ព័ត៌មានជាតិ
សមាគមធនាគារ និងហិរញ្ញវត្ថុ គាំទ្រតបតាមការអំពាវនាវពីរដ្ឋាភិបាល និងធនាគារជាតិក្នុងការសម្រួលបន្ទុកហិរញ្ញវត្ថុដល់យោធិន ក្រុមគ្រួសារ និងពលករចំណាកស្រុកពីថៃ
លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងប្រាប់កម្ពុជាថ្មីថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ (ធនាគារ និងមីក្រូហិរញ្ញវត្ថុ) បានកំពុងធ្វើការសហការគ្នាឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាក្នុងការជួយសម្រួលបន្ទុកដល់យោធិនពលី យោធិនជួរមុខ និងក្រុមគ្រួសារ ជនភាសសឹក និងពលករចំណាកស្រុកពីប្រទេសថៃ សំដៅធ្វើយ៉ាងណាកុំឱ្យពួកគាត់មានក្តីបារម្ភនៃបញ្ហាសំណងកម្ចី។

ការឆ្លើយតបរបស់លោក តូច ចៅចេក ក៏ជាប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាធ្វើឡើងដើម្បីសម្រួលបន្ទុកដល់បងប្អូនដែលជាងកងទ័ពកំពុងតស៊ូការពារជាតិពីការឈ្លានពានរបស់ថៃ។ លោកបានលើកឡើងថា៖«សមាគមយើងកំពុងតែរៀបចំយន្តការឆ្លើយតបនានា ទៅនឹងការអំពាវនាវពីសំណាកសម្តេចធិបតី និងធនាគារជាតិនៃកម្ពុជាដើម្បីសម្រួលបន្ទុកហិរញ្ញវត្ថុដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ។ ជាមួយគ្នានេះដែរ យើងក៏កំពុងរៀបចំយន្តការនៃការជួយសម្រួលដល់បងប្អូនពលករយើងដែលមកពីប្រទេសថៃផងដែរ។ យើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីគាំទ្រដល់យោធិនជួរមុខ និងក្រុមគ្រួសារ និងពលករយើងពីថៃតាមយន្តការពិសេសនានាដែលកំពុងរៀបចំ»។
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប៉ុន្មានបន្ទាប់ពីការអំពាវនាវ នៅព្រឹកថ្ងៃទី៣០ខែកក្កដាចេញសេចក្តីថ្លែងការណ៍រួមគាំទ្រយ៉ាងពេញទំហឹងស្របតាមសារអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពី «វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
សមាគមទាំងពីរនិងគ្រឹះស្ថានសមាជិករបស់ខ្លួនទាំងអស់ ប្តេជ្ញាចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
«សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមជាមួយនឹងគ្រឹះស្ថានសមាជិកទាំងអស់ ជឿជាក់យ៉ាងមុតមាំថា ការចូលរួមចំណែក ការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន គឺជាស្មារតីសាមគ្គី ស្នេហាជាតិ និងវប្បធម៌ចែករំលែកដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរយើង ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់វិស័យធនាគារ និងហិរញ្ញវត្ថុក្នុងការជួយគាំទ្រដល់ប្រជាជន និងប្រទេសជាតិរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកនេះ។ សមាគមទាំងពីរ សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ យោធិន នគរបាលជាតិ ដែលតែងយកចិត្តទុកដាក់នូវសុខមាលភាពប្រជាពលរដ្ឋ និងបូជាកម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចខិតខំប្រឹងប្រែង ការពារបូរណភាពដែនដី និង ស្វែងរកសន្តិភាពសម្រាប់ប្រជាជន»។
កាលពីយប់ថ្ងៃទី២៩ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើការអំពាវនាវដល់សមគមហិរញ្ញវត្ថុទាំងពីររៀបចំយន្តការនានាដើម្បីជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារដែលកំពុងជម្លៀសខ្លួនពីសង្រ្គាម។

សម្តេចបានសរសេរនៅលើបណ្តាញសង្គមផ្លូវការថា៖« ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ»។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ បានចេញវិធានការណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន ១០ លានរៀល របស់អតិថិជនជាកងទ័ពពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន ៨០ លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។
ធនាគារជាតិសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

លើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


