Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញសិង្ហបុរី​ព្រមានពីកំណើនតម្លៃថាមពល​ និងការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពីជម្លោះ​មជ្ឈិម​បូព៌ា

បានផុស

នៅ

ក្រុមអ្នកជំនាញសិង្ហបុរី​បាន​ព្រមានថា ​ជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ អាចធ្វើឱ្យអាជីវកម្មនានាបង្កើនការចំណាយដោយសារតែការហក់ឡើងនៃតម្លៃថាមពល​ និង​ការ​រំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់កាសែត The Business Times។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានបែបនេះ ធ្វើឡើងសម្របពេលដែលជម្លោះកាន់តែបន្តតានតឹង ដោយ​បង្កការរំខានទាំងផ្លូវអាកាស និងផ្លូវទឹក ជាពិសេសច្រកសមុទ្រ Hormuz ដែលផ្លូវទឹកសំខាន់ដឹកប្រេង ២០% នៃតម្រូវការសកលបច្ចុប្បន្ន។ បញ្ហា​នេះ ធ្វើឱ្យតម្លៃប្រេងអន្តរជាតិកំពុងហក់ឡើងខ្លាំង។

នាយកប្រតិបត្តិនៃសហព័ន្ធពាណិជ្ជកម្មសិង្ហបុរី (SBF) លោក Kok Ping Soon បាន​ថ្លែងថា៖ «កំណើននៃភាពតានតឹង​ជម្លោះនៅមជ្ឈិមបូព៌ាគឺជាក្តីបារម្ភសម្រាប់អាជីវកម្មសិង្ហបុរី ​ដោយសារតែផលប៉ះពាល់​លើទីផ្សារថាមពលសកល ផ្លូវដឹកជញ្ជូន និងទំនុកចិត្តអាជីវកម្ម»។

លោក​បាន​បន្ថែម​ថា ​សិង្ហបុរីមាន​​សេដ្ឋកិច្ច​បើកចំហរ​​ និង​ពឹងផ្អែកខ្លាំង​​លើ​ពាណិជ្ជកម្ម ​ដែលធ្វើឱ្យប្រទេសនេះ​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​ពី​ខាងក្រៅ ​ដូចជា​ការចំណាយ​លើ​ការដឹកជញ្ជូន​ខ្ពស់ ​បម្រែបម្រួល​​តម្លៃ​ថាមពល និង​ការរំខាន​ដល់​ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់។

អ្នកសេដ្ឋកិច្ច និងថ្នាក់ដឹកនាំសមាគមពាណិជ្ជកម្មសិង្ហបុរី បាននិយាយថា តម្លៃប្រេងដែលការប្រែប្រួល និងទំនងជាឡើងថ្លៃ គឺជាហានិភ័យភ្លាមៗបំផុត ជាពិសេសប្រសិនបើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានជាប់គាំង​។

លោកស្រី Selena Ling ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុនសេវាកម្ម​ហិរញ្ញវត្ថុ OCBC បា​នថ្លែងយ៉ាងដូច្នេះថា៖​«តម្លៃប្រេងបានមានប្រតិកម្មរួចហើយ ដូចគ្នានឹងលោហៈដ៏​តម្លៃដែរ។ វាពិតជាអាស្រ័យលើរយៈពេលនៃជម្លោះ ដូច្នេះវាពិបាកក្នុងការកំណត់ថាតើតម្លៃប្រេងនឹងនៅខ្ពស់រយៈពេលប៉ុន្មាន​ទៀត»។

មុនពេលអ៊ីស្រាអែល និងអាមេរិក​បើកការវាយប្រហារអ៊ីរ៉ង់ តម្លៃប្រេងអន្តរជាតិ​ម៉ាក Brent បាន​កើនឡើងខ្ពស់ជាង ៧០ ដុល្លារ/បារ៉ែលរួចទៅហើយ ដោយសារតែការរំពឹងទុកពីភាពតានតឹង។ ចូលដល់ថ្ងៃទី៣នៃជម្លោះ (ថ្ងៃចន្ទ ២ មីនា) តម្លៃប្រេងបាន​ជួញដូរក្នុងរង្វង់ជិត ៨០ ដុល្លារ/បារ៉ែល ខណៈអ្នកជំនាញខ្លះនិយាយថា វាអាចហក់ឡើងដល់ ១០០ ដុល្លារ/បារ៉ែល។ ​

លោកស្រី​ Ling បាន​និយាយថា បើការផ្គត់ផ្គង់ប្រេង​​រងការរំខាន​ខ្លាំង នោះវាអាចបង្កើនអតិផរណាសកល ដោយ​​អាស៊ី​ទទួល​រង​ផល​ប៉ះពាល់​​ខ្លាំងជាងគេ​ ដោយសារ​ប្រទេស​ភាគច្រើន​​នៅ​ទ្វីប​នេះ​ជា​ប្រទេស​នាំចូល​ថាមពល​។

ដោយឡែក សិង្ហបុរីនឹងប្រឈមមុខនឹងផលប៉ះពាល់២​យ៉ាងទៅលើតម្លៃទំនិញប្រើប្រាស់ និងពាណិជ្ជកម្ម ដោយក្រុមហ៊ុនអាកាសចរណ៍ ឧស្សាហកម្មធុនធ្ងន់ និងការដឹកជញ្ជូនទំនិញងាយរងគ្រោះបំផុត ខណៈដែលក្រុមហ៊ុនផលិតថាមពល និងអ្នកនាំចេញទំនិញអាច​នឹងទទួលបានអត្ថប្រយោជន៍វិញ​។

អ្នកសង្កេតការណ៍ជាច្រើន​បាននិយាយ​ទៀតថា តម្លៃប្រេងខ្ពស់ក៏នឹងប៉ះពាល់ដល់ថ្លៃអគ្គិសនី ថ្លៃប្រេងឥន្ធនៈសម្រាប់ការដឹកជញ្ជូន និងសេដ្ឋកិច្ច​ទូទៅ ដែលពាក់ព័ន្ធនឹង​ការប្រើប្រាស់​ឥន្ធនៈហ្វូស៊ីល​។ ក្រៅពីប្រេងឆៅ ច្រក Hormuz ក៏ជាផ្លូវដឹកជញ្ជូនឧស្ម័នធម្មជាតិពង្រាវដ៏សំខាន់ផងដែរ។ ​

ខ្សែច្រ៉វាក់ផ្គត់ផ្គង់ក៏ស្ថិតក្នុងហានិភ័យផងដែរ។ ក្រុមហ៊ុនដឹកជញ្ជូនអាស៊ី-អឺរ៉ុប​ បានចាប់ផ្តើមប្តូរទិសដៅនាវា​ទៅកាត់តាមឆ្នេរ​​ Cape of Good Hope (អាហ្វ្រិកខាងត្បូង) ​ដោយជៀសវាង​មជ្ឈិមបូព៌ា ក្នុងរូបភាពដូចគ្នានៅឆ្នាំ ២០២៣ ដែលក្រុមហ៊ុនដឹកជញ្ជូនផ្អាកប្រតិបត្តិការតាមព្រែកជីកស៊ុយអេ ដោយសារតែការវាយប្រហាររបស់ក្រុមហ៊ូធី។ ​

ផ្លូវដ៏​វែងនេះ បន្ថែមរយៈពេលវេលាដឹកជញ្ជូនទូទៅរហូតដល់ ១៤ ថ្ងៃ ​និងបង្កើនថ្លៃដើមដល់ទៅ ១៥% ក្នុងឆ្នាំ ២០២៣។ ​អ្នកវិភាគបាននិយាយថា ​បញ្ហានេះ​អាចប៉ះពាល់ដល់វិស័យសេវាកម្ម​​សិង្ហបុរី ដែលធ្វើពាណិជ្ជកម្មលក់ដុំច្រើន និងសំខាន់ខ្លាំង​សម្រាប់កំណើនសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម