វប្បធម៌ ជំនឿ
ស្នាដៃល្ខោនក្បាច់បុរាណខ្នាតធំដំឡើងថ្មី រំលឹកវីរភាពក្សត្រសម័យអង្គរ ៣ ព្រះអង្គ
ទស្សនីយភាពល្ខោនក្បាច់បុរាណរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” នឹងបង្ហាញខ្លួនជូនទស្សនិកជនទស្សនាកម្សាន្ត និងឈ្វេងយល់ពីវប្បធម៌ដល់កំពូលរបស់ខ្មែរនាសម័យចក្រភពអង្គរ នៅចុងសប្ដាហ៍ ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២នេះ។ នេះជាស្នាដៃសិល្បៈល្ខោនហ្លួង ឬល្ខោនព្រះរាជទ្រព្យ ឬល្ខោនក្បាច់បុរាណខ្មែរខ្នាតធំ បន្តពី ល្ខោនក្បាច់បុរាណ រឿង “ព្រះនាងឥន្ទ្រទេវី និងជ័យរាជទេវី” ដែលមានការគាំទ្រ និងលើកសរសើរជាខ្លាំងពីមន្ត្រីជាន់ខ្ពស់ បញ្ញវន្ត និងមហាជនគ្រប់ស្រទាប់។

លោកស្រី ឱម យុវណ្ណឌី គ្រូទទួលបន្ទុកបច្ចេកទេស នៃសាលាសិល្បៈ នរោត្តម បុប្ផាទេវី និងជាអ្នកដឹកនាំរឿង និងដឹកនាំសម្តែង ល្ខោនព្រះរាជទ្រព្យនេះ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី០៩ ខែមីនានេះថា មូលហេតុនៃការសម្រេចដំឡើងល្ខោនព្រះរាជទ្រព្យរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ត្រទេវី” គឺផុសចេញពីអារម្មណ៍ក្ដីស្រឡាញ់ និងការធ្លាប់លឺពីកិត្យានុភាព សក្ដានុពល ស្ដេចទាំង៣អង្គ រួមទាំងព្រះនាងជ័យរាជទេវី តាមសិលាចារិក និងឯកសារនានា ដែលធ្វើគួរជាទីភ្ញាក់ផ្អើល គោរព លើកតម្កើង និងផ្សព្វផ្សាយ។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍បន្តថា៖ “ដោយខ្ញុំជាអ្នកជំនាញឯកទេសទម្រង់របាំព្រះរាជទ្រព្យ ខ្ញុំក៏នឹកឃើញយកមកច្នៃប្រឌិត អភិវឌ្ឍក្បាច់ទាំងប៉ុន្មានមកប្រមូលផ្ដុំ ឱ្យកើតជារឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” នេះឡើង” ដោយខ្ញុំខឹតខំសម្អិតសម្អាងក៏ដូចអភិវឌ្ឍទាំងក្បាច់រាំតាមជញ្ជាំងប្រាង្គប្រសាទ ទាំងបទចំរៀងមរតកដើម ដែលកប់បាត់អស់រយៈពេលជិត ៥០ឆ្នាំ យកមកចងក្រងកើតជាទស្សនិយភាពរឿងប្រវត្តិសាស្ត្រមួយដែលមានក្នុងសម័យអង្គរ ដើម្បីបង្ហាញវីរភាពក៏ដូចស្នាព្រះហស្ថដ៏អស្ចារនៃព្រះបាទជ័យវរ្ម័នទី៧ និងព្រះមហេសីទាំង ២អង្គ”។
មន្ត្រីចូលនិវត្តន៍ ដែលបច្ចុប្បន្នមានតួនាទីជា ទីប្រឹក្សាជំនួយការក្រសួង មានឋានៈស្មើ អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានបញ្ជាក់ថា ដើមឡើយលោកស្រីបានធ្វើស្នាដៃទី១ គឺរឿង “ព្រះនាងឥន្ទ្រទេវី និងព្រះនាងជ័យរាជទេវី” ដែលមហាជនធ្លាប់ទទួលស្គាល់រួចមកហើយ ដោយលោកស្រីមានបំណងចង់ធ្វើរឿងឱ្យមានរយៈពេលវែង ប៉ុន្តែដោយសារខ្វះធនធានមនុស្ស ខ្វះទាំងថវិកា ខ្វះទាំងឱកាស ទើបរឿងនោះមានតែរយៈពេលខ្លី។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍បញ្ជាក់ថា៖ “ខ្វះឱកាស គឺសិល្បៈករទាំងអស់គាត់រវល់ ព្រោះរឿងហ្នឹងត្រូវប្រមូលសិល្បការិនីតួសម្ដែងច្រើន ពី ១៥០ នាក់ឡើងទើបល្អ។ ឯខ្វះធនធាន គឺ សមត្ថភាពតួអង្គ ដោយតួអង្គមិនមានសមត្ថភាពស្មើគ្នា ពោលគឺ សិល្បការិនីរបាំបុរាណពីក្រសួងវប្បធម៌ ពីខាងនាយកដ្ឋានសិល្បៈ ដែលបានរៀនចប់ចេះចាំជំនាញរបាំបុរាណមានចំនួនតិច ចំណែកសិស្សរបាំ ពួកគេនៅរៀននៅឡើយ នៅខ្វះសមត្ថភាព ដែលនាំឱ្យយើងខ្វះតួសម្ដែង”។
លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍ថា ដូច្នេះហើយនៅឆ្នាំ២០១៣ លោកស្រីគ្រាន់លើកយកតែរឿង “ព្រះនាងឥន្ទ្រទេវី ជ័យរាជទេវី” ត្រង់ឈុត ស្នាព្រះហស្ដ ដែលទ្រង់បានកសាងក្នុងវិស័យសិក្សាធិការ និងសិល្បៈវប្បធម៌ ដែលការពិត ព្រះនាងជាគ្រូគ្រប់វិស័យទាំងអស់ទាំង ស្ថាបត្យកម្ម វិទ្យាសាស្ត្រជាដើម ប៉ុន្តែផ្នែករបាំបុរាណខ្ញុំមិនអាចធ្វើបាន ដោយសារត្រូវការមធ្យោបាយបច្ចេកវិទ្យាច្រើនណាស់ ដែលប៉ះពាល់ទម្រង់របាំក្បាច់បុរាណខ្មែរ។

អតីតប្រធានការិយាល័យបណ្ដុះបណ្ដាលរបាំនៃនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ មានប្រសាសន៍ថា បច្ចុបន្នលោកស្រីបានប្រមូលយុវជនតាមវិទ្យាល័យដែលមានទឹកចិត្តស្នេហាសិល្បៈវប្បធម៌ បន្ទាប់ពីបានប្រកាសជ្រើសរើស ឃើញថាយុវជនទាំងនោះបានស្ម័គ្រចិត្តចូលរួមសម្ដែងយ៉ាងផុសផុល ទោះពួកគាត់ខ្លះស្ទើរសមត្ថភាពក្ដី។
លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍ថា៖ “ទោះឱ្យពួកគាត់សម្ដែងជាតួអាមាត្យ តួនៅកៀនជញ្ជាំងអ្វីក៏ដោយ ក៏ពួកគាត់យល់ព្រម។ អ៊ីចឹង ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមានមោទនភាពក្នុងការដំឡើងស្នាដៃនេះ ដោយយកឈុតស្នាព្រះហស្ដ និងការការពារទឹកដី ជាចម្បាំង របស់ព្រះបាទជ័យវរ័្មនទី៧ ជាមួយស្ដេចចាម ដោយសង្ខេបតាមពេលវេលាមានកំណត់”។

លោកស្រី ឱម សុវណ្ណឌី មានប្រសាសន៍បញ្ជាក់ថា ល្ខោនក្បាច់បុរាណរឿង “ព្រះបាទជ័យវរ្ម័នទី២ និងព្រះនាងឥន្ទ្រទេវី” គួរតែមានតួសម្ដែង ឬសិល្បការនីរបាំបុរាណជាង ២០០រូបឯណោះ ប៉ុន្តែដោយសារខ្វះតួ ទើបមានរង្វង់តែ ១៥០ រូប ឯវង់តន្ត្រីក៏មិនទាន់គ្រប់។ យ៉ាងណាក្ដី លោកស្រីរំពឹងថា ស្នាដៃនេះជាការបើកទំព័រ និងសង្ឃឹមនៅឱកាសក្រោយ ឬអ្នកជំនាន់ក្រោយ នឹងរៀបឱ្យកាន់តែល្អ និងគ្រប់លក្ខណៈ។

គួរបញ្ជាក់ថា មកដល់ពេលនេះ សំបុត្រទស្សនា ល្ខោនក្បាច់បុរាណរឿង “ព្រះបាទជ័យវរ្ម័នទី២ និងព្រះនាងឥន្ទ្រទេវី” នៅចុងសប្ដាហ៍នេះ ត្រូវបានមហាជនជាវលក់អស់ទៅហើយ។ កន្លងមក លោកស្រី ឱម យុវណ្ណឌី ធ្លាប់ដំឡើង និងដឹកនាំ ទស្សនីយភាពខ្នាតធំជាច្រើន មានដូចជារឿង ហ្លួងព្រះស្ដេចកន រឿង ប្រវត្តភ្នំដូនពេញ បង្ហាញស្នាដៃកសាងរាជធានីភ្នំពេញ របស់ដូនពេញ និងព្រះបាទពញាយ៉ាត របាំ ទេវៈស្រីសួគ៌ របាំ ទេពនិករកន្សែង ក៏ដូចជារបាំក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិធំៗ ក្នុងទទួលភ្ញៀវអន្តរជាតិធំៗ បុណ្យឯករាជ្យជាតិ បុណ្យចូលទីវង្គត់របស់ព្រះករុណា បុណ្យឡើងគ្រងរាជព្រះមហាក្សត្រ បុណ្យថ្វាយព្រះពរចម្រើនព្រះជន្មជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ