ព័ត៌មានអន្ដរជាតិ
តុលាការកំពូលអាមេរិកប្រកាសថា ពន្ធបដិការរបស់ ត្រាំ ខុសច្បាប់ និងត្រូវលុបចោលភ្លាមៗ
តុលាការកំពូលសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃសុក្រ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន ថ្ងៃទី ២០ កុម្ភៈ) បានសម្រេចសាលក្រមដោយប្រកាសថា លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការលើទំនិញនាំចូលពីបណ្ដាប្រទេសនៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានផ្សេងៗរួមទាំង NBC និងរ៉យទ័រ។

ការសម្រេចនេះ ទទួលបានការគាំទ្រពីចៅក្រម ៦ ទល់នឹង ៣ ដោយកំណត់ថា នយោបាយពន្ធរបស់លោក ត្រាំ លើទំនិញនាំចូលអាមេរិកពីទូទាំងពិភពលោក គឺខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧។ នេះមានន័យថា រាល់ពន្ធដែលលោក ត្រាំ បានដាក់ក្រោមច្បាប់នេះ គឺត្រូវដកចេញភ្លាមៗដោយស្វ័យប្រវត្តិ។
ការសម្រេចចិត្តនេះ មិនប៉ះពាល់ដល់ពន្ធគយទាំងអស់របស់លោក ត្រាំ ទេ តួយ៉ាងដូចជាពន្ធលើដែកថែក និងអាលុយមីញ៉ូមជាដើម ដែលលោកបានប្រើប្រាស់ច្បាប់ផ្សេងដើម្បីដាក់។
យ៉ាងណាមិញ ពន្ធលើគ្រប់មុខទំនិញលើប្រទេសនីមួយៗ ឬ «ពន្ធបដិការ» ដែលមានចាប់ពីអត្រាមូលដ្ឋាន ១០% រហូតដល់ ៣៤% លើចិន ត្រូវលុបចោលភ្លាមៗ។ ពន្ធ ២៥% ដែលលោកដាក់លើកាណាដា ចិន និងម៉ិកស៊ិក ចំពោះបញ្ហាអន្តោប្រវេសន៍ និងលំហូរថ្នាំញៀនហ្វេនតានីល ក្រោមច្បាប់ IEEPA ដូចគ្នា ក៏ត្រូវចាត់ទុកជានិរាករណ៍ផងដែរ។
ឥឡូវនេះ លោក ត្រាំ អាចនឹងស្វែងរកការដាក់ពន្ធដដែលតាមច្បាប់ផ្សេងៗ។ យ៉ាងណាមិញ ការលុបចោលពន្ធរបស់តុលាការកំពូលនាពេលនេះមានន័យថា ក្រុមហ៊ុន និងអ្នកនាំចូលទៅអាមេរិកទាំងអស់ អាចទៅដាក់ពាក្យសុំដកប្រាក់ដែលខ្លួនបានបង់ពន្ធរួចយកមកវិញ ខណៈមានក្រុមហ៊ុនជាង ១ ០០០ រួចមកហើយ ដែលបានប្ដឹងលោក ត្រាំ ចំពោះការដាក់ពន្ធបដិការរាប់តាំងពីឆ្នាំ ២០២៥ មក។
កន្លងមក លោក ត្រាំ តែងតែទទូចថា ពន្ធរបស់ខ្លួនធ្វើឡើងដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងការពារ និងលើកកម្ពស់ផលិតកម្មក្នុងស្រុក ប៉ុន្តែក្រុមអ្នករិះគន់និយាយថា វាធ្វើឱ្យទំនិញឡើងថ្លៃ ដោយធ្វើឱ្យអ្នកប្រើប្រាស់ចំណាយប្រាក់កាន់តែច្រើន។
រដ្ឋធម្មនុញ្ញអាមេរិកបានចែងថា អំណាចក្នុងការកំណត់ពន្ធត្រូវបានប្រគល់ឱ្យសភា។ ច្បាប់ IEEPA មិនបានបញ្ជាក់ជាក់លាក់អំពីពន្ធគយទេ ប៉ុន្តែអនុញ្ញាតឱ្យប្រធានាធិបតី «គ្រប់គ្រង» ការនាំចូល និងនាំចេញ នៅពេលខ្លួនយល់ថាមានអាសន្នដោយសារតែ «ការគំរាមកំហែងមិនប្រក្រតី» ចំពោះប្រទេសជាតិ។ មុនលោក ត្រាំ គ្មានប្រធានាធិបតីណាម្នាក់ធ្លាប់ប្រើច្បាប់នេះ ដើម្បីដាក់ពន្ធគយលើការនាំចូលនោះទេ។
គិតត្រឹមពាក់កណ្តាលខែធ្នូ ពន្ធក្រោមច្បាប់ IEEPA របស់ ត្រាំ បានប្រមូលប្រាក់ប្រហែល ១៣០ ប៊ីលានដុល្លារ។នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតមកពីគយ និងការពារព្រំដែនសហរដ្ឋអាមេរិក។ កន្លងមក លោក ត្រាំ បានអួតអាងពីចំនួនប្រមូលបានខ្ពស់ជាងនេះទៅទៀត រហូតដល់ ៣ ទ្រីលានដុល្លារ ដោយលោករាប់បញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរដ្ឋបាលរបស់លោកបានចរចាជាមួយប្រទេសដទៃ។ លោកបានព្រមានពីមុនផងដែរថា ការលុបចោលពន្ធរបស់លោក នឹងបង្កជា «មហន្តរាយសម្រាប់ប្រទេស» និង «ផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច»៕
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


