Connect with us

នយោបាយ

ហេតុអ្វីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងសម្ដេចតេជោជាទីប្រឹក្សាផ្ទាល់ស្ដីពីអាស៊ាន?

បានផុស

នៅ

ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបាននាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោក Anwar Ibrahim តែងតាំងជាទីប្រឹក្សាផ្ទាល់ស្តីពីអាស៊ានកាលពីពាក់កណ្ដាលខែធ្នូនេះ ស្របពេលប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើហេតុអ្វីបានជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្រេចតែងតាំងសម្ដេចតេជោ?

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា យល់ថាការតែងតាំងនេះមកពីការជឿជាក់លើសមត្ថភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកការទូតជើងចាស់ និងមានបទពិសោធន៍ដឹកនាំអាស៊ានច្រើនដងដែលរាប់មកដល់ឆ្នាំ២០២២ សម្ដេចតេជោ ដឹកនាំអាស៊ាន៣ដងរួចមកហើយ។

លោកថា៖ «ភាពពិនប្រសប់របស់សម្ដេចក្នុងការងារ​តំបន់​ និងអន្តរជាតិទាំងក្នុងភាពជាប្រធានអាស៊ាន ទេពកោសលល្យកាទូតក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ ហើយឆ្នាំក្រោយ ឆ្នាំ២០២៥ ម៉ាឡេស៊ីជាប្រធានអាស៊ានក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នា ឬក៏ដូចគ្នានឹងប្រធានអាស៊ានឆ្នាំនេះនិងឆ្នាំកន្លងៗទៅ»។

បណ្ឌិត គិន ភា
បណ្ឌិត គិន ភា

កម្ពុជាបានចូលជាសមាជិកទី១០អាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងបានដឹកនាំអាស៊ានជាលើកដំបូងនៅឆ្នាំ២០០២ លើកទី២នៅឆ្នាំ២០១២ និងលើកទី៣នៅឆ្នាំ២០២២ ទាំង៣លើកសុទ្ធតែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

បើតាមអ្នកវិភាគក្នុងស្ថានភាពបច្ចុប្បន្នអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង និងផ្ទៃក្នុងខ្លួនឯងដែលញាំញីជាច្រើនឆ្នាំមកហើយនោះគឺវិបត្តិនៅមីយ៉ាន់ម៉ា។

ការវាយប្រយុទ្ធគ្នាក្នុងតំបន់Thantlang, រដ្ឋ Chin ប្រទេសមីយ៉ាន់ម៉ា ខែតុលា ២០២១

សារព័ត៌មាន Irrawaddy ឱ្យដឹងថាក្នុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២៥ខាងមុខប្រទេសម៉ាឡេស៊ីនឹងបង្កើតការិយាល័យបេសកជនពិសេសទទួលបន្ទុកមីយ៉ាន់ម៉ានៅទីក្រុងគួឡាឡាំពួរផងដែរ។

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ យល់ថាការតែងតាំងសម្ដេចតេជោជាទីប្រឹក្សានេះក៏ក្នុងមួលហេតុមួយដែលប្រទេសម៉ាឡេស៊ីមានបំណងក្នុងការដោះស្រាយវិបត្តិនៅភូមាដែរ ព្រោះក្នុងចំណោមមេដឹកនាំអាស៊ានទាំងអស់ សម្ដេចតេជោគឺជាអ្នកចេញមុខខ្លាំងក្លាក្នុងការចង់ជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះ។

លោកថា៖ «ប្រាកដណាស់ថាសម្ដេចតេជោមានគុណតម្លៃយ៉ាងសកម្មក្នុងការស្វែងរកសេណារីយ៉ូដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ អ៉ីចឹងចំណែកនេះក៏ជាធាតុចូលសំខាន់ដែរក្នុងភាពដែលសម្ដេចជាទីប្រឹក្សានាយករដ្ឋមន្ត្រីក្នុងពេលដែលម៉ាឡេស៊ីជាប្រធានប្ដូរវេនចំណែកនៃភាពសកម្មក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ាគឺជាផ្នែកសំខាន់មួយផងដែរ»។

បណ្ឌិត យង់ ពៅ

វាមិនមែនជារឿងចៃដន្យនោះទេចំពោះការតែងតាំងនេះ ក្នុងពេលដែលវិបត្តិប្រទេសភូមា​កំពុងតែញាំញីដល់ឯកភាពរបស់អាស៊ាននៅប៉ុន្មានឆ្នាំចុងក្រោយ ខណៈប្រទេសថៃគឺជាប្រទេសក្បែរខាងមីយ៉ាន់ម៉ា ហើយសម្ដេចតេជោក៏ជាអ្នកធ្លាប់បានប្រាស្រ័យទំនាក់ទំនងច្រើនផងដែរជាមួយមេដឹកនាំយោធាភូមា មីន អ៊ុងឡាំង។

ទោះជាយ៉ាងណាអ្នកវិភាគយល់ថាការដោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះអាចនឹងពិបាក ព្រោះវាអាស្រ័យលើមីយ៉ាន់ម៉ាខ្លួនឯង និងការចូលរួមពីមហាអំណាចខាងក្រៅ។

លោកបណ្ឌិត គិន ភា៖ «ចំណុះផងដែរពីមហាអំណាចភាគីខាងក្រៅ។ បើមហាអំណាចភាគីខាងក្រៅនៅឈរម្ខាងៗនៃភាគីជម្លោះនៅមីយ៉ាន់ម៉ា ខ្ញុំគិតថារឿងនេះមិនងាយចប់ទេ! បទពិសោធន៍គឺកម្ពុជានេះហើយឆ្លងកាត់សង្គ្រាមស៊ីវិលតាំងពីដើមទស្សវត្សឆ្នាំ១៩៧០មកគឺមហាអំណាចនៅម្ខាងៗនៃភាគីជម្លោះពេលនោះគឺម្ខាងៗមានជន្ទល់រៀងខ្លួនដូច្នេះការមើលឃើញដំណោះស្រាយក្នុងពេលឆាប់ៗគឺពិតជាលំបាក»។

សម្រាប់អ្នកវិភាគទោះបីជាដោះស្រាយបញ្ហាវិបត្តិភូមាបានឬមិនបានក្នុងពេលម៉ាឡេស៊ីដឹកនាំ តែការតែងតាំងសម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់នេះបានបង្ហាញថាសម្ដេចត្រូវបានថ្នាក់ដឹកនាំក្នុងតំបន់ទទួលស្គាល់ពីឥទ្ធិពល និងភាពជាអ្នកដឹកនាំ ហើយឈ្មោះកម្ពុជាលើឆាកអន្តរជាតិក៏កាន់តែមានគេស្គាល់ច្រើនផងដែរ។

លោកបណ្ឌិត យង់ ពៅ៖ «អ្នកដែលមានគុណតម្លៃនយោបាយ មានគុណតម្លៃសមស្របបំផុតទើបគេតែងតាំងទៅជាទីប្រឹក្សានៃនាយករដ្ឋមន្ត្រីនៃប្រទេស៊ីវីល័យមួយបាន។ នេះហើយគឺជាផលចំណេញក្នុងនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងផលចំណេញទៅលើគុណតម្លៃផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងផលចំណេញគុណតម្លៃសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល»។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អ៊ុងឡាំង។ រដ្ឋប្រហារនេះហើយដែលនាំឱ្យមីយ៉ាន់ម៉ាប្រយុទ្ធគ្នារហូតដល់ថ្ងៃនេះ។

វិបត្តិមីយ៉ាន់ម៉ាបានក្លាយជាបញ្ហាឈឺក្បាលរបស់អាស៊ានរហូតដល់ឆ្នាំ២០២២ពេលសម្ដេចតេជោ ហ៊ុន សែន ដឹកនាំអាស៊ានទើបមានសញ្ញាវិជ្ជមានខ្លះៗពីដំណោះស្រាយតែហាក់បានថមថយទៅវិញពេលដែលផុតអាណត្តិដឹកនាំអាស៊ានរបស់កម្ពុជា។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបញ្ចប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាការដឹកនាំអាស៊ានឆ្នាំនោះគឺហាក់បីដូចជាកាន់ដុំថ្មក្ដៅតែកម្ពុជាបានធ្វើឱ្យថ្មក្ដៅនោះក្លាយជាថ្មដែលអាចកាន់បានមុននឹងប្រគល់ទៅឱ្យមេដឹកនាំអាស៊ានបន្ទាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ វិនាទី មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម