Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន១០រងគ្រោះដោយជំនន់ទឹកភ្លៀងប៉ះពាល់ពលរដ្ឋជិត៣ម៉ឺនគ្រួសារ និងដំណាំស្រូវជាង១ម៉ឺន៤ពាន់ហិកតា

បានផុស

នៅ

ខេត្តចំនួន១០បានរងគ្រោះដោយជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាពលរដ្ឋប្រមាណជិត៣ម៉ឺនគ្រួសារ និងដំណាំស្រូវជាង១ម៉ឺន៤ពាន់ហិកតា ក្នុងនោះខូចខាតជិត៣០០ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០កញ្ញានេះថា គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មានក្រុង/ស្រុកចំនួន៤៣ នៃខេត្តចំនួន ១០ បានជន់លិចដោយសារជំនន់ទឹកភ្លៀងក្នុងនោះ រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ និងឧត្តរមានជ័យ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ២៨,១៩៣ គ្រួសារ កើន ៦,៨៣៦ គ្រួសារប៉ះពាល់ផ្ទះ២៤,៧៩៥ ខ្នងកើន ៧,៤៤៧ ខ្នង ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន ១,១០៨ គ្រួសារ ស្រូវប៉ះពាល់ចំនួន១៤,១៦៨ ហិកតា កើន ១,៣៧៧ ហិកតា ក្នុងនោះស្រូវខូចខាតចំនួន២៧៧ ហិកតា កើនឡើង ១០ ហិកតា។

លោកបានបន្តថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ទោះបីទឹកទន្លេមេគង្គកើនឡើង ប៉ុន្តែផលប៉ះពាល់ខេត្តតាមដងទន្លេមេគង្គ មានការប្រែប្រួលតិច ខណៈខេត្តភាគពាយព្យ ពិសេស ខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់ច្រើន ទឹកស្ទឹងប្រម៉ោយឡើងដល់ ៧.៨០ម៉ែត្រ (ទឹកប្រុងប្រយត្ន័ ៩.០០ ម៉ែត្រ) តែពុំទាន់មានផលប៉ះពាល់ដល់ស្ទឹងពោធិ៍សាត់នៅឡើយ។ ចំណែកខេត្តភាគឦសាន ពិសេស ខេត្តរតនគិរី ទឹកទន្លេស្រែពកស្រកចុះច្រើន ពីកម្ពស់ ៣.៧០ម៉ែត្រ មកត្រឹម ២.១០ម៉ែត្រ (កម្រិតប្រុងប្រយ័ត្ន ១២.៥០ម៉ែត្រ) ហើយខេត្តដែលរងផលប៉ះពាល់កើនឡើងច្រើន គឺខេត្តសៀមរាប គឺមានចំនួន ៥,៨០៤គ្រួសារភាគច្រើនក្នុងក្រុងសៀមរាប។

យោងតាមក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ព្យុះទី២០ឈ្មោះ ប៊ូឡូយ (Bualoi)T2520 នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥មានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤៥%។ តំបន់ខ្ពង់រាបមានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០% និងតំបន់មាត់សមុទ្រមានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម