២​ឆ្នាំ​នេះ មិនត្រឹមតែ​ផ្តោត​លើ​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស​​នៅ​ក្នុង​តំបន់ហ្គាហ្សា​នោះ​ទេ ប៉ុន្តែ​​​ការ​វាយប្រហារ​បានពង្រីក​ដល់​ប្រទេស​នៅក្នុងតំបន់មជ្ឈិមបូព៌ា​​មួយចំនួន ដូច​ជា ​លីបង់ ស៊ីរី ​អ៊ីរ៉ាក់ ​យេម៉ែន ​អ៊ីរ៉ង់ និង ​ចុងក្រោយ​គឺ​ប្រទេស​កាតា ដែល​ទាក់​ទាញការ​ថ្កោល​ទោស​កាន់តែ​ខ្លាំង​ឡើង​​ពី​សំណាក់​ប្រទេសនានា​នៅ​តំបន់​អឺរ៉ុប​​។ ​

​ក្នុងពេលកន្លងមក អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​​ថ្កោល​ទោស​ការ​វាយប្រហា​ររបស់​អ៊ីស្រាអែល​មិនរើស​មុខ និង​ការ​បង្អត់​អាហារ​​​ប្រជាជន​នៅ​​ហ្គាហ្សា​ដោយសារ​តែ​​​ការ​បិទ​ការ​នាំ​ចូល​​គ្រឿងបរិភោគ​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​​នៅតំបន់​ហ្គាហ្សា​​ជាង​​២លាន​នាក់ខ្វះ​ខាត​អាហារ​បរិភោគ​យ៉ាងខ្លាំង។

​​លោក Guterres បានអះអាងថា ​ប្រជាជ​ន​​ប៉ាឡេស្ទីន​នៅហ្គាហ្សា​មិន​ត្រូវ​ទទួល​រង​នូវ​ការ​ដាក់​ទោស​រួម​​បែបនេះ​ឡើយ​។​

ថ្លែងនៅ​ក្នុង​​​សន្និបាត​អង្គការ​សហ​​​ប្រជាជាតិ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ANTONIO COSTA និយាយថា៖​«​នៅហ្គាហ្សា ជាកន្លែងដែលយើងឃើញការរងទុក្ខដែលមិនអាចនឹកស្មានដល់ កុមារស្រេកឃ្លាន គ្រួសារត្រូវខ្ទេចខ្ទាំ និងគ្រោះមហន្តរាយមនុស្សធម៌ដែលធ្វើឱ្យមនសិការរបស់ពិភពលោកភ្ញាក់ផ្អើល។ ការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្រ្គាម គឺជាអំពើអសីលធម៌ និងមួយដែលផ្គើននឹងពាក្យសម្ដី។»​

ក្រសួងសុខាភិបាល​ប្រចាំ​តំបន់ហ្គាហ្សា បានកត់ត្រា​អ្នកស្លាប់​ដោយសារ​ការ​វាយប្រហារ​​របស់​អ៊ីស្រាអែល​ កើន​ឡើង​លើ​ស ៦៥៤០០​នាក់ គិតត្រឹមថ្ងៃ​ពុធ ខណៈដែល​​អ្នកបានរងរបួស​កើន​ឡើង​ដល់​ចំនួនជាង​ ១៦៧០០០​នាក់៕​

រ៉ាន់ រើយ​

    Helistar Cambodia - Helicopter Charter Services
    Sokimex Investment Group
    Sokha Hotels

    ព័ត៌មានពេញនិយម