Connect with us

សេដ្ឋកិច្ច

សមាគមធនាគារអះអាង វិស័យធនាគារកម្ពុជា នៅតែមានភាពរឹងមាំ

បានផុស

នៅ

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុ (CMA) បានអះអាងថា​ វិស័យធនាគារ ​និង​ហិរញ្ញវត្ថុកម្ពុជា ​នៅតែបន្តមានភាពរឹងមាំ ​ពោលគឺមានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិត​ក្រោមការត្រួតពិនិត្យពីធនាគារជាតិ (NBC) ​ជាមួយនឹងសូចនាករចម្បងៗ នៃភាព​ប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការអះអាងរបស់សមាគមទាំងពីរ បានធ្វើឡើង​បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន​មិនពិត ពាក់ព័ន្ធ​នឹងស្ថានភាពហិរញ្ញវត្ថុរបស់​ធនាគារមួយចំនួន ដែលមិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ ​និងហិរញ្ញវត្ថុនៅកម្ពុជា។​

សមាគមធនាគារនៅកម្ពុជា បញ្ជាក់ថា៖ «ភាពរអាក់រអួល​ចំពោះ​ប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ ​មិនគួរយកទៅបកស្រាយថា​ ជាការ​ឆ្លុះបញ្ចាំង​ពីស្ថានភាពនៃប្រព័ន្ធធនាគារ ​និង​ហិរញ្ញវត្ថុទាំងមូលនោះឡើយ»។

​​វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង​ រួមទាំងការត្រួត​ពិនិត្យ និងវិធានការ​ធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។

​សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ​ថ្កោលទោស​ចំពោះការ​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់ជំនឿចិត្ត របស់សាធារ​ណ​ជន​មក​លើ​ប្រព័ន្ធធនាគារនៅកម្ពុជា។​

​សមាគមទាំងពីរ ​ក៏បានអំពាវនាវដល់សាធារណជន ​កុំឱ្យឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មាន ដែលគ្មានប្រភពច្បាស់​លាស់ពីបណ្តាញសង្គម។ ​សូមតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃកម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ​ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់​សេវាដោយ​ផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម។

​លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ​បាន​អំពាវ​នាវ​កុំឱ្យ​អតិថិជនដែលបានដាក់ប្រាក់​បញ្ញើ​នៅ​ក្នុងគ្រឹះ​ស្ថានធនា​គារ​​​នាំគ្នាសម្រុកទៅដកប្រាក់​ទាំងអស់​ចេញពីធនាគារ​ក្នុង​ពេល​តែមួយ​ ដែលវានឹង​ធ្វើ​​ឱ្យ​ធនា​គារខ្វះសាច់ប្រាក់​សងត្រឡប់។

​លោកស្រី ជា សិរី ​ពន្យល់ថា ​តួនាទីរបស់ធនាគារ​គឺអន្តរការីយកម្ម​ បានន័យថា ​គាត់ទទួលប្រាក់​បញ្ញើ​ពីអ្នកដែលមាន​លុយលើសមិនទាន់មានតម្រូវការ ហើយគាត់ផ្ដល់លុយ​នោះទៅឱ្យអ្នកដែល​មានតម្រូវការចាំបាច់ប្រើប្រាស់ ដើម្បីវិនិ​យោគ​នៅក្នុងវិស័យសេដ្ឋកិច្ច ដូចជាទិញផ្ទះ សាងសង់​សណ្ឋាគារ និងសាងសង់រោងចក្រជាដើម។​

​លោកស្រី ជា សិរី ​ប្រាប់ថា ​ក្នុងរយៈពេលវែង ​ធនាគារតែងតែមានសាច់ប្រាក់​គ្រប់គ្រាន់​ក្នុងការបើក​ឱ្យអតិថិជនដាក់ប្រាក់បញ្ញើ ​ក៏ប៉ុន្តែ​ក្នុងពេលដែលអតិថិជន​សម្រុកដកលុយ​ពីគ្រឹះស្ថាន​ធនា​គារទាំង​អស់ក្នុងពេលតែមួយនឹងធ្វើឱ្យធនាគារខ្វះសាច់ប្រាក់បង្វិលសង ​ដោយសារ​លុយ​ទាំងអស់​នោះគាត់​បានយកទៅផ្ដល់កម្ចីដែលមានរយៈពេលវែង។​

លោកស្រី ជា សិរីថា៖ «លុយគាត់បង្វិលអត់ទាន់ ​មិនមែន​គាត់ អត់មានលុយសងទេ ​ក៏ប៉ុន្តែគាត់ បង្វិលអត់ទាន់ ​ដោយ​សារលុយទាំងអស់នោះ ​គាត់បានផ្ដល់ទៅឱ្យ​អ្នកដែលខ្ចី​ ហើយអ្នកដែលខ្ចីនោះ ​គាត់ខ្ចីរយៈពេលវែង​ ដូច្នេះហើយប្រសិន​បើទាំងអស់គ្នា​មកទារប្រាក់ទាំងអស់​ក្នុងពេលតែមួយ​ ធនាគារ​គាត់ក៏ត្រូវតែទារ​ពីអ្នកដែល​គាត់ឱ្យខ្ចីនោះទាំងអស់​ក្នុងពេលតែមួយ​ ហើយ​យើងដឹងហើយ ​អ្នកធ្វើអាជីវកម្ម ​គឺគាត់​គ្មានលទ្ធភាពសងត្រឡប់ទាំងអស់​ក្នុងពេល​តែមួយ​នោះ​ទេ»។​

​លោកស្រី ជា សិរី ​បញ្ជាក់ថា បន្ថែមថា៖ «ប្រសិនជា​អ្នកដាក់ប្រាក់បញ្ញើទាំងអស់​មកដកប្រាក់ខ្លួន​ឯងទាំងអស់​ក្នុងពេលតែមួយ​វាជារឿងធម្មតាទេ​ដែលធនាគារ​មិនមានសាច់ប្រាក់​ ផ្ដល់ទៅឱ្យអតិ​ថិជន​ដាក់ប្រាក់បញ្ញើ»។​

​បើតាមលោកស្រី ជា សិរី ប្រព័ន្ធធនាគារ​កម្ពុជា ​នៅបន្តរឹងមាំដែលអតិថិជន​នៅបន្ត​ប្រតិបត្តិ​ការ​បាន​ជា​ធម្មតា ដោយអំពាវនាវឱ្យអតិថិជនទុកពេលវេលាឱ្យធនាគារ​ជាតិបន្តធ្វើការជាមួយ​ធនា​គារដែល​ពាក់ព័ន្ធ និងរកវិធីដោះស្រាយប្រាក់បញ្ញើអតិថិជនទាំងអស់៕

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម