Connect with us

ព័ត៌មានជាតិ

ទំហំមូលធនូបនីយកម្មទីផ្សារនៃផ្សារមូលបត្រ កម្ពុជាមានប្រហែល២,៧៣ ប៊ីលានដុល្លារគិតត្រឹម​ត្រីមាសទី២ឆ្នាំនេះ

បានផុស

នៅ

គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានចំនួនប្រហែល ១១,២២ ទ្រីលានរៀល (ប្រហែល ២,៧៣ ប៊ីលានដុល្លារអាមេរិក) ខណៈទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១០.៥៨៧.០៣៧ ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោល មានប្រហែល ៩២,៣៩% និងទីផ្សារកំណើនមានចំនួនប្រហែល ៧,៦១% នៃទំហំជួញដូរសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់និយ័តករមូលបត្រកម្ពុជា(SERC)ចេញផ្សាយកាលពីពេលថ្មីៗនេះ នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា (CSX) មានផលិតផលចំនួនពីរប្រភេទ គឺមូលបត្រ កម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។

ចំពោះទីផ្សារ មូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១១ ក្រុមហ៊ុន ដែលនៅក្នុងនោះមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីនៅទីផ្សារកំណើន។ រីឯទីផ្សារមូលបត្រ បំណុលមានក្រុមហ៊ុនចំនួន ១២ បានបោះផ្សាយលក់មូលបត្របំណុល (ក្នុងនោះមូលបត្របំណុលដែល កំពុងចុះបញ្ជីមានចំនួន ១០ ហើយមានមូលបត្របំណុលចំនួន ៧ បានដល់ឥណប្រតិទាន)។ ចំពោះ ទីផ្សារមូលបត្របំណុល ពុំមានការជួញដូរលើសញ្ញាបណ្ណសាជីវកម្មណាមួយទេ។

« ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ មានវិនិយោគិនសកម្មសរុបចំនួន ១០ ២០៤នាក់បានជួញដូរមូលបត្រកម្មសិទិ្ធនៅ CSX ក្នុងនោះមូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា មានចំនួនវិនិយោគិនជួញដូរច្រើនជាងគេ»។ នេះបើយោងតាម SERC។

លោក ស៊ូ សុជាតិ អគ្គនាយក SERC បានលើកឡើងថា ទីផ្សារមូលបត្រកម្ពុជាបានចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងជាទីកន្លែងផ្តល់ជម្រើសថ្មីនៃប្រភពទុនសម្រាប់បណ្តាក្រុមហ៊ុននានាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

លោកបានថ្លែង៖« ខ្ញុំសង្ឃឹងយ៉ាងមុតមាំថា វិនិយោគិន សាធារណជន ស្ថាប័នជាតិ និងអន្តរជាំតិ នឹងកាន់តែដឹងច្បាស់អំពីស្ថានភាពទីផ្សារមូលបត្រនៅកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់និយ័តករមូលបត្រកម្ពុជាក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ»។

ជាមួយគ្នានេះដែរ គិតចាប់តាំងពីឆ្នាំ២០១២ ដល់ត្រីមាសទី២ឆ្នាំ២០២៤ មានវិនិយោគិនសរុបចំនួន ៥១ ៧៧១ នាក់ទទួលបានលេខអត្តសញ្ញានវិនិយោគិនពី SERC។ ក្នុងនោះ៤៦ ១២៣នាក់ជាំវិនិយោគិនកម្ពុជា និង ៥ ៦៤៨ ជាវិនិយោគិនបរទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម