Connect with us

សេដ្ឋកិច្ច

ការប្រើប្រាស់ទំនិញខ្មែរស្ទុះឡើង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

តម្រូវការផ្គត់ផ្គង់ផលិតផលខ្មែរក្នុងស្រុកបានស្ទុះឡើង បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែល​នាំឱ្យ​ពល​រដ្ឋខ្មែរមួយចំនួនឈប់ប្រើប្រាស់ទំនិញថៃ។

លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី នាយិកាគ្រប់គ្រង នៃសាបារាបេហ្វូដ មានប្រសាសន៍ថា រយៈ​​​​​ពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានការគាំទ្រស្ទុះឡើង គុណនឹង ៣ ទៅ ៥ ដង ដោយ​ក្រុម​ហ៊ុនទទួលបានការកម្មង់ច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី យល់ឃើញថា៖ «សម្រាប់សមត្ថភាពផលិតផ្គត់ផ្គង់ក្នុងស្រុក​បើយើងនិយាយរយៈពេលខ្លី វាមានបញ្ហាស្ទះខ្លះហើយ ឥវ៉ាន់ដាច់ស្ដុក ផលិតផលផ្សេងៗ ប៉ុន្តែ​សម្រាប់ខ្ញុំ បើសិនរយៈពេលមធ្យម និងរយៈពេលវែង ដូចជាអត់មានបញ្ហាទេ យើងមានវត្ថុ​ធាតុដើម យើងអាចទិញម៉ាស៊ីនបាន យើងមានកម្លាំងពលកម្ម»។

លោកស្រីបានថ្លែងបញ្ជាក់ទៀតបន្ថែមថា៖«បច្ចុប្បន្នជាឱកាស ពីព្រោះធម្មតា កាលណាយើង​ផលិត​តិចវាថ្លៃហើយ ប៉ុន្តែឆ្លៀតពេលដែលកំពុងមានការគាំទ្រខ្លាំង ក្នុងនាមអ្នកផលិតបើយើង​អាច​ចាប់ឱកាសហ្នឹងបាន យើងព្យាយាមបង្កើនសមត្ថភាពផលិតក្នុងពេលនេះ ហើយនៅ​ពេល​ខាងមុខ គុណភាពផលិតផល និងតម្លៃផលិតផលរបស់យើងក៏អាចទទួលយកបាន»។

លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី បន្តថា៖ «ដើម្បីឱ្យវាមានស្ថិរភាព និងនិរន្តរភាព ទាល់តែ​ផលិត​ផលក្នុងស្រុក មានភាពប្រកួតប្រជែងពិតប្រាកដ មិនមែនបានន័យថា យើងក្នុង​ស្រុក​គេ​ត្រូវគាំទ្រទេ ប៉ុន្តែឆ្លៀតក្នុងពេលហ្នឹង​យើងត្រូវខំប្រឹងព្យាយាមអភិវឌ្ឍសមត្ថភាពរបស់យើង ព្រោះ​​​​ផលិតផលក្នុងស្រុកមានរឿងច្រើន តាំងពីតម្លៃ និងការផ្គត់ផ្គង់នៅមានកម្រិត នេះជា​ការ​ប្រឈម ប៉ុន្តែខ្ញុំគិតថា បើយើង challenge នឹងការប្រឈមហ្នឹងបាន ប្រហែល​ជា​អាច​ទៅរួច»។

លោក មៀវ សុខទ្រី ប្រធាន​សមាគម​អ្នក​ផលិតចំណី​អាហារ​កម្ពុជា ប្រាប់​កម្ពុជា​ថ្មី​​​ថា ក្រោយ​​កង​ទ័ព​​ថៃ​បើក​ការ​ឈ្លាន​ពាន​ចូល​ទឹកដី​ប្រទេស​កម្ពុជា បាន​រុញ​ស្មារតី​ជាតិ​និយម​របស់​ពលរដ្ឋ​កម្ពុជា​​ក្នុង​​ការ​ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ដោយ​មាន​សន្ទុះកើន​ឡើង​យ៉ាង​ខ្លាំង។ ជាក់ស្ដែង​ផលិត​ផល​​ទឹកដោះ​គោ​ស្រស់​ដែល​ផលិតក្នុងស្រុក​ បាន​ពង្រីក​ចំណែក​ទីផ្សារ​កើន​ពី ៥% ដល់ ២០ ទៅ ២៥%។

លោកបាន​បញ្ជាក់​ថា ក្នុង​ស្ថានភាព​ជម្លោះនេះ​​អាច​និយាយ​បាន​ថា​ជា​លាភ​ក្នុង​គ្រោះ​សម្រាប់​សហគ្រិន​ក្នុង​ស្រុក​ក្នុង​ការ​ខិតខំ​​​ពង្រីក​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ស្រប​ពេល​ស្មារតី​គាំទ្រ​ផលិត​ផល​​​​ជាតិ​ស្ទុះឡើង។

លោក ហុង សុខ​ហួរ អគ្គនាយក​នៃ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) បានលើកឡើងថា កន្លង​មក​កម្ពុជា​ពឹងផ្អែកច្រើនទៅលើផលិតផលនាំចូល ជាពិសេសពីប្រទេសថៃដែល​កំពុង​មាន​​សង្គ្រាមជាមួយកម្ពុជា។ លោកថា៖«ពេល​វេលា​នេះ គឺជាឱកាសដែលពលរដ្ឋកម្ពុជា ត្រូវចាប់ផ្ដើម ត្រឡប់មកគាំទ្រ​ផលិត​ផល​ក្នុងស្រុក ដែល​គ្មាននណាស្រឡាញ់ខ្មែរជាងខ្មែរ បើខ្មែរយើងមិនគាំទ្រខ្មែរខ្លួនឯង គឺចប់ហើយ»។

លោក ហុង សុខ​ហួរ បន្ថែមថា៖ «អ្វីដែលយើងអាចធ្វើបាន មានតែជួយគាំទ្រលើកទឹកចិត្ត ការ​ពារ​ខ្លួនរបស់យើងខ្លួនឯង។ ចង់ឱ្យកម្ពុជាខ្លាំង ចង់កុំឱ្យគេមើលងាយយើង ទាល់តែ​យើង​ធ្វើឱ្យ​ខ្លួន​ឯងខ្លាំង ធ្វើឱ្យខ្លាំងការ​ពារ​ជាតិ ជារឿងមួយ ប៉ុន្តែរឿងសេដ្ឋកិច្ចគឺជារឿងសំខាន់ សេដ្ឋកិច្ចខ្លាំង គ្មាននរណាហាន​មកមើល​ងាយ​យើងទេ ធ្វើម៉េចបានសេដ្ឋកិច្ចខ្លាំង ទាល់តែគ្រប់គ្នាធ្វើម៉េចឱ្យខ្លួន​ឯងរីកចម្រើន ប៉ុន្តែការរីក​ចម្រើន​កុំឱ្យប៉ះពាល់ដល់សង្គម និងអ្នកដ៏ទៃ»។

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាមានប្រសាសន៍ថា ការសម្រេចចិត្តមិនប្រើប្រាស់ទំនិញថៃ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែមិនមែនតំណាង​ឱ្យឆន្ទៈ​របស់រាជរដ្ឋាភិបាលកំណត់នោះទេ។

ការសម្រេចចិត្តឈប់ប្រើទំនិញថៃនេះ គឺពាក់ព័ន្ធនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ​ ដែលពួកគាត់​សម្រេចចិត្ត ដែលជាឆន្ទៈបង្ហាញពីស្មារតីជាតិនិយម មិនប្រើប្រាស់ផលិតផលថៃ បន្ទាប់ពី​សង្គ្រាម​កម្ពុជា-ថៃ។

លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «ប្រសិនបើថៃនៅតែមានគំនិតមិនល្អចំពោះកម្ពុជា រយៈ​​​​​កាល​កន្លងទៅយើងឃើញហើយ សង្គ្រាមដែលកើតឡើង គឺបានធ្វើឱ្យការមិនចូលចិត្ត​ជនជា​តិ​ថៃ និងប្រើផលិតផលថៃកើនឡើង»។

កន្លងមក ស្មារតីរបស់ប្រជាជនកម្ពុជា មានទំនុកចិត្តលើផលិតផល និងប្រជាជនថៃខ្ពស់ ប៉ុន្តែនៅ​ពេល​ទំនាស់ផ្ទុះឡើងថ្មីៗនេះ រួមផ្សំនឹងឆ្នាំ ២០០៨-២០១១ ធ្វើឱ្យស្មារតីរបស់​ប្រជាពល​រដ្ឋ​កម្ពុ​ជា​ឈប់​ប្រើប្រាស់ទំនិញថៃអាចនឹងមានរយៈពេលវែង ប៉ុន្តែក៏ផ្អែកលើផលិតផលខ្មែរ ដែលយើង​មាន​សិប្បកម្ម បង្ហាញផលិតផលជាក់ស្ដែងរបស់ខ្មែរពីគុណភាពជាដើម ក៏អាចរួមផ្សំ ធ្វើឱ្យ​ស្មារតី​របស់​គាត់ និយមប្រើប្រាស់ផលិតផលយើង។

លោកបណ្ឌិតវណ្ណៈ បន្ថែមថា កាលពីឆ្នាំ ២០០៨-២០១១ ជាស្ថានភាពមួយ​ដែលកម្ពុជា​មិន​​ទាន់ទំនាក់ទំនងការដឹកទំនិញ ហើយប្រជាជនមិនទាន់មានជម្រើសស្មារតីក្នុង​ការប្ដូរផ្លាស់​ទំនិញ ប៉ុន្តែឥឡូវនេះ ប្រជាជនមានផលិតផលក្នុងស្រុកដែលផលិតដោយខ្លួនឯង និងមានផលិតផលផ្សេងៗទៀត ដែលជំនួសផលិតផលថៃបាន។

លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា៖ «ស្ថានភាពនេះ អាចនឹងមានរយៈពេលវែងជាងមុន ហើយ​អាច​​អូសបន្លាយរយៈពេលយូរឆ្នាំ ប៉ុន្តែបើស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរនេះ អាច​ល្អ​បន្តិច​​​ម្ដងៗ រយៈកាលក្រោយមកទៀត ស្ថានភាពនឹងវាអាចវិលទៅរកសភាពដើម ប៉ុន្តែត្រូវការ​រយៈ​ពេលវែងបន្តិច វាមិនដូចឆ្នាំ ២០០៨៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម