Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពីច្រកហ័រមូហ្ស តើ​គេអាច​ដឹកប្រេង និងឧស្ម័នចេញពីមជ្ឈិមបូព៌ាតាមណាខ្លះ​?

បានផុស

នៅ

ជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាន​បង្កឱ្យមាន​ការបិទខ្ទប់ច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិពង្រាវដ៏សំខាន់ ប្រមាណ ១/៥ នៃតម្រូវការប្រចាំថ្ងៃរបស់ពិភព​លោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្លោះនេះ ធ្វើឱ្យ​ទីផ្សារថាលពលសកលធ្វើចូលទៅក្នុងភាពច្របូកច្របល់ ដោយ​តម្លៃប្រេងហក់ឡើងខ្ពស់ ខណៈការផ្គត់ផ្គង់ប្រឈមនឹងហានិភ័យខ្វះខាតជាពិសេសនៅតំបន់អាស៊ីដែលពឹងផ្អែកខ្លាំងលើថាមពលនាំចេញពីមជ្ឈិមបូព៌ា។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និយាយថា ជម្លោះដដែលបង្កើតបានជា​វិបត្តិ​ថាមពលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក។

តើមាន​ជម្រើសជំនួសអ្វីដើម្បីដឹកប្រេង និងឧស្ម័នធម្មជាតិចេញពីមជ្ឈិមបូព៌ា ដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស? ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ បាន​បង្ហាញពីជម្រើសទាំងអស់នេះ៖

ក. បំពង់បង្ហូរប្រេងដែលមាន​ស្រាប់

១. បំពង់បង្ហូរ​​កើត-លិច (អារ៉ាប៊ីសាអ៊ូឌីត)

បំពង់បង្ហូរប្រេងពីកើតទៅលិចប្រវែង ១ ២០០ គីឡូម៉ែត្រ របស់​អារ៉ាប៊ីសាអូឌីត អាចដឹកជញ្ជូនប្រេង​ឆៅ​បានរហូតដល់ ៧ លានបារ៉ែល/ថ្ងៃ ​ទៅកាន់កំពង់ផែក្រុង យ៉ានប៊ូ នៅសមុទ្រក្រហម​ ដោយអាចផ្ដល់ការនាំចេញប្រហែល ៤,៥ លាន​បារ៉ែល/ថ្ងៃ ​អាស្រ័យលើភាពអាចរកបាននៃនាវាដឹកប្រេង និងកំពង់ផែស្ដុក​។

​ចេញពីកំពង់ផែយ៉ានប៊ូទៅ ការដឹកជញ្ជូនអាចធ្វើដំណើរទៅកាន់អឺរ៉ុបតាមរយៈព្រែកជីកស៊ុយអេ ឬទៅអាស៊ីតាមរយៈច្រកសមុទ្របាបអែលម៉ាន់ដេប (Bab el-Mandeb)។ ប៉ុន្តែច្រកបាបអែលម៉ាន់ដេប ក៏ធ្លាប់ជាចំណុចហានិភ័យដោយការវាយប្រហាររបស់ក្រុមហ៊ុនហ៊ូធីនៅយ៉េមែនផងដែរ។

២. បំពង់បង្ហូរ HABSHAN–FUJAIRAH (​អារ៉ាប់រួម)

បំពង់បង្ហូរប្រេងឆៅអាប៊ូដាប៊ី (ADCOP) តភ្ជាប់ពីវាលប្រេង Habshan នៅអាប៊ូដាប៊ី ​ទៅកាន់ក្រុង​ Fujairah នៅលើឈូងសមុទ្រអូម៉ង់ ​ដោយ​មិនឆ្លងកាត់ច្រកហ័រមូហ្ស។ ​បំពង់បង្ហូរប្រេងដែលមានប្រវែង ៣៦០ គីឡូម៉ែត្រនេះ ដំណើរការដោយក្រុមហ៊ុន ADNOC និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០១២ ដោយ​ មានសមត្ថភាពដឹកជញ្ជូនប្រហែល ១,៥-១,៨ លាន​បារ៉ែល/ថ្ងៃ។ យ៉ាងណាមិញ ​ការស្តុកប្រេងនៅ​ក្រុង​ Fujairah ត្រូវ​រងហានិភ័យនៃការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ រាប់តាំងពីជម្លោះផ្ទុះឡើង​នា​ចុងខែកុម្ភៈ។

៣. បំពង់បង្ហូរប្រេង KIRKUK-CEYHAN (អ៊ីរ៉ាក់-តួកគី)
​បំពង់បង្ហូរនាំចេញសំខាន់ពីភាគខាងជើងអ៊ីរ៉ាក់ ចាប់ពីតំបន់ Kirkuk ទៅកាន់កំពង់ផែ Ceyhan របស់​តួកគី នៅសមុទ្រ​មេឌីទែរ៉ាណេ តាមរយៈតំបន់​កួដ។ បំពង់បង្ហូរប្រេងនេះ បានចាប់ផ្តើមដំណើរការឡើងវិញកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីការបិទទ្វាររយៈពេល ២ ឆ្នាំកន្លះ​។ នៅថ្ងៃទី ១៧ មីនា ​អ៊ីរ៉ាក់បានចាប់ផ្តើម​បង្ហូរប្រេងចំនួន ១៧០ ០០០ បារ៉ែល/ថ្ងៃ ​ដោយមានគម្រោងបង្កើនដល់ ២៥០ ០០០ បារ៉ែល/ថ្ងៃ។ ​​

៤. បំពង់បង្ហូរប្រេងអ៊ីរ៉ង់ GOREH-JASK
IEA បាននិយាយ​ក្នុងរបាយការណ៍ទីផ្សារប្រេងចុងក្រោយរបស់ខ្លួនថា អ៊ីរ៉ង់ប្រហែលជាអាចប្រើប្រាស់​កំពង់ផែក្រុង Jask ​ដើម្បីនាំចេញប្រេងពីបំពង់បង្ហូរប្រេង Goreh-Jask ចំនួន ១ លានបារ៉ែល/ថ្ងៃ ​ដោយមិនឆ្លងកាត់ច្រកហ័រមូហ្ស។ យ៉ាងណាមិញ ការសាងសង់កំពង់ផែនេះ ​មិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយទេ ប៉ុន្តែធ្លាប់សាកល្បងផ្ទេរប្រេងនៅឆ្នាំ ២០២៤ រួចហើយ។ ​

ខ. គម្រោងជម្រើសជំនួសនាថ្ងៃអនាគត

​កន្លងមក អ៊ីរ៉ាក់បានពិចារណាលើផ្លូវដឹកជញ្ជូនជំនួសជាច្រើនដែលអាចធ្វើទៅបាន ​ដោយ​មិនប្រើច្រកសមុទ្រហ័រមូហ្ស។ មួយក្នុងចំណោមនោះ គឺការសាងសង​បំពង់បង្ហូរប្រេងអ៊ីរ៉ាក់-អូម៉ង់ ​ក្រោមជម្រើស២ គឺសាងសង់បំពង់ផែឆ្លងកាត់ប្រទេសមួយចំនួនលើដីគោក ឬសាងសង់បំពង់ផែក្រោមទឹកដ៏ថ្លៃ។

ជម្រើស ១ ទៀត គឺគម្រោង​បំពង់បង្ហូរប្រេងអ៊ីរ៉ាក់-ហ្ស៊កដានី ​ជាមួយនឹង​សមត្ថភាព ១ លានបារ៉ែល/​ថ្ងៃ ដោយតភ្ជាប់​លំហូរប្រេងពីទីក្រុង Basra ក្បែរឈូងសមុទ្រពែរ្ស ទៅកាន់កំពង់ផែ Aqaba នៅសមុទ្រក្រហមរបស់ប្រទេសហ្ស៊កដានី។ គម្រោងនេះត្រូវបាន​ស្នើឡើងជាលើកដំបូង​ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងត្រូវបានអនុម័តជាគោលការណ៍នៅឆ្នាំ ២០២២ ប៉ុន្តែវានៅតែជាប់គាំងដោយសារតែការចំណាយ ហានិភ័យសន្តិសុខ និងបញ្ហាប្រឈមនយោបាយ។

ជម្រើសទី៣ ស្ថិតនៅក្នុងដំណាក់កាល​គំនិតនៅឡើយ ​គឺការជីកព្រែក​តភ្ជាប់ឈូងសមុទ្រពែរ្ស ទៅឈូងសមុទ្រអូម៉ង់ ​ស្រដៀងនឹងព្រែកជីកស៊ុយអេ ឬប៉ាណាម៉ា ដែរ ដោយ​ពុះកាត់ជួរភ្នំ Hajar ឆ្ពោះទៅទីក្រុង Fujairah របស់អារ៉ាប់រួម​។ ​ប៉ុន្តែវានៅតែជាគំនិតសុទ្ធសាធ ពីព្រោះគម្រោងបែបនេះ ត្រូវប្រឈមមុខនឹងការលំបាកផ្នែកវិស្វកម្ម​ដ៏មហិមារ និងអាចចំណាយអស់រាប់រយពាន់លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម