សេដ្ឋកិច្ច
៥ ឆ្នាំ ពលរដ្ឋឃុំអណ្ដូងទឹក ទទួលអនុផលផ្លែសំរងលក់ឱ្យឈ្មួញម្ដង
ក្រុមប្រជាពលរដ្ឋភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ លើកឡើងរួមគ្នាថា ៥ ឆ្នាំម្តង ទើបមានអនុផលផ្លែសំរងបេះលក់ឱ្យឈ្មួញម្តង ព្រោះវាជាប្រពៃណីរបស់អ្នកភូមិដែលក្រៅពីការធ្វើស្រែចម្ការ។

អ្នកស្រី កើត រតនា ជាឈ្មួញធំមួយនៅឃុំអណ្តូងទឹកដែលប្រមូលទិញផ្លែសំរងយកទៅលក់បន្តទៅតាមបណ្ដាខេត្តផ្សេងៗ នៃប្រទេសកម្ពុជា បានរៀបរាប់ថា ទូទៅ ៤ ទៅ ៥ ឆ្នាំ ទើបមានផ្លែសំរងនេះលក់ម្តង ដោយប្រជាជនចេញពីភូមិឋានទៅរើសក្រោមព្រៃឈើដែលមិនឆ្ងាយពីផ្ទះ ដើម្បីមកលក់ឱ្យគាត់។
អ្នកស្រី កើត រតនា បន្ថែមថា ផ្លែសំរងប្រភេទចាស់ ក្នុង ១ គីឡូក្រាម ថ្លៃ ១៥ ០០០ ទៅ ២ ម៉ឺនរៀល រីឯផ្លែសំរងដែលហាលស្ងួតហើយ ក្នុង ១ គីឡូក្រាម ថ្លៃ ៧ ម៉ឺនរៀល ឡើងទៅ។ ក្នុង ១ ថ្ងៃ គាត់អាចប្រមូលទិញពីពលរដ្ឋចាប់ពី ៣០០ គីឡូក្រាម ទៅ ៥០០ គីឡូក្រាម។

ចំណែកអ្នកស្រី ស្តើង ស្រីមុំ ក៏ជាអ្នកទិញផ្លែសំរងពីពលរដ្ឋម្នាក់ក្នុងឃុំអណ្តូងទឹក លើកឡើងកាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៤ ថ្មីៗ នេះថា ផ្លែសំរងដែលគាត់ទិញបានពីពលរដ្ឋ គាត់អាចលក់បន្តទៅឈ្មួញកណ្ដាលតាមដែលត្រូវថ្លៃសម្រាប់ការលក់។ ក្នុង ១ ថ្ងៃ ទិញបាន ២០០ ទៅ ៣០០ គីឡូក្រាម ពេលខ្លះមិនទៀងនោះទេ។
អ្នកស្រី ស្តើង ស្រីមុំ រំលឹកទៀតថា ផ្លែសំរង ត្រូវបានយកទៅធ្វើជាបង្អែមពិសា ព្រោះគេជឿជាក់ថា ធ្វើឱ្យត្រជាក់ក្នុងខ្លួន និងកាត់បន្ថយជាខ្លាញ់ជាដើម។ ការប្រមូលអនុផលព្រៃឈើនេះដែរ ផ្តើមធ្វើឡើងនៅខែកុម្ភៈ ដល់ខែមេសា ដែលជារដូវពេញការប្រមូលផល។

ស្រុកបូទុមសាគរ ត្រូវបានគេមើលឃើញថា ជាស្រុកមួយមានប្រជាពលរដ្ឋចេញទៅព្រៃរកអនុផលផ្លែសំរងមកលក់ច្រើនជាងបណ្តាស្រុកផ្សេងៗ ក្នុងខេត្តកោះកុង។ តែទោះយ៉ាងណា គេមិនដឹងច្បាស់ពីវិធីសាស្ត្រក្នុងការបេះយកផ្លែសំរងនេះយ៉ាងណានោះទេ ដោយពលរដ្ឋខ្លះនិយាយថា ទៅរើសពីក្រោមដើម រីឯមន្ត្រីសុំមិនបញ្ចេញឈ្មោះខ្លះនិយាយថា ពួកគាត់ទៅកាប់ដើមវាយកផ្លែទាំងចាស់ ឬ ទុំ មកលក់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច