Connect with us

សេដ្ឋកិច្ច

របរចិញ្ចឹមកន្ធាយ នៅតែមានទីផ្សារល្អ ខណៈ១គីឡូ អាចលក់បាន១៥ដុល្លារ

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមកន្ធាយ​ក្នុងខេត្តព្រៃវែងមួយ នៅតែរក្សាបានទីផ្សារបានយ៉ាងល្អ ខណៈអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១០ដុល្លារ ទៅ ១៥ដុល្លារ ក្នុង១គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង លោក ចន បូរិន ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នរបរចិញ្ចឹមកន្ធាយនៅក្នុងកសិដ្ឋានរបស់លោក នៅតែរក្សាបានទីផ្សារយ៉ាងល្អ ខណៈនៅលើទីផ្សារអាចលក់ចេញបានចន្លោះពី ១០ដុល្លារ ទៅ១៥ដុល្លារ ក្នុង១គីឡូក្រាម។

លោក បន្តថា មូលហេតុដែលកន្ធាយនៅតែមានទីផ្សារខ្ពស់ នេះក៏ព្រោះតែនៅតាមបណ្ដាភោជនីយដ្ឋាន ពិសេសនៅតាមផ្សារទំនើបនានានៅតែត្រូវការប្រភេទកន្ធាយចិញ្ចឹមយកទៅលក់បន្តជាប្រចាំ។ ក្រៅពីនេះ បច្ចុប្បន្ន លោក បូរិន មើលឃើញថា ប្រជាជនខ្មែរមួយចំនួនធំ ក៏និយមបរិភោគសាច់កន្ធាយដែលចិញ្ចឹមតាមកសិដ្ឋានច្រើនជាងពេលកន្លងទៅ។

បូរិន បានឱ្យដឹងទៀតថា មួយរយៈពេលចុងក្រោយដែលប្រទេសកម្ពុជាមានជម្លោះរឿងព្រំដែនជាមួយថៃនេះ ប្រជាជនខ្មែរទាំងចាស់ទាំងក្មេង បានមកងាកមកគាំទ្រផលិតផលខ្មែរស្ទើរតែទាំងស្រុង ដែលនេះអាចចាត់ទុកថាជាការលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន និងសិប្បកម្ម សហគ្រាសក្នុងស្រុកផ្សេងៗទៀត អាចមានលទ្ធភាពខ្ពស់ក្នុងការផលិតសម្រាប់ផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកបានផងដែរ។

សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋានរបស់អតីតពលករធ្វើការនៅប្រទេសថៃមួយនេះ កំពុងតែដំណើរការយ៉ាងល្អ ក្នុងការចិញ្ចឹមកន្ធាយ កង្កែប និងពស់ចាស់ល្មម សុទ្ធសឹងតែជាប្រភេទសត្វចិញ្ចឹមដែលកំពុងមានទីផ្សារល្អ នាពេលប​ច្ចុប្បន្ននេះ។

យ៉ាងណាមិញ លោក ចន បូរិន ក៏សូមលើកទឹកចិត្តដល់ប្រជាជនខ្មែរ ពិសេសអតីតពលករខ្មែរ ដែលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ប្រសិនបើអាចសុំចាប់យករបរចិញ្ចឹមកន្ធាយ កង្កែប ឬក៏មាន់ទា តាមដែលអាចធ្វើទៅបាន គ្រាន់ទុកជាមុខរបរបន្ទាប់បន្សំមួយទៀត នឹងក៏អាចរកចំណូលពីការចិញ្ចឹមសត្វទាំងនេះ បានផងដែរ។

គួរឱ្យដឹងថា កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ របស់លោក ចន បូរិន បានបើកដំណើរតាំងពីឆ្នាំ ២០១៨មកម្ល៉េះ។ បច្ចុប្បន្នកសិដ្ឋានមានទីតាំងស្ថិតនៅគីឡូម៉ែត្រលេខ ១១៥ តាមបណ្ដាផ្លូវជាតិលេខ៨ ស្រុកកំចាយមារ ខេត្តព្រៃវែង៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម