Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ ឈឺចាប់ជាមួយថៃ កុំទិញទំនិញថៃ ឈប់ចាយ​ប្រាក់បាតថៃលើដីខ្មែរតទៅទៀត

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន​ បាន​បង្ហោះសារ​ ក្រោ​យមាន​ជន​ជ្រុល​និយម​ថៃ​បង្ហាញ​ទង្វើ​អសីលធម៌យក​រូបថតសម្តេច​ដាក់តាំង​ ដើម្បី​បាញ់​លេង​ជាល្បែង​កម្សាន្ត​យករង្វាន់​។

បង្ហោះ​ដោយភ្ជាប់​វិដេអូ​ផង​នោះ​សម្តេច​លើកឡើង​ថា ទង្វើ​នេះ​បង្ហាញ​ជាជនជាតិស៊ីវិល័យ មានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សម្តេច​បាន​ថ្លែង​បញ្ជាក់​ថា មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ការ​ធ្វើ​ទង្វើ​ប្រមាថ​ខ្វះគុណធម៌​នេះ សម្តេច​តេជោ អតីតនាយករដ្ឋមន្រ្តីកម្ពុជា​ស្នើ​ជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។

«កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបានកំពុងធ្វើ។ ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត»។

សម្តេចតេជោ​បាន​ពន្យល់​ថា «ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព»។

សម្តេចតេជោ អំពាវ​នាវ​ឲ្យ​ជនរួមជាតិ សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។

សម្តេច​ថា ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។

«ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់​បាត​ថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង»។

សម្តេច​បន្ត​ថា សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។

សម្តេច​ក៏អរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោ​អះអាង​ថា «យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល»។

«សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ»។

ជាមួយ​គ្នានេះ សម្តេច​ជម្រាបពលរដ្ឋ​នៅជិតព្រំដែនថៃ សូមប្រញាប់ប្ដូរប្រាក់បាតថៃជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេល​ខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម