ព័ត៌មានជាតិ
ប្រធានរដ្ឋសភាថា ស្ត្រីត្រូវការឱកាស និងការផ្លាស់ប្ដូរនូវផ្នត់គំនិតសង្គមដើម្បីបង្ហាញសមត្ថភាពពេញលេញរបស់ខ្លួន
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាស្ត្រីមានសក្ដានុពលរបស់ខ្លួនក្នុងការបំពេញការងារ តែក៏ត្រូវការនូវឱកាស និងការផ្លាស់ប្ដូរផ្នត់គំនិតសង្គមចំពោះពួកគេផងដែរ។ នេះជាការលើកឡើងរបស់សម្ដេចប្រធានសភាក្នុងឱកាសជំនួបជម្រាបលារបស់ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។

តាមការឱ្យដឹងពីនាយខុទ្ធការល័យ និងជាអ្នកនាំពាក្យសម្ដេចសភាធិបតី លោក កែវ ពិសិដ្ឋ បានឱ្យដឹងថាក្នុងជំនួបនៅវិមានរដ្ឋសភាព្រឹកនេះ សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា ទាំងរដ្ឋសភា និងរដ្ឋាភិបាលកម្ពុជាតែងតែជំរុញការងារយេនឌ័រជាខ្លាំងដើម្បីធានាថាស្ត្រីគ្រប់រូបទទួលបានឱកាសចូលរួមចំណែកវិស័យផ្សេងៗនៅកម្ពុជាជាពិសេសគឺការធ្វើនយោបាយ និងការសម្រេចចិត្ត។
សម្ដេចបញ្ចាក់ថា៖ «ស្ត្រីត្រូវការតែឱកាស និងការផ្លាស់ប្ដូរនូវផ្នត់គំនិតសង្គមប៉ុណ្ណោះគឺស្ត្រីអាចធ្វើការងារដូចជាបុរសផងដែរ។ អ្វីដែលបុរសធ្វើបាន គឺស្ត្រីក៏អាចធ្វើបានដែរ ហើយការងារខ្លះល្អជាងបុរសផង»។
សម្ដេចក៏បន្ថែមផងដែរថាក្នុងសភាក៏មានកម្មវិធី ស្ត្រីឆ្ពោះទៅភាពជាអ្នកដឹកនាំ ដែលផ្ដល់នូវបទពិសោធន៍ផ្ទាល់របស់ថ្នាក់ដឹកនាំនយោបាយជាស្ត្រីដល់ស្ត្រីនិងក្មេងស្រីក្នុងវេទិកាសាធារណៈផងដែរ។

ឯកអគ្គរដ្ឋទូតតួកគីដែលចប់អាណត្តិនៅកម្ពុជាលោកស្រី អ៊ុលឃូ ខូខាអ៊ីវ ( Ülkü Kocaefe) បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចសភាធិបតីដោយថាមិនត្រឹមជាគំរូសម្រាប់ស្ត្រីកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋទូទៅផងដែរ។ លោកស្រីបន្ថែមថា តួគីនៅតែផ្ដល់អាទិភាពខ្ពស់ដល់ទំនាក់ទំនងជាមួយប្រទេសកម្ពុជា ពិសេសក៏នឹងពង្រឹងទំនាក់ទំនងពហុភាគីរវាងរដ្ឋសភាប្រទេសទាំងពីរបន្ថែមទៀតផងដែរ។
ទំនាក់ទំនងតួកគីនិងកម្ពុជាត្រូវបានមើលឃើញថាមានទំនាក់ទំនងរីកចម្រើនខ្លាំងក្នុងឆ្នាំ២០១៩ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសនេះ និងបានបន្តពង្រឹងបន្ថែមដោយរដ្ឋាភិបាលអាណត្តិទី៧នេះ។ ប្រទេសនេះតែងតែគាំទ្រដល់ការអភិវឌ្ឍន៍កម្ពុជាលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរន៍ អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រធានសភាកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា តួកគីនឹងបន្តជួយគាំទ្រដល់កម្ពុជាលើវិស័យអប់រំ បណ្ដុះបណ្ដាលធនធានមនុស្សជាសំខាន់បន្ថែមទៀតផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


