អត្ថាធិប្បាយ
បទវិភាគ៖ ជម្រើសល្អមួយរបស់កម្ពុជា គឺការលើកកម្ពស់ប្រព័ន្ធសណ្ដាប់ធ្នាប់ពិភពលោកដោយផ្អែកលើការគោរពច្បាប់
នាពេលថ្មីៗនេះ មានការជជែកវែកញែកជាច្រើនពាក់ព័ន្ធនឹងទស្សនៈវិស័យនៃអាទិភាពរបស់កម្ពុជានាពេលអនាគត ជាពិសេសស្របពេលដែលប្រទេសយើងមានជម្លោះព្រំដែនជាមួយថៃដែលជាប្រទេសជិតខាង។ មានមតិជាច្រើនអំពាវនាវឱ្យពង្រឹងអានុភាពយោធា ដោយបង្កើនការចំណាយយោធា បន្ទាប់ពីបង្ហាញនូវក្ដីមិនសប្បាយចិត្តទៅកាន់ដំណើរការនៃច្បាប់អន្តរជាតិ និងយន្តការនៃការដោះស្រាយជម្លោះដោយសន្តិវិធីផ្សេងៗ។

ប្រាកដណាស់ ខ្ញុំយល់អំពីការគិតគូរនៃមតិទាំងអស់នេះ។ ខ្ញុំយល់អំពីសេចក្ដីខកចិត្ត ហើយខ្ញុំក៏គិតថា ការពង្រឹងវិស័យយោធាជាអាទិភាពសំខាន់មួយសម្រាប់ស្រុកខ្មែរយើងដែរ។ យ៉ាងណាមិញ បន្ថែមពីការពង្រឹងលើវិស័យយោធានេះ ខ្ញុំនៅតែគិតថា ការគាំទ្រចំពោះគោលការណ៍ពហុភាគីនិយម និងប្រព័ន្ធសណ្ដាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់ ជាជម្រើសដ៏ល្អមួយសម្រាប់ប្រទេសយើង។ ការប្រកាន់យកគោលការណ៍ទាំងនេះ ជាជម្រើសល្អបំផុត ដែលនៅសេសសល់សម្រាប់រដ្ឋតូចៗដូចជាកម្ពុជា ខណៈពេលដែលប្រទេសយើងត្រូវការប្រើប្រាស់ធនធានដែលមានកំណត់ ដើម្បីពង្រឹងលើវិស័យអាទិភាពផ្សេងៗទៀតដូចជា វិស័យសង្គម-សេដ្ឋកិច្ច ក្នុងការពង្រឹងប្រទេសយើងនាពេលខាងមុខ។ បន្ថែមពីនេះទៀត ការប្រកាន់យកគោលការណ៍អន្តរជាតិទាំងនេះនឹងជួយឱ្យកម្ពុជាធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព ដែលនឹងផ្ដល់ប្រយោជន៍ដល់ស្រុកយើងនៅពេលខាងមុខយូរអង្វែង។
ស្របពេលដែលមានការខកចិត្តនឹងច្បាប់អន្តរជាតិ ចុះម៉េចក៏យើងគួរតែបន្តប្រកាន់ខ្ជាប់នូវប្រព័ន្ធអន្តរជាតិដោយផ្អែកលើច្បាប់?
ជាបឋម យើងត្រូវតែដឹងថា ការករកើតរដ្ឋរបស់កម្ពុជានាសម័យទំនើបតាំងពីបានឯករាជ្យនៅឆ្នាំ១៩៥៣ និងការកសាងប្រទេសជាតិឡើងវិញនៅសហសម័យបច្ចុប្បន្នតាំងពីឆ្នាំ១៩៩៣ គឺជាផលបច្ច័យនៃវីរភាពរបស់ថ្នាក់ដឹកនាំកម្ពុជាយើង ដោយមានការចូលរួមចំណែកគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ។ ការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិទាំងនេះឆ្លុះបញ្ចាំងពី ការទទួលស្គាល់ឯករាជ្យ និងការគាំទ្រពីអន្តរជាតិដើម្បីឱ្យកម្ពុជាយើងចូលទៅក្នុងអង្គការសហប្រជាជាតិនៅទសវត្សឆ្នាំ១៩៥០។ បើយើងក្រឡេកមកមើលនៅទសវត្សឆ្នាំ១៩៩០វិញ អធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសកម្ពុជាត្រូវបានធានាដោយកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយទីក្រុងប៉ារីសឆ្នាំ១៩៩១។ នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រៅពីកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយដោយសន្តិវិធីសម្រាប់ប្រទេសយើង ក៏មានឯកសារសំខាន់២ទៀត រួមមាន កិច្ចព្រមព្រៀងស្ដីពីអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃទឹកដី អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់កម្ពុជា និងសេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និងការកសាងប្រទេសកម្ពុជាឡើងវិញ។

៣៥ឆ្នាំក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាទទួលបាននូវឱកាសអំណោយផលមួយទាំងផ្នែកគោលការណ៍ផ្លូវច្បាប់ និងផ្នែកសម្ភារៈ។ បើនិយាយពីរឿងគោលការណ៍ និងគុណតម្លៃ ពាក់ព័ន្ធនឹងគោលនយោបាយការបរទេស កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះមិនត្រឹមតែនាំនូវជាវិជ្ជមាននៃដំណើរការសន្តិភាពមកឱ្យកម្ពុជានោះទេ តែថែមទាំងជាការបញ្ចប់នូវសង្គ្រាមត្រជាក់នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជញ្ជាំងឃាំងខ័ណ្ឌផ្នែកមនោគមវិជ្ជានយោបាយត្រូវបានបំបាត់ ដែលបើកផ្លូវឱ្យមានសមាហរណកម្មតំបន់ ហើយកម្ពុជាបានចូលរួមជាសមាជិកអង្គការសមាគមអាស៊ាននៅខែមេសា ឆ្នាំ១៩៩៩។
បើនិយាយពីផ្នែកសម្ភារៈវិញ តាមរយៈសេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និងការកសាងប្រទេសកម្ពុជាឡើងវិញ មិត្តរបស់កម្ពុជាជាច្រើនបានប្រមែប្រមូលធនធាននានា ដើម្បីជួយកម្ពុជាក្នុងនាមជាជំនួយអភិវឌ្ឍន៍ និងក្រោមរូបភាពជាវិនិយោគសេដ្ឋកិច្ច។ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ពេលនេះ កម្ពុជាបានទទួលជំនួយប្រមាណ ៣០ប៊ីលានដុល្លារអាមេរិក ជាមួយគម្រោងជំនួយជាង ៥ពាន់គម្រោង នេះបើតាមស្ថិតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ បើតាម CDC ប្រទេសដូចជាជប៉ុនបានជួយបាន ៨៦១គម្រោង ដែលជាប្រទេសផ្ដល់ជំនួយដ៏ធំមួយដល់ស្រុកយើងតាំងពីឆ្នាំ១៩៩២។
ខ្ញុំយល់ថា លក្ខខណ្ឌអំណោយផលនៃភូមិសាស្ត្រនយោបាយក្រោយសម័យសង្គ្រាមត្រជាក់ ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជា សុទ្ធតែជួយដល់ដំណើរអភិវឌ្ឍជាតិដូចសម័យឥលូវនេះ។ ប្រទេសយើងបានប្រែក្លាយពីប្រទេសបែកបាក់ ទៅជាសង្គមកំពុងអភិវឌ្ឍមួយដែលចង់រួមចំណែកដើរតួនាទីយ៉ាងសំខាន់នៅឆាកនយោបាយថ្នាក់តំបន់ និងថ្នាក់អន្តរជាតិដូចសព្វថ្ងៃនេះ។ ទោះបីជាបែបណាក៏ដោយ យើងក៏មិនអាចបដិសេធបានដែរថា ស្ថានភាពពិភពលោកសព្វថ្ងៃកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល។ ការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយកាន់តែរីករាលដាលឡើង ស្របពេលដែលទំនុកចិត្ត និងភាពជឿជាក់លើគុណតម្លៃពហុភាគីនិយមដូចជាអាស៊ាន និងអង្គការសហប្រជាជាតិ ក៏ដូចជាគោលការណ៍ច្បាប់អន្តរជាតិត្រូវបានធ្លាក់ចុះ។ ប្រទេសយើង ក៏ដូចជាប្រទេសដទៃទៀតសុទ្ធតែជួបស្ថានភាពគួរឲ្យព្រួយបារម្ភទាំងនេះ។

កន្លងមក សហគមន៍អន្តរជាតិបានផ្ដល់ជំនួយមកយើងច្រើន។ ជាក់ស្ដែងបើនិយាយពីវិស័យនីតិរដ្ឋផ្ទៃក្នុង ទៀតសោត ច្បាប់នៅក្នុងប្រទេសយើងដូចជាក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីត្រូវបានជួយទំនុកបម្រុងក្នុងការតាក់តែងដោយភាគីជាមិត្តដូចជាជប៉ុន ក្រោមគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ពាក់ព័ន្ធនឹងរឿងច្បាប់អន្តរជាតិវិញ កម្ពុជាយើងបានប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះប្រាសាទព្រះវិហារកាលពីពេលកន្លងទៅ។
ហេតុដូច្នេះហើយ ដល់ពេលហើយ ដែលប្រទេសយើងបន្តចូលរួមវិភាគទានយ៉ាងសកម្មទៅដល់សហគមន៍អន្តរជាតិវិញតាមលទ្ធភាពដែលយើងអាចធ្វើបាន។ កន្លងមក កម្ពុជាបានធ្វើរឿងមួយចំនួនហើយដូចជា ការផ្ដល់កងទ័ពប្រមាណ ១ម៉ឺននាក់ទៅកាន់អង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌរក្សាសន្តិភាពនៅប្រទេសនានាដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីរី ស៊ីប ជាដើម។ ក្រៅពីនេះទៀត ក្នុងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ប្រទេសយើងបានជួយបង្ហាត់ការដោះមីនមនុស្សធម៌ទៅដល់អ៊ុយក្រែន និងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប៉ាឡេស្ទីន ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍនៅប៉ាឡេស្ទីន (CEAPAD)។ កម្ពុជាក៏គាំទ្រដល់គំនិតផ្ដួចផ្ដើមណា ដែលគាំទ្រតម្លៃសន្តិភាពដូចជា គំនិតផ្ដួចផ្ដើមសន្តិសុខសកលរបស់ចិន និងក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។
ក្រៅពីនេះ កម្ពុជានៅពេលនេះស្ថិតក្នុងដំណាក់កាលនៃការផ្ដល់សច្ចាប័នដល់ច្បាប់សមុទ្រអន្តរជាតិ (UNCLOS)។ ប្រទេសជាមិត្តនានាដូចជា ជប៉ុន ដែលតែងតែគាំទ្រដល់ការរក្សាសណ្ដាប់ធ្នាប់តំបន់ និងពិភពលោក បានជួយកម្ពុជាយ៉ាងសកម្មនៅក្នុងដំណើរការនៃការផ្ដល់សច្ចាប័នច្បាប់សមុទ្រអន្តរជាតិនេះ ជាពិសេសតាមរយៈការផ្សព្វផ្សាយចំណេះដឹងបទពិសោធន៍ផ្សេងៗជាសាធារណៈ និងការកសាងសមត្ថភាពនានាពាក់ព័ន្ធនឹងច្បាប់អន្តរជាតិអន្តរជាតិសំខាន់មួយនេះ។ ការសម្រេចចិត្តក្នុងការផ្ដល់សច្ចាប័នដល់ច្បាប់ សមុទ្រអន្តរជាតិនេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ប្រទេសយើងក្នុងការសហការជាមួយអន្តរជាតិយ៉ាងជិតស្និទ្ធិ។ ខ្ញុំសង្ឃឹមថា ប្រទេសយើងអាចប្រើប្រាស់ច្បាប់នេះឱ្យអស់ពីលទ្ធភាព មិនត្រឹមតែដើម្បីផលប្រយោជន៍ដែនសមុទ្ររបស់កម្ពុជានោះទេ តែថែមទាំងធ្វើការជាមួយអន្តរជាតិ លើបញ្ហានានាពាក់ព័ន្ធនឹងលម្ហសមុទ្រ។

លោក ហ៊ីម រដ្ឋា អនុប្រធានមជ្ឈមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS)
ការប្រកាន់ខ្ជាប់នៃគុណតម្លៃនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ ប្រព័ន្ធអន្តរជាតិដោយផ្អែកលើការគោរពច្បាប់ នឹងជួយដល់កម្ពុជាក្នុងការកាត់បន្ថយឧបសគ្គនានាក្នុងនាមជារដ្ឋតូច ហើយនឹងផ្ដល់នូវលំហក្នុងការពង្រឹងស្រុកយើង។ ការប្រកាន់ខ្ជាប់នូវប្រព័ន្ធអន្តរជាតិនេះ នឹងជួយពង្រឹងមុខមាត់កម្ពុជានៅថ្នាក់តំបន់ និងអន្តរជាតិ ហើយក៏ជួយឱ្យប្រទេសយើងមានទំនាក់ទំនងជាមួយដៃគូរអន្តរជាតិនានា ក៏ដូចជាពង្រឹងអធិបតេយ្យភាព និងពង្រីកនូវសក្ដានុពលនៃការអភិវឌ្ឍជាតិយើងឱ្យឈានទៅមុខ៕
ដោយ៖ លោក ហ៊ីម រដ្ឋា អនុប្រធានមជ្ឈមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS)
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


