Connect with us

សេដ្ឋកិច្ច

គម្រោង WCAD រួមចំណែកគាំទ្រផ្នែកហិរញ្ញវត្ថុផ្គត់ផ្គង់ទឹកស្អាត-អនាម័យ សរុប ២៧៩ លានដុល្លារ

បានផុស

នៅ

លោក​ស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា​ចាប់តាំងពី​ដំណាក់​កាល​សាកល្បង​ក្នុងឆ្នាំ២០១៧ រហូត​ដល់​ការដាក់​ឱ្យ​អនុវត្ត​យ៉ាង​ពេញលេញ គម្រោង​ WCAD ​បានចូលរួម​ចំណែកជួយ​គាំទ្រផ្នែកហិរញ្ញវត្ថុ​សម្រាប់​ការផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យជាមួយ​នឹង​សមតុល្យ​ឥណទាន​សរុបចំនួន ២៧៩ លានដុល្លារ ដល់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ២,១លាននាក់ ជាមួយ​នឹង​ឥណទាន​សរុបជាង ៤៦៨.០០០ គណនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ចប្រជុំ WATER CREDIT PARTNERS MEETING ក្រោមប្រធានបទ “Flowing Together: Financing Sustainable Solutions for Water and Sanitation” នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នាទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន លោក​ស្រី ឌិត នីតា បាន​លើក​ឡើង​ពី​ផលជះជាវិជ្ជមានក៏ដូច​ជាការចូលរួម​ចំណែក​ដ៏សំខាន់​របស់គម្រោង WCAD ក្នុងកិច្ចការ​ជំរុញ​លទ្ធភាព​ទទួលបានឥណទាន​សម្រាប់ការ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងសហគមន៍ ជាពិសេស​ប្រជាពលរដ្ឋ​នៅតំបន់​ដាច់​ស្រយាល។

លោក​ស្រី​ បាន​សង្កត់​ធ្ងន់​ថា​ “ចាប់តាំងពីគម្រោង WCAD បានផ្តួចផ្តើមឡើង​តាំងពីដំណាក់កាល​សាកល្បង​ក្នុងឆ្នាំ២០១៧ រហូតដល់ការដាក់​ឱ្យអនុវត្តយ៉ាងពេញលេញ គម្រោង​នេះបាន​ចូលរួមចំណែកជួយ​គាំទ្រផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាមួយនឹងសមតុល្យឥណទានសរុបចំនួន ២៧៩ លានដុល្លារ ដល់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ២,១ លាននាក់ ជាមួយនឹងឥណទានសរុបជាង ៤៦៨.០០០ គណនី”។

លោក​ស្រី ក៏បានរំលេចដែរថា គម្រោង WCAD មិនត្រឹមតែជាផលិតផល ឬសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះគឺស្ពានចម្លងសម្រាប់ប្រជាពលរដ្ឋដើម្បីទទួលបាននូវសុខមាលភាពល្អប្រសើរ អនាម័យ ការអប់រំ និងឱកាស ដែលយើងអាចឃើញផលជះទាំងនេះនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គម្រោងឥណទានទឹកស្អាតនិងអនាម័យ (WCAD) ដែលជាគំនិតផ្តួចផ្តើមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងទទួលបានការគាំទ្រថវិការពីអង្គការ Water.org មានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការជំរុញនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សេវាទឹកស្អាត និងអនាម័យក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាពិសេសនៅតំបន់ដាច់ស្រយាល។

សូម​ជម្រាប​ថា កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយអង្គការ Water.Org មានគោលបំណងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នារវាងភាគីពាក់ព័ន្ធ ជាពិសេសដៃគូដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាត និងអនាម័យ (WCAD) ក៏ដូចជាចែករំលែកនូវចំណេះដឹង បទពិសោធល្អៗ ព្រមទាំងឧត្តមាននុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តគម្រោង WCAD។

កិច្ចប្រជុំដដែលនេះ ក៏នឹងផ្តល់នូវកាលានុវត្តភាពដ៏ល្អដល់សិក្ខាកាមដើម្បីសិក្សាស្វែងយល់កាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងផលជះ និងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង WCAD ព្រមទាំងឈ្វេងយល់អំពីនិន្នាការ និងឱកាសនានា សំដៅធានាបាននូវការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យចំពោះប្រជាពលរដ្ឋនៅសហគមន៍បានកាន់តែល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម