ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ចរចាលក់ប្រេងឱ្យជប៉ុន ចំពេលអាមេរិកដកទណ្ឌកម្មបណ្ដោះអាសន្ន
អ៊ីរ៉ង់បានចាប់ផ្តើមចរចាជាមួយក្រុមហ៊ុនជប៉ុនអំពីការលក់ប្រេងឆៅ បន្ទាប់ពីសហរដ្ឋអាមេរិកលើកលែងទណ្ឌកម្មជាបណ្ដោះអាសន្ន ដែលអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់អាចបន្តនាំចេញប្រេងបានក្នុងអំឡុងពេលកំពុងចរចាសន្តិភាពជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

យ៉ាងណាមិញ ក្រុមហ៊ុនជប៉ុនចង់ឃើញអាមេរិកលើកលែងទណ្ឌកម្មរយៈពេលយូរ និងធានាសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនតាមសមុទ្រហ័រមូហ្ស។
ប្រភពអ៊ីរ៉ង់ និងលោកខាងលិចចំនួន ៣ រូប បានប្រាប់រ៉យទ័រថា ការលើកលែងទណ្ឌកម្មរបស់អាមេរិក គឺជាផ្នែកមួយនៃកិច្ចចរចារយៈពេល ៦០ ថ្ងៃរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយនឹងត្រូវផុតកំណត់នៅថ្ងៃទី ២១ ខែសីហា។
ប្រភពអ៊ីរ៉ង់ ២ រូប បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនចំនួន ៣ កំពុងពិចារណាទិញប្រេងឆៅពីអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ ប្រភពម្នាក់ទៀតក្នុងឧស្សាហកម្មថាមពលលោកខាងលិចក៏បានបញ្ជាក់ថា មន្ត្រីជប៉ុន និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងដំណាក់កាលចរចាបឋមអំពីការលក់ប្រេងផងដែរ។
យ៉ាងណាមិញ គេមិនទាន់ឃើញមានប្រតិកម្មយ៉ាងណាជាផ្លូវការជុំវិញបញ្ហានេះ ពីមន្រ្តីជប៉ុន ឬអាមេរិក នៅឡើយទេ។
គួររំឭកថា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងបណ្តាប្រទេសអឺរ៉ុប បានបញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹតបន្តឹងទណ្ឌកម្ម ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨។ ចាប់តាំងពីពេលនោះមក ចិនបានក្លាយជាអ្នកទិញប្រេងធំបំផុតរបស់អ៊ីរ៉ង់។

មន្ត្រីម្នាក់ពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) បាននិយាយថា ការទិញប្រេងពីអ៊ីរ៉ង់គឺជាការសម្រេចចិត្តរបស់ក្រុមហ៊ុនឯកជន ប៉ុន្តែមិនទាន់ច្បាស់ថា កិច្ចព្រមព្រៀងទាំងនេះអាចដំណើរការបានឬអត់ ដោយសារត្រូវគិតពីរយៈពេលដឹកជញ្ជូន និងកិច្ចសន្យាដែលមានស្រាប់។ ប្រភពដដែលក៏បានបន្ថែមថា សុវត្ថិភាពនៃការធ្វើដំណើររបស់នាវាដឹកប្រេង គឺជាកត្តាសំខាន់មួយផងដែរ។
ដោយឡែកប្រភពមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ឯណោះវិញ បាននិយាយថា ប្រសិនបើការលក់ប្រេងទៅជប៉ុនត្រូវអនុវត្ត អាមេរិកចាំបាច់ត្រូវបន្តសុពលភាពការលើកលែងទណ្ឌកម្ម ដោយសារការដឹកជញ្ជូនប្រេងពីអ៊ីរ៉ង់ទៅជប៉ុនត្រូវការពេលវេលាយូរ។ ប្រភពបានបន្ថែមថា ប្រេងនឹងត្រូវផ្ទុកចេញពីកោះ Kharg របស់អ៊ីរ៉ង់ ហើយដឹកជញ្ជូនដោយនាវាដែលប្រតិបត្តិការដោយក្រុមហ៊ុនជប៉ុន។
មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតនៃក្រសួងប្រេងអ៊ីរ៉ង់បានឱ្យដឹងថា ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC) បានទាក់ទងអតិថិជនចាស់ៗ រួមទាំងជប៉ុន ដោយប្រាប់ថា ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេច ហើយទណ្ឌកម្មត្រូវបានដកចេញ អ៊ីរ៉ង់ចង់ឱ្យពួកគេត្រឡប់មកទិញប្រេងវិញ។ ក្រសួងប្រេងអ៊ីរ៉ង់មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។
គេមើលឃើញថា ទោះបីមានការលើកលែងទណ្ឌកម្មជាបណ្ដោះអាសន្នក៏ដោយ ស្ថានភាពសន្តិសុខនៅច្រកសមុទ្រហ័រមូហ្ស នៅតែជាក្តីបារម្ភ។ គេនៅមិនទាន់ដឹងថា ការធ្វើនាវាចរណ៍នៅតំបន់នេះ នឹងមានស្ថិរភាពយ៉ាងណាទេ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានបញ្ចប់។
កាលពីសប្តាហ៍មុន នាវាដឹកទំនិញមួយបានរងការវាយប្រហារនៅច្រកសមុទ្រហ័រមូហ្សពីកងកម្លាំងអ៊ីរ៉ង់ ខណៈកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានប្រកាសផងដែរថា នាវាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រនេះ ត្រូវស្នើសុំការអនុញ្ញាតជាមុន។ អង្គការសមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា នៅតំបន់កណ្ដាលច្រកសមុទ្រហ័រមូហ្ស មានមីនសមុទ្រអណ្ដែតប្រមាណ ៨០ គ្រាប់។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុនចម្រាញ់ប្រេងធំមួយរបស់ជប៉ុនបាននិយាយថា បញ្ហាប្រឈមធំបំផុតគឺការទទួលបានការធានារ៉ាប់រងសម្រាប់ការដឹកជញ្ជូន។ ទន្ទឹមនឹងនេះ ប្រភពពាណិជ្ជកម្ម និងអ្នកវិភាគមើលឃើញថា ការលើកលែងទណ្ឌកម្មរយៈពេលខ្លីនេះ ទំនងមិនអាចទាក់ទាញក្រុមហ៊ុនចម្រាញ់ប្រេងធំៗនៅអាស៊ីឱ្យទិញប្រេងពីអ៊ីរ៉ង់បានទេ ដោយសារពួកគេមានស្តុកប្រេងគ្រប់គ្រាន់រួចហើយ។ ដូច្នេះ រោងចក្រចម្រាញ់ប្រេងឯករាជ្យរបស់ចិន អាចនៅតែជាអ្នកទិញសំខាន់របស់អ៊ីរ៉ង់ដដែល៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


