ព័ត៌មានជាតិ
បទយកការណ៍៖ កសិករចង់ឱ្យមានដំណោះស្រាយរឿងតម្លៃស្រូវខណៈថ្លៃផលិតកាន់តែកើនឡើង
«គិតមើលពូជជីម៉ាការុងប៉ុន្មាន? ម៉ាការ៉ុង១៥ម៉ឺន បាញ់ថ្នាំ១ដបអាល្អ១០ម៉ឺន មានអា៥ម៉ឺន ហើយជី១៥ម៉ឺនក្នុងមួយការុង ស្រែខ្ញុំដាក់ជីអស់ម៉ាតោនជាងលើដី៣ហិតា តែលទ្ធផលគឺអត់បានដល់នោះទេ! គិតមើលទៅក្នុងមួយហិតាខ្ញុំបានមិនដល់១លានផង ហើយជីខ្ញុំត្រូវចំណាយអស់ប៉ុន្មាន?»

នេះជាការរៀបរាប់របស់អ្នកស្រី សុខឿត រស់នៅឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាបបានត្អូញរៀបរាប់ពីការលំបាករបស់ខ្លួនក្រោយពេលដែលប្រមូលផលស្រូវមិនអាចទូទាត់សងដល់ថ្លៃជី ថ្នាំ ថ្លៃច្រូត និងអគ្គិសនីបាន។ អ្នកស្រីថាឆ្នាំនេះតម្លៃស្រូវកាន់តែថោក តែតម្លៃជីនៅតែឡើងថ្លៃ ដែលប៉ះពាល់ដល់ការលក់ស្រូវដែលធ្វើបានជាខ្លាំង។
អ្នកស្រីបន្ថែមថា៖«វេទនាណាស់! ណាមួយកូនរៀនអត់មានលុយឱ្យកូនរៀន ខ្ញុំគ្មានគោក្របីអីនឹងគេទេ។ សព្វថ្ងៃនេះខ្ញុំបានលក់ដូរតិតតក់ៗ ហើយលក់នេះក៏ពិបាកទៀត លក់មិនបានទេ! ១ថ្ងៃខ្ញុំសឹងតែរកមិនបាន៣ម៉ឺនចូលហោប៉ៅទេ!»។

អ្នកស្រីសំណូមពរឱ្យមានវិធានការយ៉ាងណាកាត់បន្ថយថ្លៃដើមនៃការផលិតដោយធ្វើយ៉ាងណាសម្រួលថ្លៃថ្នាំ ជីកសិកម្ម ប្រេងសាំង អគ្គិសនី ហើយសុំឱ្យមន្ត្រីរដ្ឋាភិបាលចុះមកពិនិត្យលើទីតាំងជាក់ស្ដែងទទួលយកកង្វល់របស់ប្រជាកសិករដើម្បីជួយស្វែងរកដំណោះស្រាយផងដែរ។
នៅតាមបណ្ដោយផ្លូវជាតិលេខ៦ពីខេត្តសៀមរាបទៅខេត្តបន្ទាយមានជ័យ កសិករមួយចំនួនបានចាប់ផ្ដើមប្រមូលផលស្រូវវស្សារបស់ខ្លួនដើម្បីយកលក់ឱ្យឈ្មួញទទួលទិញដែលយើងឃើញមានរថយន្តធំៗជាច្រើនបានចតនៅតាមផ្លូវដើម្បីប្រមូលទិញពីកសិករ។


តម្លៃស្រូវរំដួល និងម្លិះត្រូវបានឈ្មួញប្រមូលទិញក្នុងមួយគីឡូ ១ ០០០រៀល ខណៈស្រូវសែនក្រអូបបានត្រឹម ៩០០រៀលប៉ុណ្ណោះ។ កសិករបានរអ៊ូរទាំថាតម្លៃនេះស្ទើរតែមិនអាចទូទាត់នឹងថ្លៃផលិតបាននោះទេ តែយ៉ាងណាត្រូវតែបង្ខំលក់ព្រោះស្រូវទុំហើយ និងត្រូវយកលុយសងថ្លៃជី ថ្លៃម៉ាស៊ីនច្រូតជាដើម។
អង្គុយនៅលើម៉ូតូបន្ទាប់ពីយកស្រូវមកលក់បានប្រមាណ២តោន និងទទួលបានលុយប្រមាណ២លាន៤០ម៉ឺនរៀលលោក ហ៊ុំ ឈូក បានអង្គុយគិតគូរថ្លៃចំណាយនិងបាននិយាយបែបអស់សំណើច ហួសចិត្តថា បន្ទាប់ពីដាំដុះរាប់ខែ ចំណាយកម្លាំងអស់ជាច្រើនមក ក្រោយលក់ស្រូវទូទាត់នឹងថ្លៃដើមទៅសល់បាន២០ម៉ឺនរៀលប៉ុណ្ណោះ។
លោកថា៖ «សល់តិចណាស់! បើគិតថាសល់នោះ វាយ៉ាប់វេទនា។ បើសល់គឺសល់តិចណាស់ វាមិនដូចកាលពីឆ្នាំទៅមិញ»។
លោកថាតម្លៃស្រូវដែលអាចធានាដល់ប្រជាកសិករបាននោះក្នុងតម្លៃ ១៥០០រៀលក្នុងមួយគីឡួ បូករួមទាំងការប្រមូលផលបានពេញលេញ និងផ្លូវដឹកជញ្ជូនពីស្រែមកកន្លែងលក់ល្អ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានប្រាប់មកកម្ពុជាថ្មីថា ចំពោះកត្តាតម្លៃនៃការផលិតដែលត្រូវចំណាយច្រើនប៉ះពាល់ដល់ចំណូលកសិករពុំមែនជាសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មនោះទេ ដោយបង្វែរទៅកាន់ក្រសួងកសិកម្មវិញ។
ក្នុងវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋមន្ត្រីកសិកម្មលោក ឌិត ទីណា បានលើកឡើងថាស្រូវផ្ការំដួលដែលលក់បានក្នុងតម្លៃ១០០០រៀលនេះគឺជាតម្លៃសមរម្យដែលអាចទទួលបាន ទោះបីជាលោកថាហាក់បីជានៅទាបក្ដី។ លោកថាបច្ចុប្បន្នរដ្ឋាភិបាលកំពុងគិតគូរពីដំណោះស្រាយសមស្របដល់កសិករផងដែរ ខណៈចំពោះបញ្ហាចំពោះមុខពេលបច្ចុប្បន្នលោកសំណូមពរដល់ម្ចាស់បំណុលជួយយោគយល់អធ្យាស្រ័យដល់ការលំបាករបស់កសិករ ខណៈលោកជំរុញដល់ប្រជាកសិករចងក្រងជាសហគមន៍ដើម្បីមានការគាំទ្រគ្នា។
លោកថា៖ «នៅពេលដែលយើងព្យាយាមលើកតម្លៃម្នាក់បន្តិច ឈ្មួញជួយលើកបន្ដិច អ្នកទិញហូបជួយទិញបន្ថែមដើម្បីមានថវិកាចូល រដ្ឋយើងដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគាត់ទម្លាក់ថវិកាក្នុងការឱ្យជួយទិញថែមទៀតដើម្បីឱ្យតម្លៃហ្នឹងវាកើនឡើងខ្ពស់ ហើយបូករួមជាមួយអ្នកដែលឱ្យប្រជាកសិករយើងជំពាក់ព្យាយាមអត់អោនការជំពាក់នេះដើម្បីចាំរដូវប្រមូលផលលើកក្រោយដើម្បីព្យាយាមសងជាលំដាប់ជាលំដាប់គឺយើងអាចទៅមុខទាំងអស់គ្នា ប្រជាកសិករយើងក៏អាចទទួលបានលទ្ធភាពនៃការដាំដុះបន្តទៀត»។

បើតាមលោករដ្ឋមន្ត្រីបច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះជាង៣លានហិតា និងមានប្រជាកសិករប្រមាណជាង១,៧លានគ្រួសារ ខណៈបច្ចុប្បន្នកម្ពុជាប្រមូលទិន្នផលស្រូវបានប្រមាណជិត៣ម៉ឺនតោនក្នុងមួយថ្ងៃ។
ទីប្រឹក្សាផ្នែកកសិកម្មលោក សម វិទូ បានឱ្យកម្ពុជាថ្មីដឹងថា បញ្ហាតម្លៃស្រូវនេះនឹងចោទជាបញ្ហាជារៀងរាល់ឆ្នាំដោយសារតម្រូវការទាបជាងការផ្គត់ផ្គង់។ លោកថាមានប្រទេសមិនច្រើនទេដែលត្រូវការការនាំចូលអង្ករពីបរទេសនោះ ខណៈអ្នកផ្គត់ផ្គង់មានឥណ្ឌា ថៃ វៀតណាម ភូមា កម្ពុជា ដែលកំពុងប្រកួតប្រជែងគ្នានាំអង្ករទៅលក់។
លោកថាបច្ចុប្បន្នអង្គរកម្ពុជាមានទីផ្សារនៅទីផ្សារអឺរ៉ុបដែលជាហេតុធ្វើឱ្យតម្លៃស្រូវប្រណិតរបស់កម្ពុជានៅរក្សាតម្លៃសមរម្យនៅលើទីផ្សារ យ៉ាងណាក្ដីលោកឱ្យជាយោបល់ថារដ្ឋាភិបាលគួរគិតគូរពីផែនការផលិត និងរកដំណាំស្រូវប្រភេទណាដែលអាចយកទៅផលិតជារបស់ផ្សេងក្រៅពីអង្ករសម្រាប់បរិភោគ។

លោកថា៖ «យើងត្រូវរកស្រូវពួជអីដែលអាចជាអ្វីផ្សេងទៀតក្រៅតែពីការយកទៅដាំបាយហូបព្រោះមនុស្សម្នាក់បាយបីពេលអស់អង្ករប៉ុន្មានយើងមិនអាចហូបលើសពីហ្នឹងទេ! ព្រោះបាយយើងមិនអាចយកទៅហូបលេងឬអីទេ។ ឬយើងអាចថាយកអង្កររបស់យើងទៅច្នៃជាផលិតផលអ្វីដែលមានមនុស្សប្រើប្រាស់ច្រើនត្រូវគិតពីបញ្ហាអស់ហ្នឹងក្រៅពីការផលិតស្រូវឬកិនជាអង្ករលក់នោះ ឬក៏យើងត្រូវគិតថាដាំស្រូវណាដែលត្រូវផលិតជាអង្ករសម្រាប់នាំចេញទៅលើទីផ្សារណាដែលត្រូវការនាំចេញខ្ពស់»។
លោក សម វិទូ បានជំរុញដល់មន្ទីរ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម និងពាណិជ្ជកម្មត្រូវគិតគូរពិភាក្សាគ្នារៀបចំផែនការដោយពិនិត្យលើទីផ្សារសម្រាប់ការផ្គត់ផ្គង់ជារៀងរាល់ឆ្នាំដើម្បីមានថ្នាលតម្រង់ទិសសម្រាប់ការដាំដុះផងដែរ។
ងាកទៅអ្នកស្រី សុខឿត វិញនៅពេលសួរថាបើលក់ខាតរាល់ឆ្នាំហេតុអ្វីអ្នកស្រីនៅតែបន្តធ្វើស្រែនេះទៀត។ អ្នកស្រីថាកសិករមិនដឹងថាត្រូវធ្វើអ្វីជីវិតរបស់កសិករគឺស្រូវអង្ករនេះទោះបីជាខាត មានតែរកចំណូលមកផ្សែផ្សំបន្ថែមដើម្បីអាចបន្តរស់នៅបន្តទៀតប៉ុណ្ណោះ។
អ្នកស្រីថា៖ « ខាតសឹងតែរាល់ឆ្នាំដោយសារតែយើងមិនដឹងធ្វើអី? ជីវិតកសិករយើងគឺរំពឹងលើការធ្វើស្រែនេះហើយបើថាយើងចំណេញមានបានដោយសារស្រូវអង្ករគឺអត់មានទេ! តែខ្ញុំមិនដឹងធ្វើយ៉ាងមិច។ សំណួរ៖ បើខាតអ៊ីចឹងយើងរកចំណូលអីដើម្បីយកមកទប់ការខាតបាន? មានតែចិញ្ចឹមមានចិញ្ចឹមទាបានក៏បាន អត់ក៏អត់ខ្ញុំចាស់ហើយទៅរកអីបាន? ទៅធ្វើរោងចក្រមិនដឹងថាធ្វើយ៉ាងណាយើងក៏ចាស់ហើយ មានតែចិញ្ចឹមគោ មាន់ ទា និងធ្វើស្រែប៉ុណ្ណោះ»»៕



អត្តបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


