Connect with us

សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ច៖ កម្ពុជា នឹងស្រូបចំណូលថ្មី​ពីការបើក​ទីផ្សារនាំចេញសម្បុក​ត្រចៀកកាំទៅចិន

បានផុស

នៅ

​បន្ទាប់ពីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផល​សម្បុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ទាំងអ្នកជំនាញសេដ្ឋកិច្ច សមាគមត្រចៀកកាំកម្ពុជា និងមន្រ្តីរាជរដ្ឋាភិបាល មើលឃើញពីសញ្ញាល្អ នៃវិស័យនេះនាថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ​បណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការចិញ្ចឹមសត្វត្រចៀកកាំ នៅកម្ពុជា កំពុងតែមានសម្ទុះកើនឡើងជាលំដាប់។ ​កម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីផលិតផ្គត់ផ្គង់តម្រូវការ។

លោកបណ្ឌិតបន្តដូច្នេះថា «នៅពេលយើងនាំផលិតផលចេញ មានន័យថា យើងបាននាំចូលមកវិញនូវរូបិយបណ្ណ នោះហើយគឺជាផលចំណេញផ្នែកសេដ្ឋកិច្ច។​ ប្រសិនបើយើង សម្រេចបានការនាំចេញទឹកមាត់ត្រចៀកកាំ មិនត្រឹមតែចំណេញផ្នែកពន្ធដារ តែក៏ជួយផ្តល់ការងារដល់ប្រជាជនក្នុងស្រុក និងបង្កើនប្រាក់ចំណូល​ដល់អ្នកចិញ្ចឹមផងដែរ»។

​​លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា « បើសិនណាជាយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​លើទឹកមាត់ត្រចៀកកាំនេះ​ច្រើន ​​យើងនឹងបង្កើន​ការផលិតកាន់តែច្រើន នោះយើងនឹងមានផលប្រយោជន៍កាន់តែច្រើន នៅក្នុងវិស័យសេដ្ឋកិច្ច»។

លោកចង់មានន័យថា រដ្ឋក៏ចំណេញ ម្ចាស់អាជីវកម្មក៏ចំណេញ ជាពិសេសបានបង្កើតការងារដល់ពលរដ្ឋជាដើម។​ ជាងនេះទៀត នឹងបានបង្ហាញពីអត្តសញ្ញាណទឹកមាត់ត្រចៀកកាំប្រចាំប្រទេសយើងទៅកាន់អន្តរជាតិផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានសង្កត់ធ្ងន់ថា ការនាំចេញផលិតផល ចាំបាច់ត្រូវមានការសហការគ្នារវាងវិស័យឯកជន និង​ឯកជន និងស្ថាប័នរដ្ឋ ត្រូវដើរតួនាទីជាអ្នកសម្របសម្រួលផ្តល់បច្ចេកទេស និងព័ត៌មាននានា ដើម្បីធានាបានការផ្គត់​ផ្គង់ផលិតផលមានគុណភាព ក្នុងការនាំចេញ។

សម្បុកត្រចៀកកាំមានតម្លៃថ្លៃ ប្រសិនបើមានទីផ្សារកាន់តែទូលាយ ផលិតផលនេះ នឹងជួយសេដ្ឋកិច្ចជាតិកាន់តែធំ នាថ្ងៃអនាគត។ នេះជាការបន្ថែមរបស់លោកបណ្ឌិត ហុង វណ្ណៈ។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានលើកឡើងថា ការចុះ MOU រវាងភាគីកម្ពុជា និងចិន ក្នុងការនាំចេញទឹកមាត់ត្រចៀកកាំនេះ គឺជាសញ្ញាវិជ្ជមាន ជាពិសេសសម្រាប់កសិករដែលចិញ្ចឹមត្រចៀកកាំ និងមើលឃើញគោលដៅកាន់តែច្បាស់លាស់សម្រាប់អនាគតនៃសម្បុកត្រចៀកកាំដែលពួកគាត់បានផលិត។ លោកបន្ថែមថា តាមរយៈអនុស្សារណៈនេះ ក៏ជាផ្នែកមួយទាក់ទាញវិនិយោគិនពីប្រទេសផ្សេងទៀត ឱ្យបានស្គាល់ និងចាប់ផ្តើមវិនិយោគលើវិស័យសម្បុកត្រចៀកកាំ ដែលជាផលិតផលសក្កានុពលក្នុងផ្នែកសិកម្មរបស់កម្ពុជា។

លោក កែ មុន្ធិវុធ ប្រធាននាយកដ្ឋានអនាម័យ និងភូតគាមអនាម័យ បានប្រាប់កម្ពុជាថ្មីថា ទំហំនៃការនាំចេញទឹក​មាត់ត្រចៀកកាំ នៅមិនទាន់ដឹងច្បាស់នៅឡើយ ព្រោះត្រូវប្រើពេលរៀបចំឯកសារចរចាជាមួយអគ្គរដ្ឋបាលគយចិន តាមដំណាក់កាល។ លោកបញ្ជាក់ថា ជាគោលដៅលោករដ្ឋមន្រ្តី វេង សាខុន បានណែនាំឱ្យជំរុញការងារនេះ​ឱ្យបានឆាប់ ដើម្បីបើកទីផ្សារ។

ប្រធាននាយកដ្ឋានអនាម័យ និងភូតគាមអនាម័យ បន្ថែមដូច្នេះថា«ពេលដែលយើងចរចាបើកទីផ្សារនាំចេញ​ផលិផលនេះទៅចិនបាន គឺអាចជួយសេដ្ឋកិច្ចជាតិ ដោយសារសម្បុកត្រចៀកកាំមានតម្លៃខ្ពស់ បើសិនជា​បាននាំចេញគុណនឹងលុយច្រើនណាស់ ខ្ញុំមានសុទិដ្ឋិនិយមសប្បាយរីករាយ និងមានកម្លាំងចិត្តក្នុងការ​ជំរុញកិច្ចការងារនេះ សង្ឃឹមថា យើងនឹងជោគជ័យឆាប់ៗនេះ»។

សូមបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា មាន​ផ្ទះត្រចៀកកាំចំនួន ​៨៧២​ផ្ទះ ដោយអាចផ្តល់ផលចន្លោះពី ១តោន-១,៥តោន/ខែ។​ ​សម្បុកត្រចៀកកាំ​ទើបប្រមូល មានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ​ ក្នុងមួយគីឡូក្រាម និងសម្បុក​ត្រចៀកកាំ ដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម។ នេះបើយោងតាមស្ថិតិ​​របស់រដ្ឋបាលព្រៃឈើនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម