វប្បធម៌ ជំនឿ
អាជ្ញាធរអប្សរា ពេញចិត្តការអនុវត្តច្បាប់ លើបុរសវៀតណាម ផលិតមាតិកាមិនសមរម្យ នៅអង្គរ
ថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា ពេញចិត្តចំពោះចំណាត់ការ ការអនុវត្តផ្លូវច្បាប់ លើបុរសជនជាតិវៀតណាម ដែលបានផលិត វីដេអូ មាតិកាមិនសមរម្យ នៅប្រាសាទអង្គរវត្ត កាលពីចុងឆ្នាំ២០២៣។ ការលើកឡើងនេះ បន្ទាប់ពី នាយកដ្ឋានព័ត៌មាន និងសារគមនាគមន៍ទីក្រុងហូជីមិញ នាពេលថ្មីៗនេះ បានចេញសេចក្តីសម្រេចពិន័យម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh ជាទឹកប្រាក់ចំនួន ៧,៥លានដុង (ខ្ទង់ ៣០០ដុល្លារ) ពីបទផ្តល់ព័ត៌មានមិនពិត បំភ្លៃ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ ទីភ្នាក់ងារ អង្គការ និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល តាមអនុក្រឹត្យលេខ ១៥/២០២០ របស់រដ្ឋាភិបាលវៀតណាម។

លោក ឡុង កុសល អគ្គនាយរង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នេះថា ការពិន័យខាងលើ បានបង្ហាញពីការទទួលខុសត្រូវទៅលើផ្នែកច្បាប់ ចំពោះរឿងចំនួនទឹកប្រាក់ពិន័យ មិនមែនជាចំណុចសំខាន់ទេ អ្វីដែលសំខាន់ គឺខាងភាគីអាជ្ញាធរវៀតណាម បានបង្ហាញពីចំណាត់ការថា ទង្វើណាធ្វើឱ្យប៉ះពាល់កិត្តិយស ឬវប្បធម៌របស់ជាតិសាសន៍ដទៃ នេះគឺជាចំណុចល្អ។

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “ខ្ញុំយល់ឃើញថា ការអនុវត្តនេះ អាចយកធ្វើជាគំរូ ជាមេរៀនដល់អ្នកផ្សេងទៀតទៅអនាគត កុំឱ្យអ្នកបង្ហោះចេះតែបង្ហោះ ដោយមិនដឹងការបង្ហោះរបស់ខ្លួនបង្កចលាចល ឬភាពប៉ះពាល់ ដោយគ្មានភាពសច្ចៈ គ្មានភាពស្មោះត្រង់ ក្នុងន័យញោះញុង បន្តុះបង្អាប់ដោយប្រការណាមួយ។ ខ្ញុំយល់ឃើញថា ការពិន័យនេះជារឿងដែលល្អ ប៉ុន្តែចំនួនទឹកប្រាក់ពិន័យ មិនសំខាន់ទេ អ្វីដែលសំខាន់ គឺការគោរព ការប្រតិបត្តិ ការអនុវត្តច្បាប់”។

ចំពោះទស្សនមហាជនមួយចំនួនលើកឡើងថា គួរមិនឱ្យពួកគេចូលមកកម្ពុជា ឬតំបន់អង្គរ ជាថ្មី នោះ លោក ឡុង កុសល មិនវិនិច្ឆ័យទេ លោកបញ្ជាក់ថា អ្វីដែលសំខាន់ គឺផ្នែកលើគោលការណ៍ច្បាប់។ លោក ឡុង កុសល បញ្ជាក់ថា តំបន់អង្គរមានទំហំធំ ប៉ុន្តែទោះជាយ៉ាងណា ក្រុមការងារនៅតែខិតខំប្រឹងប្រែង បន្ត និងបង្កើនការយកចិត្តទុកដាក់ ដើម្បីបញ្ចៀសបញ្ហាណាមួយជាយថាហេតុបន្តទៀត។

គួរបញ្ជាក់ថា នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៤ នេះ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង នៃទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខអ៊ីនធឺណិត និងបង្ការត្រួតពិនិត្យឧក្រិដ្ឋកម្មបច្ចេកវិទ្យា នៃប៉ូលីសទីក្រុងហូជីមិញ ដើម្បីធ្វើការជាមួយម្ចាស់គណនី TikTok ឈ្មោះ Hua Quoc Anh ទាក់ទងនឹងករណីបង្ហោះវីដេអូឃ្លីបប្រាសាទអង្គរវត្ត កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣។ ជាមួយនឹងការពិន័យប្រាក់ ជាង ៣០០ ដុល្លារនេះ អាជ្ញាធរបានស្នើឱ្យ ម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh ថ្ងៃមុខ ថ្ងៃក្រោយ ត្រូវសិក្សាឱ្យបានហ្មត់ចត់ គោរពតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនៃការប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម។

គួររម្លឹកថា កាលលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី TikTok ជនជាតិវៀតណាមខាងលើ បានបង្ហោះវីដេអូប្រវែងជាង ១នាទី នៅប្រាសាទអង្គរវត្ត ដោយមាននារីម្នាក់ស្លៀកឈុតប្រពៃណីខ្មែរច្នៃ ហើយកាន់ឈើច្រត់ក្បាលនាគខ្មែរ ដើរជុំវិញប្រាសាទ។ វីដេអូនេះក៏មានបញ្ចូលរូបភាពទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេងថា «សួស្ដីប្រទេសថៃ!» នៅលើគណនី TikTok ឯកជនរបស់ខ្លួន ដែលមានអ្នកតាមដានប្រហែល ៧០០ ពាន់នាក់។

នៅថ្ងៃទី១២ ខែវិច្ឆិកា អាជ្ញាធរអប្សរា បានវាយតម្លៃថា វីដេអូនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបានស្នើសុំឱ្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លុបវីដេអូនោះចេញ និងបានជំរុញអ្នកប្រើអ៉ីនធឺណិតឈប់បន្តការចែករំលែកវីដេអូដែលមាន «មាតិកាមិនសមរម្យ» នេះ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួន និងបានលុបឃ្លីបវីដេអូ រួចផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


