វប្បធម៌ ជំនឿ
ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១
“ខ្ញុំតែងតែប្រាប់ខ្លួនឯងថា របាំបុរាណមិនអាចចិញ្ចឹមខ្ញុំឱ្យមានចំណូល ឬក៏ក្លាយជាអ្នកមានទេ តែរបាំបុរាណធ្វើឱ្យខ្ញុំជាមនុស្សមានតម្លៃ មានតម្លៃនៅក្នុងសង្គម អាចឱ្យខ្ញុំជាផ្នែកមួយដែលជួយសង្គម និងប្រទេសជាតិ ផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់ពីប្រទេសយើង ទោះខ្ញុំជាចំណែកតូចមួយក៏ដោយ…” ជាសម្ដីរបស់ នាដកា តួអង្គនាងនាគ ដែលមហាជនកំពុងចាប់អារម្មណ៍ខ្លាំង ខណៈនាងបានរាំពត់ពេនរបាំក្បាច់បុរាណយ៉ាងល្វតល្វន់នៅលើអាកាស ចុះមកសំពៅព្រះថោង យ៉ាងស្វាហាប់ ក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ ស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះលើកទី១ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
តើនាដការបាំក្បាច់បុរាណរូបនេះមាន ស្ថានភាពគ្រួសារ ការសិក្សា ការងារ បទពិសោធន៍ និងបំណងប្រាថ្នាទៅអនាគតដូចម្ដេច? កម្ពុជាថ្មី នឹងស្រាយរាល់ចម្ងល់ទាំងអស់នេះជូនប្រិយមិត្តដូចតទៅ៖
ស្ថានភាពគ្រួសារ៖
ឆ្លើយដោយសម្ដីទន់ភ្លន់ តែម៉ឺងម៉ាត់ និងរាបសារ នាដការ និងជាគ្រូបង្ហាត់របាំបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ ច័ន្ទ ស្រីលក្ខណ៍ បានឱ្យ កម្ពុជាថ្មី ដឹងថា នេះជាលើកទី១ ដែលអ្នកគ្រូព្រមផ្ដល់សម្ភាស និងបង្ហាញពីជីវប្រវត្តិដល់សារព័ត៌មាន។ ស្រីលក្ខណ៍ លើកឡើងថា នាងកើតនៅរាជធានីភ្នំពេញ មិនមានសាច់ញាតិជាអ្នកសិល្បៈបុរាណទេ ដោយឪពុករបស់នាងឈ្មោះ ច័ន្ទ ផល្លា ជាអ្នកកាសែត បកប្រែភាសាថៃ ចំណែកម្តាយឈ្មោះ នួន រ៉ាវី ជាជាងកាត់ដេរ។ នាងមានបងប្អូន ២នាក់ នាងជាកូនច្បង។
នាដកា ច័ន្ទ ស្រីលក្ខណ៍ បានរំលឹកថា៖ “ខ្ញុំស្រឡាញ់របាំបុរាណតាំងពីតូច អាយុ ៤ ៥ឆ្នាំ ពេលមើលទូរទស្សន៍ឃើញការសម្ដែងរបាំ ហើយទៅប្រាប់ម៉ាក់ ថាខ្ញុំស្រឡាញ់ និងចង់រៀនរបាំបុរាណ។ ប៉ាម៉ាក់ខ្ញុំស្រឡាញ់សិល្បៈបុរាណដែរ ដល់តែកូនស្រឡាញ់ គាត់អត់ហាមឃាត់អីទេ គាត់ថាកូនស្រឡាញ់អី គាត់គាំទ្រកូនដែរ”។
ការសិក្សា៖
នាដកា ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងថា ពេលនាងមានគ្រប់អាយុចូលរៀន ម្ដាយនាងបាននាំទៅចុះឈ្មោះចូលរៀននៅសាលារបាំ ប៉ុន្តែសាលារបាំទទួលសិស្សចាប់ពីរៀនថ្នាក់ទី៤ ឡើងទៅ។ ដូចនេះនាងទៅរៀនសាលាចំណេះទូទៅសិន ទាល់តែចប់ថ្នាក់ទី៣ ពេលមានអាយុ ៩ ឬ ១០ឆ្នាំ ទើបនាងចូលរៀនថ្នាក់ទី៤ នៅសាលាវិចិត្រសិល្បៈ ក្នុងឆ្នាំ២០០៦។
កូនស្រីច្បងរូបនេះ បានរំលឹកការហាត់របាំក្បាច់បុរាណពីកុមារភាពថា អ្នកផ្ទះគាត់គាំទ្រការសិក្សាជំនាញនេះ ពិសេសម្ដាយរបស់អ្នកគ្រូ ដោយមុនទៅរៀន ពេលព្រឹក ម៉ោង៥ ម្ដាយតែដាស់ឱ្យហាត់ពត់ដៃពត់ជើងដូចរៀននៅសាលា រួចហើយបានងូតទឹករៀបចំខ្លួន ហើយម្ដាយជូនទៅសាលារបាំ។
នាដការ ច័ន្ទ ស្រីលក្ខណ៍ លើកឡើងថា៖ “ពេលព្រឹកយើងហាត់របាំ ពេលថ្ងៃយើងរៀនអក្សរ។ សម្រាប់ការចូលរៀនដំបូង ផ្នែករបាំបុរាណ បញ្ហាដូចជាមិនមានអ្វីច្រើនទេ គ្រាន់តែថា យើងជាក្មេងម្នាក់មិនដែលបានពត់ដៃពត់ជើងសោះ ដល់ពេលមកពត់ដៃពត់ជើង គឺឈឺដៃឈឺជើង ប៉ុន្តែខ្ញុំអាចទ្រាំបាន គ្រាន់តែស្រែកឈឺ មកផ្ទះប្រាប់ម៉ាក់ថាឈឺអ៊ីចឹង។ ប៉ុន្តែបើឱ្យខ្ញុំមានចិត្តរារែក ឬក៏ចង់ឈប់ ឬលែងចង់ហាត់អី គឺអត់ទេ នៅតែចង់ហាត់ ខ្ញុំនៅតែស្រឡាញ់ ខ្ញុំនៅតែព្យាយាមហាត់ជារៀងរាល់ថ្ងៃរហូតដល់បានរៀនចប់ ព្រោះដោយសារក្ដីស្រឡាញ់ជំនាញហ្នឹងរបស់ខ្ញុំ ទើបការឈឺចាប់ទាំងប៉ុន្មានអាចនឹងលុបអស់”។
នាដកា ស្រីលក្ខណ៍ បានឱ្យដឹងថា ពេលនៅរៀន មានអ្នករួមថ្នាក់ជាច្រើនបានឈប់ពាក់កណ្ដាលទី ឬចូលបានប៉ុន្មានខែក៏ឈប់ ប៉ុន្តែសម្រាប់ អ្នកគ្រូ លក្ខណ៍ មិនមានចិត្តរារែកចង់ឈប់ទេ គឺខ្លាចតែម្ដាយឪពុកឱ្យឈប់វិញ។ អ្នកគ្រូលើកឡើងថា ជាសំណាងមួយ ដែលម្ដាយឪពុកអ្នកគ្រូអត់ដែលរារាំង ឬចង់ឱ្យឈប់ទេ មានតែលើកទឹកចិត្ត ហើយគាំទ្រកូនពីក្រោយរហូត។ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញរបាំក្បាច់បុរាណ ពីសាលាមធ្យមសិល្បៈ នៅឆ្នាំ២០១៤ នាដកា ច័ន្ទ ស្រីលក្ខណ៍ មិនបានបន្តការសិក្សាទៅសាកលវិទ្យាល័យវិចិត្រសិល្បៈទេ គឺបានបន្តការសិក្សានូវជំនាញផ្សេង នៅសាកលវិទ្យាល័យផ្សេង។
ការងារ៖
នៅឆ្នាំ២០១៦ នាដកា ច័ន្ទ ស្រីលក្ខណ៍ បានប្រឡងជាប់ចូលបំពេញការងារក្របខណ្ឌ ជាមន្ត្រីរាជការ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បន្ទាប់មក ឆ្នាំ២០១៨ អ្នកនាង ស្រីលក្ខណ៍ បានផ្ទេរឈ្មោះមកបំពេញការងារនៅ សាលាមធ្យមវិចិត្រសិល្បៈ ក្រោមឱវាទក្រសួងវប្បធម៌ដូចគ្នា ដោយសារនៅជិតផ្ទះ ហើយបានបង្រៀនសិស្ស។
ចំពោះការងារបង្ហាត់បង្រៀនសិស្សផ្នែករបាំបុរាណ អ្នកគ្រូ ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងថា មិនពិបាក ហើយក៏មិនស្រួល គឺអាស្រ័យតាមនិស្ស័យសិស្ស ដោយក្មេងខ្លះមាននិស្ស័យផ្នែកសិល្បៈ នាំឱ្យគេងាយយល់ ងាយចាប់បាន ឆាប់ចេះ បើក្មេងខ្លះមិនសូវមាននិស្ស័យ គឺពិបាកក្នុងការឱ្យគាត់ឆាប់ចេះចាំក្បាច់របាំ។
អ្នកគ្រូ ច័ន្ទ ស្រីលក្ខណ៍ មានបញ្ជាក់ថា៖ “សម្រាប់ក្មេងដែលអត់សូវមាននិស្ស័យក្នុងផ្នែកសិល្បៈ យើងព្យាយាមពន្យល់ ក្បាច់លម្អិតមួយៗ ប៉ុន្ដែអ្នកដែលអត់មាននិស្ស័យ ខ្លាចថាគាត់ងាយនឹងបោះបង់ការព្យាយាម។ ឧទាហរណ៍ដូចជាខ្ញុំស្រាប់ កាលពីតូច ខ្ញុំស្រឡាញ់ ខ្ញុំចង់រាំរបាំ ចង់ផ្នែកហ្នឹងតែម្ដង អ៊ីចឹងខ្ញុំអត់ដែលមានអារម្មណ៍ថា ចង់បោះបង់ទេ តែសម្រាប់ក្មេងដែលគាត់អត់សូវមាននិស្ស័យ គាត់អត់ស្រឡាញ់ អាចនឹងមានអារម្មណ៍ថា ងាយនឹងឆាប់បោះបង់ដោយសារ របាំបុរាណចំណាយពេលហាត់យូរ ពត់ដៃពត់ជើង ឈឺដៃឈឺជើង ដូច្នេះបើសិនជាគាត់មិនសូវមានការស្រឡាញ់ មិនមានឧបនិស្ស័យក្នុងរបាំហ្នឹង អាចនឹងគាត់ងាយបោះបង់ ងាយនឹងធុញ”។
បទពិសោធន៍៖
នាដការបាំក្បាច់បុរាណ វ័យ ២៨ឆ្នាំ រូបនេះ បានឱ្យដឹងថា ខ្លួនចេះរាំរបាំ និងល្ខោនក្បាច់បុរាណជាច្រើន និងធ្លាប់ចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ធំៗថ្នាក់ជាតិ និងអន្តរជាតិ។
នាដកា ច័ន្ទ ស្រីលក្ខណ៍ លើកឡើងថា៖ “ខ្ញុំចេះច្រើន ដោយសារកាលនៅរៀនថ្នាក់ទី៧ ទី៨ ខ្ញុំបានចេញរាំហើយ គ្រាន់តែរាំរបាំកូនក្មេង។ ក្រោយថ្នាក់ទី៨ ខ្ញុំរាំជាមួយរៀមច្បងបានដោយសារខ្ញុំខ្ពស់ អ៊ីចឹងបទពិសោធន៍ការសម្ដែងក្នុងស្រុក និងក្រៅស្រុកដូចជាបណ្ដាប្រទេសអាស៊ាន និងប្រទេសតំបន់អឺរ៉ុបមួយចំនួន”។
នាដកា ស្រីលក្ខណ៍ បានឱ្យដឹងបន្តថា៖ “ព្រឹត្តិការណ៍ថ្នាក់ជាតិមានដូចជា អង្គរសង្ក្រាន្ត បុណ្យទន្លេ បុណ្យសមុទ្រ ទទួលគណៈប្រតិភូបរទេសនានាដែលអញ្ជើញមកបំពេញបេសសកម្មនៅកម្ពុជា រាំក្នុងព្រះបរមព្រះរាជវាំង កិច្ចប្រជុំអាស៊ាន កម្មវិធីយកទង់ស៊ីហ្គេមពីប្រទេសវៀតណាម ពិធីបើកបិទព្រឹត្តិការណ៍អាស៊ាន និងព្រឹត្តិការណ៍ធំៗផ្សេងទៀត…”។
បំណងប្រាថ្នាអនាគត៖
នាដកា ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងថា នៅថ្ងៃអនាគត ខ្លួនចង់ចែករំលែងបទពិសោធន៍ ចំណេះដឹង ផ្នែករបាំបុរាណដែលខ្លួនមាន និងបានខិតខំសិក្សាតាំងពីតូច ជូនដល់ប្អូនៗជំនានក្រោយដែលស្រឡាញ់ និងចង់សិក្សា ឈ្វេងងយល់ជំនាញនេះ។
ចំពោះការយល់ឃើញថា អ្នករបាំបុរាណរៀនយូរ ចំណាយពេលរាប់ឆ្នាំ ហើយពិបាករកចំណូល នាដកា ច័ន្ទ ស្រីលក្ខណ៍ លើកឡើងថា នេះជាការយល់ឃើញមួយ ហើយនាងក៏ជួបផ្ទាល់ដែរ ដោយ នាដកា ស្រីលក្ខណ៍ លើកឡើងថា៖ “ព្រោះដោយសារការហាត់រៀនរាប់ឆ្នាំទម្រាំមានបទពិសោធន៍ ទម្រាំបានចេញសម្ដែង ប៉ុន្តែសម្រាប់ចំណូល។ បើឱ្យខ្ញុំគិតថា ខ្ញុំធ្វើសិល្បៈ ខ្ញុំរាំរបាំ ខ្ញុំចូលផ្នែកហ្នឹងដើម្បីជាការរកចំណូល គឺខ្ញុំអត់ដែលគិតអ៊ីចឹងទេ។ ខ្ញុំចូលផ្នែកហ្នឹង រៀនផ្នែកហ្នឹង គឺដោយចិត្តខ្ញុំស្រឡាញ់ ខ្ញុំចូលចិត្ត ចង់រៀន ចង់ថែរក្សា ចង់ចែករំលែកទៅកាន់ប្អូនៗជំនាន់ក្រោយ ចង់ផ្សព្វផ្សាយដល់ពិភពលោក។ តាំងពីចូលរៀនពីតូចដល់ធំ ខ្ញុំអត់ដែលមានផ្នត់គំនិតមួយ ខ្ញុំចូលរៀនផ្នែករបាំបុរាណ ឬផ្នែកសិល្បៈបុរាណហ្នឹងដើម្បីយកជាចំណូលមកចិញ្ចឹមខ្លួនទេ”។
គួរបញ្ជាក់ថា នាដកា ច័ន្ទ ស្រីលក្ខណ៍ បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៦ ជាមួយ លោក ឈ្មោះ ឈិត ចាន់វាសនា ជាគ្រូពេទ្យបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែត ទទួលបានកូនស្រីម្នាក់ឈ្មោះ ឈិតច័ន្ទ ចរិយា បច្ចុប្បន្នមានអាយុ ៧ឆ្នាំ រៀនថ្នាក់ទី១។ ស្វាមីមិនដែលឱ្យ អ្នកគ្រូ ស្រីលក្ខណ៍ ឈប់ពីការងារសិល្បៈ ឬឈប់បង្រៀនរបាំក្បាច់បុរាណទេ។ សម្រាប់ព្រឹត្តិការណ៍បិទស៊ីហ្គេម នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នាដកា ច័ន្ទ ស្រីលក្ខណ៍ នឹងរាំក្នុងចម្រៀងបទ “See you again” ដោយនាងសម្ដែងជាតួ នារីកម្ពុជា ក្នុងចំណោមនារីអាស៊ានទាំង ១១ប្រទេស។
គួររម្លឹកថា របាំព្រះរាជទ្រព្យ គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការសម្តែងក្នុងអំឡុងសតវត្សរ៍ទី៣ នៃ គ្រិស្ដសករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុមភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ។
របាំព្រះរាជទ្រព្យ ជារបាំប្រចាំព្រះរាជាណាចក្រកម្ពុជា មានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ មានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ មើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ”។
របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក នៃមរតកវប្បធម៌អរូបីយតំណាងឱ្យមនុស្សជាតិ របស់អង្គការ UNESCO នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣៕
សូមចុចទស្សនាវីដេអូ៖ ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១
អត្ថបទ៖ ច័ន្ទ វីរៈ
ព័ត៌មានពាក់ព័ន្ធ៖ មកដឹងអារម្មណ៍ពិតរបស់ តួនាងនាគ ពេលយោងឡើងខ្ពស់ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានជាតិ២២ ម៉ោង ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ព្រមានឲ្យខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ត្រូវប្រយ័ត្នគ្រោះទឹកជំនន់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី