សេចក្ដីជូនដំណឹង
ណាហ្គាវើលដ៍បេះដូងសប្បុរសរួមជាមួយបុគ្គលិកស្ម័គ្រចិត្ត ៥០០ នាក់ប្រមូលសំណល់ ៤,៧ តោនក្នុងឱកាសអបអរទិវាសម្អាតពិភពលោក
ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាពនិងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍រួមជាមួយបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនប្រហែល ៥០០ នាក់បានប្រមូលសំណល់ប្លាស្ទិក និងសំរាម ៤,៧ តោនដែលស្មើនឹងការកាត់បន្ថយការបញ្ចេញចោលនៃឧស្ម័នកាបូនិក ៧០៥ គីឡូក្រាម។ ត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់ទិវាសម្អាតពិភពលោកឆ្នាំ២០២៥ គំនិតផ្តួចផ្តើមនេះមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តជាច្រើនដោយពួកគេបានចំណាយពេលជាង ៣០០០ ម៉ោងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។

ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពសម្អាតជាច្រើននៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តកែប។ សិស្ស ប្រជាពលរដ្ឋក្នុងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន បានពួតដៃគ្នាប្រមូលសំណល់ប្លាស្ទិក និងសំរាមនៅតាមផ្លូវជាតិ ទីធ្លាសាលារៀន កោះ និងឆ្នេរសមុទ្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានប្រែក្លាយទីសាធារណៈដែលមានសំរាមទៅជាកន្លែងដែលស្អាត និងស្រស់បំព្រងជាងមុនដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ការរក្សាប្រទេសកម្ពុជាឱ្យស្អាត គឺជាទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ បុគ្គលិកស្ម័គ្រចិត្តរបស់យើងបានប្រែក្លាយទំនួលខុសត្រូវនេះទៅជាសកម្មភាពដោយធ្វើការប្រមូលសំរាមជាក់ស្តែង និងផ្តល់សិក្ខាសាលាអប់រំនៅតាមសាលារៀន។ ការផ្តោតរបស់យើង មិនត្រឹមតែកាត់បន្ថយសំណល់ និងលើកកម្ពស់ការកែច្នៃឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់បន្ថយសំរាមឱ្យតិចបំផុតហូរចូលទន្លេ ឬកន្លែងចាក់សំរាម។ បរិស្ថានកាន់តែស្អាត មានន័យថាការរស់នៅមានសុខភាពល្អជាងមុន និងសហគមន៍ប្រសើរជាងមុន”។

គួរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៨ ក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងស្រុកពញាឮ ខេត្តកណ្តាលដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្អាតទន្លេសមុទ្រ។
លោក នូ សុវណ្ណ ស្ថាបនិកអង្គការសម្អាតទន្លេសមុទ្រ បានឱ្យដឹងថា ការជួយសង្គ្រោះទន្លេ មានន័យថា ជួយសង្គ្រោះជីវិត។ “ទន្លេ គឺជាសរសៃឈាមរបស់ប្រទេសកម្ពុជា។ ទន្លេផ្តល់ទឹក អាហារ និងបង្កើនជីវភាពដល់មនុស្សរាប់លាននាក់។ ប៉ុន្តែទន្លេរបស់យើងត្រូវបានបំពុល ហើយតម្លៃរបស់វាត្រូវបានមើលរំលងដែលនាំទៅរកផលប៉ះពាល់អវិជ្ជមានទៅលើសុខភាព សេដ្ឋកិច្ច និងបរិស្ថាន”។

ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ លោក សុវណ្ណ បានបន្ថែមថា “សម្រាប់ខ្ញុំ បេសកកម្មនេះមានរឿងពាក់ព័ន្ធជាមួយខ្ញុំច្រើន។ ធំលូតលាស់បន្ទាប់ពីរបបខ្មែរក្រហម គ្រួសារដែលមានគ្នា ៩ នាក់របស់ខ្ញុំ បានរស់រានមានជីវិតនៅលើទឹកបឹងដែលនៅក្បែរកន្លែងរស់នៅរបស់ខ្ញុំ។ ក្រោយមក នៅពេលខ្ញុំធ្វើដំណើរទូទាំងប្រទេសកម្ពុជា ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញទន្លេ និងឆ្នេរមានសំណល់ប្លាស្ទិករាយប៉ាយយ៉ាងច្រើន។ ឃើញដូចនោះ ខ្ញុំក៏បានអំពាវនាវឱ្យមានសកម្មភាព។ ការប្រឹងប្រែងដែលយើងធ្វើដើម្បីការពារទន្លេរបស់យើង ផ្តល់លទ្ធផលវិជ្ជមានយូរអង្វែង ធ្វើឱ្យជីវិតប្រសើរឡើង និងសម្រាប់អនាគតដ៏វែងឆ្ងាយរបស់ប្រទេសកម្ពុជា”។

គួរដឹងថា ណាហ្គាវើលដ៍ ប្តេជ្ញាលើកកម្ពស់និរន្តរភាពបរិស្ថាននៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។ តាមរយៈណាហ្គាវើលដ៍បេះដូងសប្បុរស កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានពង្រីកទៅដល់សាលារៀន និងសហគមន៍ដែលជួយលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរឥរិយាបថជាលក្ខណៈយូរអង្វែង។ តាមរយៈការបញ្ចូលការអនុវត្តបែបនិរន្តរភាពទៅក្នុងការប្រតិបត្តិការ និងពង្រីកទៅដល់សាលារៀន និងសហគមន៍ ណាហ្គាវើលដ៍បន្តគាំទ្រដល់គោលដៅការពារបរិស្ថានយូរអង្វែងរបស់ប្រទេសកម្ពុជាធ្វើការឆ្ពោះទៅរកអនាគតកាន់តែស្រស់បំព្រង បៃតង និងមានភាពធន់ជាងមុនសម្រាប់ប្រទេសកម្ពុជា”។
ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក គឺជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជាមួយការគាំទ្រពេញទំហឹងពីក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្ម័គ្រចិត្តចំណាយពេលវេលា និងបង្ហាញជំនាញរបស់ពួកគេសម្រាប់គម្រោងផ្សេងៗនៅតាមសហគមន៍។ គម្រោងទាំងនេះផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការគាំទ្រដល់សហគមន៍ ការអភិវឌ្ឍកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាជិត ១ លាននាក់តាមរយៈសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ទាំងអស់គ្នា៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣៩ នាទី agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


