Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមនឹងក្លាយជាប្រទេស​មានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បើគិតតាមអំណាចទិញ ​វ៉ាថៃ សិង្ហបុរី

បានផុស

នៅ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាន​ព្យាករថា វៀតណាម​នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី២នៅអាស៊ីអាគ្នេយ៍​​ដោយផ្អែកលើ​សមភាព​​អំណាចទិញ (PPP) នៅចន្លោះឆ្នាំ ២០២៦ និង ២០៣១ ដោយនៅតែពីក្រោយ​ឥណ្ឌូណេស៊ី ​និងវ៉ាដាច់​ប្រទេសធំៗជាច្រើនក្នុងតំបន់​។ ​នេះបើតាមការចុះផ្សាយរបស់ Tuoi Tre កាលពីសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការរំពឹងទុកនេះ មាន​នៅក្នុងរបាយការណ៍ព្យាកររបស់ IMF​ ​ស្ដីពីទំហំសេដ្ឋកិច្ចរបស់ប្រទេសធំៗចំនួន ៦ នៅអាស៊ីអាគ្នេយ៍ ចន្លោះពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣១ រួមមាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

ក្រោមទស្សនវិស័យនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ដែលវាស់វែងដោយ PPP ត្រូវបាន​រំពឹងថានឹងឈានដល់ ២,០២៥ ទ្រីលាន​ដុល្លារអាមេរិក នៅឆ្នាំ ២០២៦ ​ដោយ​វ៉ាដាច់ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ហើយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពី​ឥណ្ឌូណេស៊ី ដែល​មាន​ចំនួន ៥,២៣០ ទ្រីលាន​ដុល្លារ។ ​

វៀតណាមក៏នឹងក្លាយជាប្រទេសតែមួយគត់ក្រៅពីប្រទេសឥណ្ឌូណេស៊ី ដែលមាន​សមភាព​អំណាច​ទិញ​លើស​ពី​ ២ ទ្រីលាន​ដុល្លារ ផងដែរ នៅអំឡុងពេល​ដដែលគ្នានោះ ខណៈគម្លាតទំហំរវាងថៃ និងថៃ បន្តកើនឡើង។ ​

​នៅឆ្នាំ ២០៣១ ​GDP ​ផ្អែកលើ PPP របស់វៀតណាម រំពឹងថានឹង​កើន​លើសពី​ថៃដល់ជាង ៥០០ ​ប៊ីលានដុល្លារ ​ដោយ​នាំមុខប្រទេសម៉ាឡេស៊ី និងហ្វីលីពីន និងពង្រឹងតំណែងរបស់ប្រទេសនេះ​ជាអំណាចសេដ្ឋកិច្ចធំទី ២ របស់អាស៊ាន។ ​

លោក Nguyen Anh Vu ប្រធានមហាវិទ្យាល័យហិរញ្ញវត្ថុនៅសាកលវិទ្យាល័យធនាគារក្រុងហូជីមិញបានមានថ្លែងថា ​PPP ​ជាពាក្យដែលធនាគារពិភពលោកប្រើ ​ដែល​ប្រើប្រាស់ស្តង់ដារតម្លៃសកល ដើម្បីប្រៀប​ធៀប​ថ្លៃ​ចំណាយសម្រាប់ការ​រស់នៅ​តាមប្រទេសនីមួយៗ និងកំណត់ថាតើត្រូវការប្រាក់ប៉ុន្មាន ដើម្បីទិញទំនិញដូចគ្នា​ក្នុង​ប្រទេសផ្សេងៗគ្នា។ (ឧទាហរណ៍៖ ប្រាក់ ៦ ដុល្លារ អាចទិញកាហ្វេបាន​ ២ កែវនៅប្រទេសថៃ និងបាន​ ៣ កែវ នៅវៀតណាម)។

​ខណៈថាការព្យាករថា PPP របស់វៀតណាមវ៉ាដាច់ថៃ គឺសមហេតុផល​ ​អ្នកជំនាញដដែល​បានពន្យល់ថា តាមប្រវត្តិសាស្ត្រ សេដ្ឋកិច្ចរបស់​ថៃមានទំហំធំជាងសេដ្ឋកិច្ចរបស់វៀតណាម ប៉ុន្តែគម្លាតនេះ បានរួមតូចគួរឱ្យកត់សម្គាល់ ដោយសារវៀតណាមបានរក្សាកំណើនរឹងមាំក្នុងរយៈពេលយូរ។

នៅឆ្នាំ ២០០៦ ​GDP របស់​ថៃមានចំនួនជាង ២២០ ​ប៊ីលានដុល្លារ បើប្រៀបធៀប GDP វៀតណាម ត្រឹម ៦៦ ប៊ីលាន​ដុល្លារ។ ​​នៅឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុបមាននាម (Nominal GDP) របស់ថៃបាន​កើនដល់ជិត ៥៣០ ប៊ីលាន​ដុល្លារ និង PPP ប្រទេសនេះ កើនដល់ ១,៧៧០ ទ្រីលាន​ដុល្លារ។ នៅឆ្នាំដូចគ្នា Normal GDP របស់វៀតណាមបាន​ស្ទុះដល់ ៤៨០ ប៊ីលាន​ដុល្លារ ជាមួយនឹង PPP កើនដល់ ១,៦៥០ ទ្រីលាន​ដុល្លារ។

យ៉ាងណាមិញ លោក​ Vu បានព្រមានថា ទោះបីជាវៀតណាមមានទំហំសេដ្ឋកិច្ចសរុបលើស​ថៃក៏ដោយ វាមិនមានន័យថា វៀតណាម​មានការអភិវឌ្ឍទូទៅខ្ពស់ជាងនោះទេ ព្រោះស្តង់ដារជីវភាព ត្រូវបានវាស់វែងបានល្អជាងដោយ​ GDP សម្រាប់មនុស្សម្នាក់ៗ (GDP per Capita)។ ​

នៅឆ្នាំ ២០២៤ ថៃមាន​ GDP per Capita ប្រមាណ ៧ ៣៥០ ដុល្លារ ខណៈវៀតណាម​មាន​ត្រឹម ៤ ៧២០ ដុល្លារ ដោយ​គម្លាតនេះ បង្កើតឡើងដោយសារតែទំហំប្រជាជន។ វៀតណាមមាន​ប្រជាជនលើស ១០០ លាន​នាក់ ធៀបនឹង​ថៃប្រហែល ៧០ លាន​នាក់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម