Connect with us

ព័ត៌មានជាតិ

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

បានផុស

នៅ

បន្ទាប់​ពី​កិច្ច​ប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បាន​ចាត់វិធានការបង្រ្កាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​នៅ​ក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បោស​សម្អាត​បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ៤៥ទីតាំង/ករណី ដែល ចំនួន​នេះ​បាន​កើន​បន្ថែម​ចំនួន២៥​ទីតាំង​បើ​ធៀប​នឹង​ចំនួន​សរុប​ កាលពីថ្ងៃទី១៧ ខែកក្កដា បាន​បង្ហាញ​ពី​សន្ទុះ​នៃ​យុទ្ធនាការ​ចុះបង្រ្កាបតាមទីតាំងសង្ស័យ។

២-ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ៧០២នាក់(ស្រី ៩៧នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) បង់ក្លាដេស ៧០នាក់(ស្រី ២៧នាក) ប៉ាគីស្ថាន ៤២នាក់(ស្រី ៣នាក់) និងជនជាតិផ្សេងៗទៀតរួមមាន ថៃ ឡាវ ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់ម៉ាជាដើម។ សូមបញ្ជាក់ជូនថា រយៈពេលពីរថ្ងៃចុងក្រោយ យុទ្ធនាការ​បោសសម្អាតអំពើឆបោកតាមអនឡាញ បានរកឃើញជនបរទេសដែលបានចូលមកកម្ពុជា​ដើម្បីធ្វើសកម្មភាពល្មើសច្បាប់Online Scam មានចំនួនដល់ទៅ ជិត១០០នាក់។

៣-ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹង-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀនអាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។

៤-ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំ​បញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម