សេដ្ឋកិច្ច
ឆ្នាំ២០២៤នេះអត្រាអតិផរណានៅកម្ពុជាស្ថិតនៅក្នុងរង្វង់២ភាគរយ
ភ្នំពេញ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦ភាគរយ នៅឆ្នាំ២០២៤នេះជាមួយនឹងកម្រិតសន្ទស្សន៍តម្លៃទំនិញ ឬហៅថាអតិផរណា នៅកម្ពុជាស្ថិតនៅក្នុងរង្វង់២ភាគរយប៉ុណ្ណោះ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣» នៅថ្ងៃទី២០ឧសភានេះ លោកស្រីបណ្ឌិត បានបន្តថាសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើង តាំងពីឆ្នាំ២០២៣ ក្នុងអត្រា៥ភាគរយ ជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ ដែលធ្វើឱ្យអត្រាអតិផរណាបានថយចុះមកត្រឹម២,១ភាគរយ ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បើទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរណាសកលក៏ដោយ។
លោកស្រីបណ្ឌិតបាន បន្តទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។លើសពីនេះ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថានឹងរួមចំណែក ទាក់ទាញលំហូរវិនិយោគនិងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

លោកស្រីបណ្ឌិតបានបន្ថែមថាការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បានធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនថ្លៃធៀបនឹងរូបិយប័ណ្ណជាច្រើននៅលើទីផ្សារអន្តរជាតិ ប៉ុន្តែសម្ពាធមកលើប្រាក់រៀល ត្រូវបានគ្រប់គ្រងដែលធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថិរភាព តាមរយៈការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗ ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះទុនបម្រុងអន្តរជាតិរក្សា បានក្នុងកម្រិតសមស្របដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បាន៧ខែ ខ្ពស់ជាងកម្រិតអប្បបរមា៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។
លោកស្រី ជា សិរី បញ្ជាក់បន្ថែមថា បំណុលក្រៅប្រទេសបានកើនឡើងបន្តិច ប៉ុន្តែសមាមាត្របំណុលធៀបនឹងផលិតផលសរុបក្នុងស្រុក(ផ.ស.ស) បានថយចុះដោយសារកំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់ជាងកំណើនបំណុល ក្រៅប្រទេស។ នៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន, ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជមានចំនួនជាង៩១ភាគរយ នៃទ្រព្យសកម្មសរុប។
ទោះយ៉ាងណា លោកស្រីបណ្ឌិតបានឱ្យដឹងទៀតថាសេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹងនិងការបែងចែកផ្នែកភូមិសាស្ត្រនយោបាយ ការអូសបន្លាយនៃការ រឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រ ជាដើម។ហានិភ័យទាំងអស់នេះ អាចបណ្តាលឱ្យសកម្ម ភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។ ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជាក៏ប្រឈម នឹងហានិភ័យផងដែរ ដូចជាហានិភ័យឥណទាននិងទីផ្សារ ជាដើម។

លោកស្រីបណ្ឌិតបានបន្ថែមទៀតថាប្រឈមនឹងហានិភ័យទាំងនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានូវភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ហើយនឹងដាក់ចេញវិធានការគាំទ្រតាមការចាំបាច់ សំដៅគាំទ្រកំណើន សេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុជាតិ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


