Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងបង្កើននាំចូលអគ្គិសនីពីឡាវ និងចិន

បានផុស

នៅ

ប្រទេសវៀតណាមមានគម្រោងនាំចូលអគ្គិសនី ចន្លោះពីប្រហែល ៩ ៣០០-​១២​ ១០០០ មេហ្គាវ៉ាត់ ពី​ឡាវ និង​ចិនក្នុងរយៈពេល ៥​ ឆ្នាំខាងមុខ ដែលខ្ពស់ជាងកម្រិតបច្ចុប្បន្នដល់ជាង ៥ ដង ដើម្បីបំពេញកំណើន​តម្រូវការយ៉ាងឆាប់រហ័ស ស្របពេលដែល​វៀតណាម​កំំណត់គោលដៅកំណើនសេដ្ឋកិច្ចលេខ ២ ខ្ទង់។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nguyễn Mạnh Cường មកពីវិទ្យាស្ថានថាមពល បានឱ្យដឹងថា បច្ចុប្បន្ន​វៀតណាមនាំចូលអគ្គិសនីប្រហែល ១ ៦០០ មេហ្គាវ៉ាត់ ពី​ឡាវ និង ៥៥០ មេហ្គាវ៉ាត់ ពី​ចិន ​ដោយរួមចំណែកជិត ២,៤% នៃល្បាយថាមពលរបស់ប្រទេស។ លោក Cường រំពឹងថា នៅឆ្នាំ ២០៣០ អគ្គិសនី​នាំចូល​​នឹង​កើនដល់ ៤-៥,១ ភាគរយ នៃ​ល្បាយថាមពលសរុប។ ​ ​

ក្រោមផែនការអភិវឌ្ឍន៍ថាមពលដែលបានកែសម្រួល (PDP8) ការផលិត និងនាំចូលអគ្គិសនីសរុប ​រំពឹងថានឹងឈានដល់ ៥៦០,៤ – ៦២៥ ប៊ីលាន​គីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០៣០ ដើម្បីបំពេញតម្រូវការថាមពលសម្រាប់អត្រាកំណើន​សេដ្ឋកិច្ចគោលដៅជាមធ្យម ១០% ក្នុង១ឆ្នាំ។

​មានការប៉ាន់ប្រមាណថា ​វៀតណាមត្រូវការថវិកាចំនួន ១៣៥,៣ ប៊ីលានដុល្លារអាមេរិក សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតថាមពល និងបញ្ជូនថាមពលត្រឹមឆ្នាំ ២០៣០ និងថវិកាបន្ថែមចំនួន ៥៦៩,១ ប៊ីលានដុល្លារ នៅឆ្នាំ ២០៥០៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម