Connect with us

សេដ្ឋកិច្ច

​រដ្ឋាភិបាល​កំពុង​ជំរុញ​ទិសដៅ​បន្ទាប់ ក្នុង​ការ​អភិវឌ្ឍ​​វិស័យ​ដំឡូងមី​

បានផុស

នៅ

លោក អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៦ ​ខែតុលា ​ឆ្នាំ ២០២៥ បានដឹក​នាំ​កិច្ចប្រជុំ ដើម្បីពិភាក្សា និងផ្តល់យោបល់ទៅលើឯកសារចំនួន ២ ទី ១ វឌ្ឍនភាព និងសូចនាករពីក្រសួង ស្ថាប័ន​ពាក់ព័ន្ធដែលមាន​ចែងនៅក្នុងគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ និងទី ២ សេចក្ដីព្រាងរបាយការណ៍វាយតម្លៃចុង​អាណត្តិនៃការអនុវត្តគោល​នយោ​បាយនេះផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គោលនយោបាយជាតិស្ដីពីដំឡូងមី បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុង​សម័យប្រជុំពេញ​អង្គនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ និងបានប្រកាស​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។​

ក្នុងឆ្នាំ២០២៥ គឺជាឆ្នាំចុងអាណិត្តនៃការអនុវត្តគោលនយោបាយជាតិនេះ ដែលក្រ​សួងពាណិជ្ជកម្មក្នុងនាមជាប្រធានក្រុមការងារអន្តរស្ថាប័ននេះ ដែលមានភារកិច្ចសម្រប​សម្រួល​ជាមួយអន្ដរក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងរៀបចំការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ​ប្រសិទ្ធ​ភាពនៃការអនុវត្តគោលនយោបាយជាតិនេះ ក្នុងគោលបំណងរៀប​ចំរបាយ​ការណ៍លទ្ធផល និង​សេចក្តីសន្និដ្ឋានរួម និងដាក់ជូនក្រុមការងារអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យលទ្ធភាព​រៀបចំ​យន្តការ និងទិសដៅបន្ទាប់ក្នុងការបន្តជំរុញអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា។​

​លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ថា ​ការអនុវត្តគោល​នយោ​បាយជាតិដំឡូងមីនៅ​មិនទាន់បានល្អនៅឡើយ ​ដោយសារដំឡូងមីអត់មានស្ថិរភាព ​ការពន្យល់​ណែនាំ​ឱ្យ​កសិករ​ដាំដុះមិនទាន់បានសមស្រប ​ខណៈការអនុវត្តលើការនាំចេញទទួល​បានផលល្អ ​ព្រោះ​យើង​បាន​បង្វិល​ទៅ​វៀតណាម ​និង​មាន​រោងចក្រ​នៅ​ក្នុង​ស្រុក​។

​លោក អិល ឈិញ បន្ថែមថា ការនាំចេញដំឡូងមីនៅរដូវប្រមូលផលឆ្នាំនេះ អាចនឹងមានឧសគ្គ​ខ្លះដោយសារ​ថៃបិទ​ច្រក​ព្រំដែន ខណៈយើងពឹងផ្អែកច្រកទៅវៀតណាម និងកែច្នៃក្នុងស្រុក។

​បច្ចុប្បន្ន ​តម្លៃទីផ្សារដំឡូងមី​កើនឡើងបន្តិច ដោយទទួលបាន ២៥០-២៨០ រៀល ក្នុងមួយគីឡូក្រាម ហើយនៅតំបន់ប៉ែកខាងជើង ត្រឹម ២២០ រៀល ក្នុងមួយគីឡូក្រាម ខណៈដំឡូងមីស្ងួតតម្លៃល្អពី ៥០០ រៀល ដល់ ៧០០ រៀល ក្នុងមួយគីឡូក្រាម។

​យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ការ​នាំចេញ​ដំឡូងមី​របស់​កម្ពុជា ​សម្រេច​បាន​ជាង​ ៣,៤ ​លាន​តោន​ នៅ​ក្នុង​រយៈពេល​ ៩ ខែ ឆ្នាំ ២០២៥ ក្នុងនោះដំឡូងមីស្រស់មានចំនួន ២,០៥ លានតោន ធ្លាក់ចុះ ១៦,៥៧% ​ខណៈ​ចំណិត​ដំឡូងមី​ក្រៀម​បាន​ចំនួន ១,៣៥ លាន​តោន កើនឡើង ៥៧,៦២%។​

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិត​ផល​ដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

​លោក ងិន ឆាយ បន្ថែមថា៖ «ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ ការនាំចេញដំឡូងមីក្រៀម​កើនឡើង​ចំនួន ៥៧,៦២% និងម្សៅដំឡូងមីកើនឡើងចំនួន ៨៣,៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤»។

នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិត​ដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន គិតជាទឹក​ប្រាក់ប្រមាណ ៧២៨ លានដុល្លារ។​

​កម្ពុជា​ជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើ​ពិភព​​​លោក ដែលមានផ្ទៃ​ដីដាំដុះដំឡូង​មីប្រ​មាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម