Connect with us

ព័ត៌មានជាតិ

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

បានផុស

នៅ

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយសមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដើម្បី​លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព​ ជាពិសេសដើម្បីគាំទ្រសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) តាមរយៈការអភិវឌ្ឍសមត្ថភាព សេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុស្ថាប័នហិរញ្ញវត្ថុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័នទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី២៤ខែមករានេះ ​នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ស្តីពី «ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង»។

​តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ CMA និង CGCC នឹងធ្វើការរួមគ្នា ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព MSMEs BFIs និងភាគីពាក់ព័ន្ធនានា ដោយ រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងធ្វើការសិក្សាស្រាវជ្រាវនានា ក្នុងគោលដៅលើកកំពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជម្រុញសេវា
ហិញ្ញវត្ថុឌីជីថល និងការគាំទ្រគំនិតផ្តួចផ្តើមវិស័យ​បៃតងនៅកម្ពុជា ។ ​ហើយអនុស្សរណៈនៃការយោគយល់គ្នានេះនឹងមាន​ប្រសិទ្ធភាព​រយៈពេល​បី​ឆ្នាំ ​គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខានេះតទៅ។

លោក ហួត អៀងតុង តំណាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា​ ​កិច្ចសហប្រតិបត្តិការនេះ  គឺជាជំហ៊ានដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ លោកថា៖«តាមរយៈការរួមបញ្ចូលគ្នាទាំងធនធាន និងជំនាញ យើងអាចបង្កើតនូវ​ប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដែលគាំទ្រការលូតលាស់នៃអាជីវកម្មធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព»។

ជាមួយគ្នានោះដែរ​ លោក ណូ លីដា អគ្គនាយក CGCC បានលើកឡើងថា​CGCC នឹងសហការជាមួយ CMA ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើង។

លោកថា៖«CGCC និង CMA ក៏ដូចជាសមាជិករបស់ CMA នឹងមានឱកាសជាច្រើន ក្នុងការប្រើប្រាស់ការធានាឥណទាន ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីចាំបាច់ដល់អាជីវកម្ម ដែលមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៅកម្ពុជា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម