Connect with us

ព័ត៌មានជាតិ

កម្ពុជា-តួកគី​គ្រោងនឹងរៀបចំនូវវេទិកាវិនិយោគនិង​ធុរកិច្ចរួមគ្នាដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

បានផុស

នៅ

ជាកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់នូវទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ មន្រ្តីកម្ពុជា និងវិស័យឯកជននៃសាធារណរដ្ឋតួកគី​បានប្តេជ្ញារួមគ្នាក្នុងការសហការ​រៀបចំនូវវេទិកាវិនិយោគនិងធុរកិច្ចរួមគ្នា ការផ្គូរផ្គងធុរកិច្ច ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងតម្រូវការទំនិញនាំចេញ-នាំចូល និងវិស័យឧស្សាហកម្មអាទិភាពរបស់ប្រទេសកម្ពុជានិងតួកគីយ៉េ ក៏ដូចជាការផ្តល់ការសម្របសម្រួលដល់វិនិយោគិននិងធុរជននៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្តែងនូវការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី​ ​ជាមួយនឹង លោក Abdurrahman KARABUDAK អគ្គលេខាធិការរងនៃសភាពាណិជ្ជកម្មអង់ការ៉ា (Ankara Chamber of Commerce) និង លោកបណ្ឌិត Ahmet DİNÇER អគ្គលេខាធិការរងនៃសភាឧស្សាហកម្មអង់ការ៉ា (Ankara Chamber of Industry) ព្រមទាំងសហការីកាលពីថ្ងៃទី១៨ ខែមិថុនា នៅទីក្រុងអង់ការ៉ានៃប្រទេសតួកគីយ៉េ។

បើយោងតាមក្រសួងពាណិជ្ចកម្ម កិច្ចពិភាក្សាផ្តោតសំខាន់ទៅការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្ម និងសភាឧស្សាហកម្មអង់ការ៉ា ព្រមទាំងការសម្របសម្រួលជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីរៀបចំនូវវេទិកាវិនិយោគនិងធុរកិច្ចរួមគ្នា ការផ្គូរផ្គងធុរកិច្ច ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងតម្រូវការទំនិញនាំចេញ-នាំចូល និងវិស័យឧស្សាហកម្មអាទិភាពរបស់ប្រទេសកម្ពុជានិងតួកគីយ៉េ ​។ ប៉ុន្តែភាគីទាំងពីរពុំបានបញ្ជាក់អំពីវេលានៃការរៀបចំនៅឡើយនោះទេ។

​លោក កែវ ប៊ុនថេង លើកឡើង​អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា ការលើកទឹកចិត្តនិងការការពារវិនិយោគិន រួមនឹងច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគផងដែរ។

​ក្នុងសន្និសីទសារព័ត៌នរួមគ្នា ជាមួយសាស្ត្រាច្ចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសសភាសាធារណរដ្ឋតួគី  កាលពីថ្ងៃទី​១២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសដែលសម្តេច បំពេញទស្សនកិច្ចនៅតួកគីបានជំរុញឱ្យពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងតួកគី បន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១ ពាន់លានដុល្លារអាមេរិក។

​សម្តេតេជោបានថ្លែងថា​ សម្រាប់កម្ពុជា ទោះបីថាពេលនេះ ទទួលយកនូវភាពជាដៃគូថ្មីៗជាមួយប្រទេសផ្សេងក៏ដោយ សម្តេចនៅតែអះអាងបន្តនូវនយោបាយ និងកិច្ចខិតខំប្រឹងប្រែង អំពីការពង្រីកដៃគូសន្ទនាជាមួយតួកគី ។ សម្តេចបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ អ្វីដែលជាស្នូលទំនាក់ទំនង គឺការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលយើងគួរផ្តោតលើការយកចិត្តទុកដាក់ ជំរុញការងារនេះ ឱ្យសម្រេចគោលដៅ បើទោះបីថាមានការកើនឡើងបន្តិច​ម្តងៗ។

សម្តេចតេជោ មានប្រសាសន៍ថា៖«ខ្ញុំគិតថា យើងគង់នឹងឈានដល់ការសម្រេចកម្រិត ១ពាន់លានដុល្លារ ព្រោះថាសម្រាប់ប្រទេសយើងជាមួយប្រទេសដ៏ទៃទៀត សម្រេចបានលើសពី ១ពាន់លានដុល្លារ រហូតដល់ប្រទេសខ្លះមានទៅដល់ ៥ ពាន់ដុល្លារ ឬ ១០ ពាន់ដុល្លារ។ ពិតមែនតែ តួកគី មានប្រជាជនជាង ៨០ លាននាក់ ហើយកម្ពុជាមាន ១៧ លាននាក់ ប៉ុន្តែយើងមានកម្លាំងទិញធំ ហើយក៏មានផលិតផលសម្រាប់ការនាំចេញផងដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម