ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង $ ១០៦ លាន ពីការនាំចេញជ័រកៅស៊ូក្នុងរយៈពេល២ខែដើមឆ្នាំនេះ
ប្រទេសកម្ពុជាបានធ្វើការនាំចេញជរ័កៅស៊ូចំនួន៥៤ ៥៨៧តោន ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥នេះ ដោយថយចុះ៦,៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈតម្លៃនាំចេញសរុបសម្រេចបានជាង១០៦លានដុល្លារ ដកើនឡើង ២៦,៦៥%ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ បរិមាណបញ្ចេញលក់ជ័រកៅស៊ូគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ (រយៈពេល២ខែ) មានចំនួន៥៤ ៥៨៧តោន បានថយចុះចំនួន៣ ៦៧២តោន ស្មើនឹង៦,៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះបរិមាណបញ្ចេញលក់ឈើកៅស៊ូក្នុងខែកុម្ភៈ ឆ្នាំ២០២៥ មានចំនួន១ ៧៨៥ម៉ែត្រគីប និង បរិមាណបញ្ចេញលក់ឈើកៅស៊ូគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ មានចំនួន៣ ៧៣១ម៉ែត្រគីប ។
ចំពោះចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល២ខែឆ្នាំនេះមានចំនួនជាង១០៦ លានដុល្លារបាន កើនឡើងចំនួន២៦,៦៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូមានចំនួន១០៥ ១២០ ២៣៤ដុល្លារ និងចំណូលពីការនាំចេញឈើមានចំនួន ៩៦៨ ៥៣០ដុល្លារ។

ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមគឺ ១ ៩០៧ដុល្លារ/តោន បានថយចុះចំនួន២៦ ដុល្លារ/តោន ស្មើនឹង១,៣៤% ធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន៤៤១ដុល្លារតោន ស្មើនឹង៣០,១% ធៀបនឹង ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគិតជាមធ្យមគឺ ១ ៤៦៦ដុល្លារ/តោន។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗនេះថា ស្ថានភាពនៃការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូល្អប្រសើរតាំងពីឆ្នាំ ២០២៤ ដោយសារតែស្ថានភាពអាកាសធាតុ។
លោក ម៉ែន សុភក្តិលើកឡើងថា៖ «កាលពីខែវស្សា អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយមានការធ្លាក់ភ្លៀងរំខានទៅលើចម្ការ ទៅដល់ការចៀរជ័រ ដែលធ្វើឱ្យយកជ័រមិនបានពីចម្ការមក អញ្ចឹងហើយ ការផលិត និងការផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តាមួយជំរុញឱ្យតម្រូវការកើនឡើង ដែលធ្វើឱ្យតម្លៃកើនឡើងផងដែរ»។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។
លោកថា៖«ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ»។
លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) នៅក្នុងឆ្នាំ ២០២៤ កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា។ នេះបើយោងតាមអគ្គនាយកដា្ឋនកៅស៊ូ ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


