Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​ហក់ឡើងទៅក្បែរ ៨០ ដុល្លារ/បារ៉ែល ជាថ្មី ជុំវិញជម្លោះអាមេរិក-អ៊ីរ៉ង់

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ហក់ឡើងទៅក្បែរ ៨០ ដុល្លារ/បារ៉ែល ជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិក​បើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបង្កើនភាពតានតឹងមជ្ឈិមបូព៌ាឡើងវិញ ក្រោយស្ងប់ស្ងាត់ ហើយធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះមួយរយៈ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ Brent បាន​កើនឡើង​ ៥,២% ដល់ ៧៨,០២ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរថ្ងៃពុធ ហើយបន្តកើនឡើងទៀតសម្រាប់ការជួញដូរនៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ដល់ជាង ៧៩ ដុល្លារ/បារ៉ែល។ ដោយឡែកប្រេងអាមេរិក WTI វិញ បាន​កើនឡើង ៤,៤% ដល់ ៧៣,៥២ ដុល្លារ/បារ៉ែល នៅថ្ងៃពុធ ហើយបន្តកើនឡើងដូចគ្នាបន្តិចទៀត នៅថ្ងៃព្រហស្បតិ៍នេះ។

កំណើនតម្លៃប្រេងកើតឡើង បន្ទាប់ពីយោធាអាមេរិកបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដោយបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា ការវាយប្រហារ​នោះគឺដើម្បីឱ្យ​​ច្រកសមុទ្រហ័រមូហ្ស ​បន្ត​បើកសម្រាប់ការដឹកជញ្ជូន។ ​

មុនការវាយប្រហារដដែល​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អាមេរិកអាចនឹងបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់នៅយប់ថ្ងៃពុធ។ លោកក៏បាននិយាយដែរថា កិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយអ៊ីរ៉ង់បានបញ្ចប់ហើយ ប៉ុន្តែលោកបានបញ្ជាក់ថា អាមេរិកមិនចង់ឱ្យមានសង្គ្រាមទ្រង់ទ្រាយធំនោះទេ។

ភាពតានតឹងបានកើនឡើង ​ក្រោយអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ចោទប្រកាន់ថា អ៊ីរ៉ង់វាយប្រហារលើនាវានៅច្រកសមុទ្រហ័រមូហ្ស​។ ជាការឆ្លើយតប អាមេរិកបានដកការបន្ធូរបន្ថយទណ្ឌកម្មលើការលក់ប្រេងរបស់អ៊ីរ៉ង់ ដែលច្រានចោលការចោទប្រកាន់ ប៉ុន្តែបានទទួលស្គាល់ពីការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅបារ៉ែន និងគុយវ៉ែត។

គួរគូសបញ្ជាក់ថា ច្រកសមុទ្រហ័រមូហ្ស គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក ​ហើយភាពតានតឹងក្នុងតំបន់នេះ អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម