សេដ្ឋកិច្ច
សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ ដើម្បីកសាងសេដ្ឋកិច្ចជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ០៦ មេសា ២០២៦ បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ និងអះអាងថា ការជ្រើសរើស និងគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងមានភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈសារលិខិតអបអរសាទរក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី ៩ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។
សម្ដេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យផលិតករ បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព និងបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស ការបន្តគាំទ្រគោលនយោបាយ និងអន្តរាគមន៍នានា សំដៅពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគ។
ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលក្នុងនោះ មានបញ្ហាវិបត្តិសេដ្ឋកិច្ចសកលផង រួមទាំងបញ្ហាព្រឹត្តិការណ៍ជម្លោះព្រំដែនខ្មែរ-ថៃផង ដែលការណ៍នេះ បានបង្កឱ្យមានការព្រួយបារម្ភ និងកាន់តែប្រុងប្រយ័ត្នខ្ពស់។ បរិការណ៍នេះ បង្ហាញឱ្យយើងឃើញកាន់តែច្បាស់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពតំបន់ ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

សម្ដេច ហ៊ុន ម៉ាណែត សង្កេតឃើញអំពីការប្រកាន់យកនូវមនសិការជាតិនិយមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយបានសម្តែងឱ្យឃើញនូវសាមគ្គីភាពជាតិមួយរឹងមាំដូចដែកថែប រវាងប្រជាជន និងប្រជាជន ប្រជាជន និងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ព និងលើសពីនេះការលើកកម្ពស់ផលិតផលខ្មែរបានក្លាយជា ការងារដែលកាន់តែមានន័យជាងមុន ព្រោះវាជាការបង្ហាញពីសមត្ថភាពក្នុងការបង្កើតតម្លៃសេដ្ឋកិច្ចដោយខ្លួនឯង និងការការពារអធិបតេយ្យភាពសេដ្ឋកិច្ចក្នុងពេលមានភាពមិនច្បាស់លាស់នៅក្នុងតំបន់។
ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាកំពុងត្រូវការយុទ្ធសាស្ត្រដែលអាចលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក បង្កើតការងារ និងបង្កើនតម្លៃបន្ថែមនៅតំបន់ជនបទ។ ក្នុងចំណោមគោលនយោបាយជាតិជាច្រើនដែលបានដាក់ចេញក្នុងរយៈពេលចុងក្រោយ គោលនយោបាយ «ភូមិមួយផលិតផលមួយ» នៅតែត្រូវបានចាត់ទុកថាជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ដោយប្រកាន់យកស្មារតី «សហគមន៍ជាមូលដ្ឋាននៃការអភិវឌ្ឍ និងរដ្ឋធ្វើតួនាទីជាអ្នកគាំទ្រ បណ្តុះបណ្តាល និងបង្កើតបរិយាកាសសមស្របសម្រាប់ទីផ្សារធ្វើជាមូលដ្ឋាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា ចលនាភូមិមួយផលិតផលមួយ បានរួមចំណែកយ៉ាងសកម្មក្នុងការជួយលើកកម្ពស់ផលិតផលជនបទឱ្យក្លាយជាផលិតផលពាណិជ្ជកម្ម ជួយបង្កើតការងារ និងចំណូលសម្រាប់គ្រួសារ ជួយអភិរក្សវប្បធម៌ សិប្បកម្មបុរាណ ជួយបង្កើតអត្តសញ្ញាណផលិតផលតាមតំបន់ និងជួយជំរុញឱ្យសហគមន៍មានសមត្ថភាព គ្រប់គ្រងអាជីវកម្ម និងបង្កើនភាពច្នៃប្រឌិតដោយខ្លួនឯង។
ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានបង្កើតឡើងតាមរយៈការផលិត និងកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅតាមមូលដ្ឋាន ឱ្យក្លាយជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ។
ផលិតផលទាំងនេះពោរពេញដោយគំនិតច្នៃប្រឌិត ការរក្សាទុកប្រពៃណី និងទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណជាតិ និងតម្លៃវប្បធម៌របស់យើងជាមួយនឹងគុណភាពល្អ តម្លៃសមរម្យ និងបរិមាណគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ន ផលិតផលក្នុងស្រុក កំពុងក្លាយជាផលិតផលដែលមានសក្តានុពលខ្ពស់ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារទូទាំងប្រទេស និងបានជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជាបន្តបន្ទាប់។
ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖
១.ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតួនាទីសកម្មក្នុងការលើកកម្ពស់ និងជំរុញចលនាផលិតគ្រប់វិស័យ ដោយចាប់ផ្តើមពីគ្រួសារ សហគមន៍ និងក្រុមអ្នកផលិត។ ត្រូវលើកទឹកចិត្តការច្នៃប្រឌិត ការកែច្នៃផលិតផលកសិកម្មឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ដូចជាម្ហូបអាហារ វត្ថុសិល្បៈ និងផលិតផលប្រើប្រាស់ផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក និងជាពិសេសត្រូវបង្កលក្ខណៈអំណោយផលចាំបាច់នានា សំដៅជំរុញឱ្យផលិតផលខ្មែរអាចបំពេញតួនាទីពេញលេញនៅលើទីផ្សារ ជំនួសផលិតផលនាំចូល ឱ្យបានច្រើនជាអតិបរមា។ ការខិតខំរួមគ្នានេះ នឹងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែប្រសើរឡើង និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ នៅតាមតំបន់ជនបទ។
២.គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នផ្សេងៗ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានគុណភាពខ្ពស់មានសមត្ថភាពប្រកួតប្រជែងបានល្អ និងពង្រីកឱកាសទីផ្សារឱ្យកាន់តែទូលំទូលាយ។ ការសហការរួមគ្នានេះ គួរត្រូវបានធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ដើម្បីធានាថា ផលិតករខ្មែរទទួលបានជម្រើស និងឱកាសពាណិជ្ជកម្ម កាន់តែច្រើន។
៣.គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ត្រូវបន្តធ្វើការងារយ៉ាងសកម្ម និងដោយការទទួលខុសត្រូវខ្ពស់ក្នុងការស្វែងរក និងជ្រើសរើសផលិតផលសក្តានុពលនៅតាមមូលដ្ឋាន ដើម្បីដាក់បញ្ចូលជាផលិត ផលភូមិមួយផលិតផលមួយ។ ត្រូវពង្រីកបណ្តាញសមាជិកឱ្យទូលំទូលាយ និងធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់អ្នកផលិតឱ្យបានទាន់ពេលវេលា។ ការងារនេះគួរត្រូវបានអនុវត្តដោយមានចក្ខុវិស័យវែងឆ្ងាយ និងការគាំទ្របច្ចេកទេសត្រឹមត្រូវ។
៤.គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ដើម្បីរៀបចំព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ផលិតផលខ្មែរ និងផលិតផលភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយនៅតាមតំបន់មានសក្តានុពល។ ព្រឹត្តិការណ៍ទាំងនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់លើកកម្ពស់ការទទួលស្គាល់ និងការចូលទីផ្សាររបស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ ព្រមទាំងជួយបង្កើនភាពជឿជាក់ និងស្តង់ដាថ្មីសម្រាប់ផលិតករខ្មែរទូទាំងប្រទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


