កាលពីពេលថ្មីៗនេះ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ឡឹក សុធារ ដែលជាអ្នកនាំពាក្យ និងជាអគ្គលេខាធិការរង បានសម្រេចមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ភ្លាមៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបលោកទាំង២ដោយផ្ទាល់ និងបានផ្តល់តួនាទី និងភារកិច្ចនៅក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដើម្បីមានលទ្ធភាពជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
លោក យ៉ង សាំងកុមារ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានព្រះព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ចំណែក លោក ឡឹក សុធារ វិញ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ។ ទាំងលោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ សុទ្ធតែជាអ្នកជំនាញផ្នែកកសិកម្ម ដោយលោក យ៉ង សាំងកុមារ បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកកសិកម្មមកពីប្រទេសអាល្លឺម៉ង់ ខណៈលោក ឡឹក សុធារ បានបញ្ចប់ថា្នក់អនុបណ្ឌិតផ្នែកកសិកម្មពីប្រទេសបារាំង។
និយាយឲ្យចំទៅ អ្នកទាំង២ ជាពិសេស លោក យ៉ង សាំងកុមារ តែម្តង ត្រូវបានមជ្ឈដ្ឋាននានាចាត់ទុកថា ជាធនធាន ជាគ្រាប់ពេជ្រនៅក្នុងវិស័យកសិកម្ម។ ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន បានទទួលយកអ្នកទាំង២ និងបានបំពេញបំណងពួកគេក្នុងការជួយលើកស្ទួយ និងអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ នេះ សរបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្រ្តីតែម្តង បើកចិត្តទូលាយ បើកចំហរជើងមេឃ ដោយទទួលយកអ្នកដែលមានសមត្ថភាព និងឆន្ទៈពិតប្រាកដ ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្ម និយាយដោយឡែក និងអភិវឌ្ឍប្រទេសជាតិ និយាយជារួម។
រឿងដ៏គួរឲ្យអស់សំណើចមួយ គឺថាការមកចូលរូមជាមួយរាជរដ្ឋាភិបាលកម្ពុជានេះ ទាំងលោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ត្រូវបានមជ្ឈដ្ឋានខ្លះ ជាពិសេស ក្រុមប្រឆាំងតែម្តង បានរិះគន់ និងវាយប្រហារ ខណៈដែលថ្នាក់ដឹកនាំមួយចំនួននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បែរជាបានសម្តែងការអបអរសាទរទៅវិញ។ ក្នុងនោះ លោក សាម អ៊ីន ដែលជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានផ្ញើសារទៅកាន់លោក យង់ សាំងកុមារ ថា៖«ខ្ញុំយល់អំពីការលំបាករបស់បង ហើយខ្ញុំនៅបន្តជឿលើទឹកចិត្តរបស់បងក្នុងការចង់ជួយដល់កសិករខ្មែរ។ សូមជូនពរឱ្យលោក បណ្ឌិត យ៉ង សាំង កុមារ មានសុខភាពល្អ»។
ដោយឡែក ចំពោះលោក ឡឹក សុធារ វិញ លោក សាម អ៊ីន បានផ្ញើសារថា៖« សុធារ មានសញ្ញាបត្រអនុបណ្ឌិតមកពីប្រទេសបារាំងទាក់ទងនឹងវិស័យកសិកម្ម ហើយធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំក្នុងការងារ NGO ទាក់ទងនឹងវិស័យកសិកម្ម និងគ្រប់គ្រងគ្រោះមហន្តរាយ។ ឋានៈតួនាទី ដែលគាត់ទទួលបានស័ក្តិសមនឹងជំនាញ ចំណេះដឹង និងបទពិសោធន៍របស់គាត់។ សូមជូនពរឱ្យ ឯ.ឧ ឡឹក សុធារ ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចបម្រើកសិករខ្មែរ ជាមួយ លោក បណ្ឌិត យ៉ង សាំងកុមារ។ ខ្ញុំរីករាយ និងចង់ឃើញកសិករខ្មែរទទួលបានអត្ថប្រយោជន៍ចេញពីការសម្រេចចិត្តនេះ។ យើងជាខ្មែរតែមួយ មិនត្រូវមើលគ្នាជាសត្រូវ ដោយសារតែយើងជ្រើសរើសផ្លូវដើរផ្សេងគ្នាទេ»៕
ដោយ៖ វណ្ណ សុគន្ធា