Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីព្យាករពីអតិរេកផលិតកម្មស្រូវជាង ៣ លាន​តោនឆ្នាំនេះ ដោយមិនចាំបាច់នាំចូល

បានផុស

នៅ

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក Sudaryono បានបញ្ជាក់ថា ផលិតកម្មស្រូវជាតិនៅឆ្នាំ ២០២៥ ​រំពឹងថានឹង​កើនលើសតម្រូវការ ​៣,៥ លានតោន ដែលធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ ដោយមិនចាំបាច់​នាំចូលរហូតដល់ដំណាច់ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន​រដ្ឋ Antara។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឱ្យដឹងយ៉ាងដូច្នេះ​អំឡុង​ពេលបើកសិក្ខាសាលាថ្នាក់ជាតិរបស់និស្សិតកសិកម្មកាលពីថ្ងៃពុធ ដោយ​ស្រង់ទិន្នន័យព្យាករត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៥ របស់​ស្ថិតិឥណ្ឌូណេស៊ី (BPS)។ លោក​និយាយថា៖ «ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យើងនឹងមិនចាំបាច់នាំចូលអង្ករនៅឆ្នាំនេះទេ​»។

លោក Sudaryono បានបន្តយ៉ាងដូច្នេះថា៖​ «ផ្អែកលើការគណនាបឋម ទិន្នផលស្រូវនៅឆ្នាំនេះនឹងមានចំនួនប្រហែល ៣៣-៣៤ លាន​តោន ​ជាមួយនឹងអតិរេកជាង ៣ លានតោន ស្របតាមការព្យាករណ៍»។

កាលពីចុងខែធ្នូ ឆ្នាំមុន ​រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី Andi Amran Sulaiman បានប្រកាសថា ផលិតកម្មស្រូវក្នុងស្រុកសរុប បានកើនលើសពី ៣០ លានតោន ​គិតត្រឹមឆ្នាំ។

​លោក Sudaryonoបាន​កត់​សម្គាល់​ថា ការ​ដាំ​ស្រូវ​កាន់​តែ​ច្រើន សក្ដានុពល​នៃ​ការ​ប្រមូល​ផល​កាន់​តែ​ខ្លាំង ដោយ​និន្នាការ​ផលិត​កម្ម​នឹង​កើន​ឡើង​ធៀប​នឹង​ឆ្នាំ​មុនៗ។ កត្តាជាច្រើនបាន​ជួយជំរុញកំណើននេះ រួមមានការប្រើប្រាស់គ្រឿងយន្តកសិកម្មទំនើប ការចែកចាយជី​ដោយរលូន ការស្រោចស្រពប្រកបដោយប្រសិទ្ធភាពតាមរយៈប្រព័ន្ធបូមទឹក​ និងលក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់សកម្មភាពធ្វើស្រែចម្ការ។ ​

គួរគូសបញ្ជាក់ថា កន្លងមក​ រដ្ឋាភិបាលឥណ្ឌូណេស៊ីរបស់លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាន​ប្ដេជ្ញាជំរុញផលិតកម្មស្រូវក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកដោយ​ខ្លួនឯងឱ្យគ្រប់គ្រាន់ ​ហើយ​មិនចាំបាច់នាំចូល។ ការណ៍នេះរួមចំណែកយ៉ាងសំខាន់ដល់ការធ្លាក់ចុះនៃតម្លៃអង្ករអន្តរជាតិ​ រាប់តាំងពីដើមឆ្នាំមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម