Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញអង្ករថៃទៅមជ្ឈិមបូព៌ាត្រូវជាប់គាំង ដោយសារជម្លោះ

បានផុស

នៅ

ការនាំចេញអង្ករថៃទៅកាន់តំបន់មជ្ឈិមបូព៌ាត្រូវបាន​ជាប់គាំង​ ដោយសារតែជម្លោះរវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យការដឹកជញ្ជូន​ទៅកាន់​តំបន់ដែលជាទីផ្សារ​គ្រាប់ធញ្ញជាតិដ៏ធំរបស់ថៃមួយនេះរងការរំខាន។ នេះបើតាមការចុះផ្សាយរបស់​សារព័ត៌មាន Bloomberg ​នៅ​ថ្ងៃសុក្រ (១៣ មីនា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកជំនាញយល់ឃើញថា ការជាប់គាំង​នេះ នឹង​ធ្វើ​ឱ្យ​កសិករថៃកាន់តែតានតឹងជាមួយនឹងការកើនឡើង​ថ្លៃដើម និងការថយចុះនៃតម្រូវការនៅបរទេស ចំំពេលដែលតម្លៃ និង​តម្រូវការ​ស្រូវអង្ករអន្តរជាតិ​ខ្សោយរួចស្រាប់ទៅហើយ។

ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ លោក Chookiat Ophaswongse បាននិយាយ​ក្នុង​បទសម្ភាសន៍មួយថា កប៉ាល់ ២ គ្រឿងដែលដឹកអង្ករសរុបចំនួន ៨០​ ០០០ តោន ទៅ​អ៊ីរ៉ាក់ ត្រូវ​ជាប់គាំងនៅត្រឹមកំពង់ផែមួយក្នុងទីក្រុងបាងកក នៅ​សប្តាហ៍នេះ ដោយអ្នកទិញបានណែនាំឱ្យ​​ទម្លាក់​កុងតឺន័រចេញ ហើយ​ដឹកអង្ករទៅឃ្លាំងវិញ។

លោក Chookiat បាននិយាយយ៉ាងដូច្នេះថា៖ «អ្វីៗគឺជាប់គាំង​» ដោយបន្ថែមថា ការដឹកជញ្ជូនទៅកាន់មជ្ឈិមបូព៌ាអាចត្រូវបានផ្អាករយៈពេលជាច្រើនខែ ហើយ «គ្មានការទិញថ្មីណាមួយ​ទេ ព្រោះគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើង​បន្ទាប់»។

ស្ថានភាព​បច្ចុប្បន្ន កំពុង​គំរាមកំហែងដល់កសិករថៃ ដែល​លំបាករួចទៅហើយ​ដោយ​ការធ្លាក់ចុះនៃតម្លៃក្នុងស្រូវស្រុក និងការហក់ឡើងនៃប្រាក់បាត​ ដែលធ្វើឱ្យអង្ករថៃពិបាកប្រកួតប្រជែងនៅបរទេស​។ សម្ពាធសម្រាប់កសិករ អាចប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ដែលវិស័យកសិកម្ម រួមចំណែកប្រមាណ ១/៤ នៃកម្លាំងពលកម្មរបស់ប្រទេស។ ​

ការនាំចេញអង្កររបស់ថៃ ត្រូវបានគេព្យាករ​រួចហើយថានឹងធ្លាក់ចុះ ១១% នៅឆ្នាំនេះ មកនៅត្រឹម ៧ លានតោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ។ ទស្សនវិស័យកាន់តែងងឹតទៅៗ ដោយសារតែ​អ៊ីរ៉ាក់ ដែលជាអ្នកទិញអង្ករធំជាងគេរបស់​ថៃ តម្រូវឱ្យថៃដឹកជញ្ជូនអង្ករឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដែលត្រូវបាន​បិទដោយសារតែជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់។ ទើបតែក្នុងសប្ដាហ៍នេះទេ ដែល​កប៉ាល់ដឹកទំនិញរបស់ថៃមួយគ្រឿង បាន​រកការវាយប្រហារពីអ៊ីរ៉ង់ ដោយបង្កការខូចខាត និង​បំបាត់ខ្លួននារិកយ៉ាងហោចណាស់ ៣ នាក់។

​លោក Chookiat បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនអង្ករថៃកំពុងប្រឈមមុខនឹងការចំណាយកាន់តែខ្ពស់ដែលទាក់ទងនឹងហានិភ័យសង្គ្រាម និង​កំណើន​ថ្លៃប្រេងឥន្ធនៈ។

ការចំណាយបន្ថែម នឹងកាត់បន្ថយប្រាក់ចំណេញរបស់អ្នកនាំចេញ នៅស្របពេលដែល​តម្លៃអង្ករថៃទូទាំងពិភពលោកមានអត្រាខ្ពស់ជាងគូប្រជែង ដោយសារតែប្រាក់បាតថ្លៃធៀបនឹង​ដុល្លារ​ និងកំណើនការផ្គត់ផ្គង់សកល។ ​

អង្ករស ៥% របស់​ថៃ ត្រូវបានប៉ាន់ស្មានថា​លក់នៅ​តម្លៃ ៣៩២ ដុល្លារ/តោននៅថ្ងៃសុក្រ បើប្រៀបធៀបនឹង​តម្លៃប្រភេទអង្ករដូចគ្នារបស់វៀតណាម (៣៥៦-៣៦០ ដុល្លារ/តោន) និងឥណ្ឌា (​៣៥០-៣៥៤ ដុល្លារ)។ ​នេះបើយោងតាមទិន្នន័យរបស់សមាគមអ្នកនាំចេញ។​

ចំពេលដែលបញ្ហានេះកើតឡើង កសិករថៃ​ក៏ពិបាក​រក​ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជីសំខាន់ៗដែលភាគច្រើនមានប្រភពមកពីមជ្ឈិមបូព៌ា មុនរដូវដាំដុះដែលចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។

លោក Kriengsak Tapananon ទីប្រឹក្សាសមាគមកសិករថៃ បាន​ថ្លែងថា៖ «ប្រសិនបើប្រេងឥន្ធនៈ និងជីកាន់តែថ្លៃ កសិករនឹងកាន់តែមានទុក្ខព្រួយ»។

ស្ថានភាពទីផ្សារក្នុងស្រុកសម្រាប់កសិករថៃ ក៏មិនប្រសើរដែរ ដោយសារតែតម្លៃទាប នៅពេលកសិករប្រមូលផលបានច្រើន ហើយការផ្គត់ផ្គង់សកលក៏កើនឡើង។ ​លោក Kriengsak បាន​និយាយយ៉ាងដូច្នេះថា៖ ​«នៅពេល​ការលក់ទាប ឬនៅពេលដែលថ្លៃដើមផលិតកម្មកើនឡើង កសិករ​ត្រូវរែកបន្ទុកការចំណាយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម