ព័ត៌មានអន្ដរជាតិ
ហេតុអ្វីតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ? តើរដ្ឋាភិបាលប្រទេសនាំចេញធំៗចាត់វិធានការបែបណា?
តម្លៃអង្ករអន្តរជាតិឆ្នាំនេះ បានធ្លាក់ជាគំហុក ក្រោម ៤០០ ដុល្លារ/តោន ធៀបនឹងតម្លៃឆ្នាំ ២០២៤ និង ២០២៣ ដែលតម្លៃអង្កររបស់ប្រទេសនាំចេញធំៗមួយចំនួនដូចជាវៀតណាម និងថៃ បានកើនឡើងរហូតដល់ជាង ៦០០ ដុល្លារ/តោន។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៧ ខែតុលា អង្ករបាក់ ៥% របស់ប្រទេសថៃ បានធ្លាក់ចុះមកត្រឹម ៣៣៥-៣៤០ ដុល្លារ/តោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១៨ ឆ្នាំ រាប់ចាប់តាំងពីខែតុលា ឆ្នាំ២០០៧។
អង្ករបាក់ ៥% របស់ ឥណ្ឌា មានតម្លៃចន្លោះពី ៣៤០-៣៤៥ ដុល្លារ/តោន ដែលជាកម្រិតទាបបំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៦។ ទន្ទឹមនឹងនេះ អង្ករបាក់ ៥% របស់វៀតណាមឯណោះវិញ បានធ្លាក់ចុះមកត្រឹម ៤២០-៤៣៥ ដុល្លារ/តោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិត២ខែ។ យ៉ាងណាមិញ តម្លៃអង្ករវៀតណាមបានធ្លាក់ចុះទាបរហូតដល់ក្រោម ៤០០ ដុល្លារ/តោន កាលពីដើមឆ្នាំ។
ហេតុអ្វីបានជាតម្លៃអង្ករអន្តរជាតិធ្លាក់ចុះគំហុកជាបន្តបន្ទាប់យ៉ាងដូច្នេះ នៅឆ្នាំ ២០២៥ នេះ?

១. កម្សោយតម្រូវការសកល និងការបិទការនាំចូលរបស់ប្រទេសធំៗ៖ នេះគឺជាកត្តាចម្បងដែលធ្វើឱ្យតម្លៃស្រូវអង្ករពិភពលោកធ្លាក់ចុះ។ អ្នកជំនាញទីផ្សារបានប្រាប់រ៉យទ័រកាលពីខែតុលាថា តម្រូវការពីប្រទេសទិញធំៗនៅអាហ្វ្រិក និងអាស៊ី នៅតែខ្សោយ ចំពេលឈ្មួញនៃប្រទេសមួយចំនួនរងចាំឱ្យតម្លៃអង្ករធ្លាក់ចុះបន្ថែមទៀត ស្របពេលដែលប្រទេសទិញធំៗរឹតត្បឹតការនាំចូល។
ឥណ្ឌូណេស៊ីបានប្រកាសផ្អាកការនាំចូលនៅឆ្នាំនេះ ដោយលើកឡើងថា ប្រទេសអាចផ្គត់ផ្គង់ស្បៀងដោយខ្លួនឯង តាមរយៈការបង្កើនផលិតកម្មក្នុងស្រុក ចំពេលដែលលក្ខខណ្ឌអាកាសធាតុឆ្នាំនេះអំណោយផល ដោយមានភ្លៀងធ្លាក់ច្រើន។ កាលពីដើមខែមេសា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា ប្រទេសនឹងមិននាំចូលអង្កររហូតទាល់ចប់ឆ្នាំ ២០២៥។
ចំពេលដែលស្ថានភាពយ៉ាប់យឺនស្រាប់ហើយ ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតរបស់ពិភពលោក កាលពីខែសីហា បានប្រកាសបិទការនាំចូលអង្ករទាំងស្រុងរយៈពេល ៦០ ថ្ងៃ ដើម្បីរក្សាស្ថិរភាពតម្លៃអង្ករក្នុងស្រុក ដែលជាផ្នែកមួយនៃការជួយកសិកររបស់ខ្លួន ដោយចាប់ផ្ដើមពីថ្ងៃទី ១ កញ្ញា។ យ៉ាងណាមិញ កាលពីខែតុលា រដ្ឋាភិបាលហ្វីលីពីនបានប្រកាសជាថ្មី លើការបន្តបិទការនាំចូលដល់ខែមេសា ឆ្នាំក្រោយ ដោយបើកតែនៅខែមករាប៉ុណ្ណោះ។
ការបិទការនាំចូលអង្ករពីប្រទេសទិញសំខាន់ៗបែបនេះ កំពុងបង្កក្ដីបារម្ភពីប្រទេសនាំចេញសំខាន់ៗ រួមទាំងថៃ និងវៀតណាម ថាតម្លៃអង្ករអន្តរជាតិនឹងបន្តធ្លាក់ចុះបន្ថែមទៀត។
២. កំណើនការផ្គត់ផ្កង់៖ ចំពេលលក្ខខណ្ឌអាកាសធាតុមានអំណោយផល បណ្ដាប្រទេសផ្សេងៗបានបង្កើនផលិតកម្ម។ ក្រៅពីតែពីឥណ្ឌា ថៃ និងវៀតណាម ប្រទេសផ្សេងទៀតដូចជា អេហ្ស៊ីប ហ្គីយ៉ាណា ជប៉ុន និងវេណេហ្ស៊ុយអេឡា ក៏រួមចំណែកកាន់តែខ្លាំងសម្រាប់ផលិតកម្មស្រូវអង្ករផងដែរ ដែលនេះមានន័យថា ការផ្គត់ផ្គង់កាន់តែច្រើនសម្រាប់ទីផ្សារ។

មែនទែនទៅ ការផ្គត់ផ្គង់ក៏កើនឡើងផងដែរ ក្រោយឥណ្ឌា ដែលជាប្រទេសនាំចេញដ៏ធំបំផុតលើពិភពលោក បានបើកការនាំចេញអង្ករឡើងវិញកាលពីឆ្នាំ ២០២៤ ក្រោយបិទនៅខែកក្កដា ឆ្នាំ ២០២៣ ក្រោមកង្វល់អតិផរណា ពាក់ព័ន្ធនឹងកំណើនតម្លៃស្បៀងអាហារ ដោយសារតែគ្រោះរាំងស្ងួត។
តើបណ្ដាប្រទេសនាំចេញធំៗក្នុងតំបន់ បានចាត់វិធានការបែបណាដើម្បីដោះស្រាយបញ្ហាស្រូវអង្ករធ្លាក់ថ្លៃ?

កាលពីថ្ងៃទី ៣០ ខែតុលា កន្លងទៅ ពោលគឺនៅខាងក្រៅកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) រដ្ឋាភិបាលវៀតណាម និងសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មអង្ករ ដែលនឹងបើកផ្លូវឱ្យវៀតណាមនាំចេញអង្ករដោយ «គ្មានការរារាំង» ទៅកាន់ប្រទេសសិង្ហបុរី ក្នុងបរិមាណ និងលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។
អំឡុងកិច្ចប្រជុំដូចគ្នាថ្ងៃទី ៣១ តុលា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុន ឯណោះវិញ បានរំឭកដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឱ្យបន្តធ្វើការលើកិច្ចព្រមព្រៀងទិញអង្ករថៃចំនួន ៥០០ ០០០ តោន ដោយថៃនៅតែសម្លឹងឃើញចិនជាទីផ្សារសំខាន់ ដែលប្រើប្រាស់អង្ករប្រមាណ ១៥០ លានតោន ក្នុង១ឆ្នាំៗ។
បើមែនទែនទៅ សកម្មភាពរបស់រដ្ឋាភិបាលវៀតណាម និងថៃ បង្ហាញពីការចាប់យកទីផ្សារសម្រាប់ស្រូវអង្ករនាំចេញរបស់ខ្លួន។ កន្លងមក រដ្ឋាភិបាល និងអ្នកជំនាញវៀតណាម បានជំរុញលើការធ្វើពិពិធកម្មទីផ្សារ ជាជាងការពឹងផ្អែកលើអតិថិជនតាមប្រពៃណីដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ី ដោយងាកទៅកាន់ទីផ្សារដែលមានកំណើនតម្រូវការផ្សេងៗ ដូចជាអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ីបូព៌ា អាស៊ីខាងត្បូង អាមេរិកខាងត្បូង និងសហភាពអឺរ៉ុបជាដើម។
រដ្ឋាភិបាលវៀតណាម បានណែនាំគ្រប់ភាគីពាក់ព័ន្ធឱ្យតាមដាន និងគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការអង្ករក្នុងស្រុក ក៏ដូចជាតាមដានការនាំចូលរបស់ទីផ្សារអន្តរជាតិ ដើម្បីជួយសម្របសម្រួលពាណិជ្ជកម្មអង្ករ ទាំងតម្លៃ និងការនាំចេញ។ ក្រៅពីនេះ ធនាគារកណ្ដាលវៀតណាមឯណោះវិញ បានណែនាំធនាគារពាណិជ្ជកម្មកាលពីដើមឆ្នាំ ឱ្យបង្កើនការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ ពាណិជ្ជករ និងអ្នកនាំចេញអង្ករ ចំពេលដែលតម្លៃអង្ករធ្លាក់ចុះ។

ជាផ្នែកមួយនៃគោលនយោបាយក្នុងស្រុកដើម្បីជួយកាត់បន្ថយផលប៉ះពាល់របស់កសិករ គណៈរដ្ឋមន្ត្រីថៃឯណោះវិញ បានអនុម័តថវិកាចំនួន ១០៧ ពាន់លានបាត ដើម្បីគាំទ្រដល់កសិករដាំស្រូវ និងធ្វើឱ្យតម្លៃស្រូវមានស្ថេរភាពសម្រាប់ឆ្នាំ ២០២៥ និងឆ្នាំប្រមូលផល ២០២៥/២៦។ មូលនិធិនេះ មានគោលបំណងគាំទ្រដល់កសិករតាមរយៈវិធានការផ្សេងៗដែលត្រូវបានរចនាឡើងដើម្បីធានាបាននូវតម្លៃសមរម្យ និងធ្វើឱ្យទីផ្សារអង្ករក្នុងស្រុកមានស្ថេរភាព។
ផែនការរបស់រដ្ឋាភិបាលថៃរួមមានយន្តការរក្សាស្ថិរភាពតម្លៃ និងការគាំទ្រតម្លៃ គម្រោងផ្ដល់ឥណទានសម្រាប់កសិករ និងការគាំទ្រការស្តុកទុកស្រូវ(ពន្យារពេលលក់ពេលស្រូវធ្លាក់ចុះ) ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់អង្ករប្រកបដោយប្រសិទ្ធភាព ដោយហេតុនេះការពារការតិត្ថិភាពទីផ្សារ និងធានាបាននូវប្រាក់ចំណូលជាប់លាប់សម្រាប់កសិករ។
ក្នុងចំណោមថវិការ ១០៧ ពាន់លានបាតដែលបានអនុម័ត កញ្ចប់ប្រមាណ ៧,២៨ ពាន់លានបាត នឹងប្រើប្រាស់ជាជំនួយហិរញ្ញវត្ថុដោយផ្ទាល់ដល់កសិករសម្រាប់ផលិតកម្មស្រូវក្រៅរដូវឆ្នាំ ២០២៥ ដែលនឹងជួយប្រជាជនថៃប្រមាណ ៨៦១ ០០០ គ្រួសារ។ ក្រោមគម្រោងដូចគ្នា កញ្ចប់ថវិកា ៣៧,៩ ពាន់លានបាត នឹងប្រើប្រាស់សម្រាប់រដូវធ្វើស្រែធំឆ្នាំ ២០២៥/២០២៦។ ក្នុងកញ្ចប់នេះ កសិករដាំស្រូវនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ ០០០ បាត/រ៉ែ (មានន័យថា កសិករធ្វើស្រែ ១ រ៉ែ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១ ០០០ បាត)។ ប្រាក់ឧបត្ថម្ភនេះ ត្រូវបានកំណត់អតិបរមាត្រឹម ១០ រ៉ៃ/គ្រួសារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


