ព័ត៌មានជាតិ
កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត កសិកម្ម និងអប់រំ
នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីតាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ការឯកភាពនេះកើតឡើងនៅក្នុងជំនួបនាព្រឹកថ្ងៃទី៩ ខែមិថុនា រវាង សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន នៅក្រៅសន្និសីទលើកទី៣របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) រៀបចំឡើងនៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានាធិបតីតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជំនួបនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅ។ ប្រធានាធិបតីតាជីគីស្ថានក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។

លោកប្រធានាធិបតីតាជីគីស្ថាន បានកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតីបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ទំនាក់ទំនងទ្វេភាគីតាជីគីស្ថាន-កម្ពុជានឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានថ្លែងថា ជំនួបទ្វេភាគីនេះជាឱកាសសម្រាប់ការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះលោកប្រធានាធិបតី, សម្តេចបវរធិបតីបានគូសបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរ ត្បិតនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។

សម្តេចបវរធិបតី និងប្រធានាធិបតីតាជីគីស្ថាន ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង អប់រំ ជាដើម, និង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅវិញទៅមក នាពេលវេលាសមស្របខាងមុខ ព្រមទាំងបានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសម្របសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទាំងពីរ។

កម្ពុជា និងតាជីគីស្ថាន បានកសាងទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាតាំងតែពីឆ្នាំ១៩៩៥។ រហូតមកដល់ពេលបច្ចុប្បន្នទំនាក់ទំនងនៃប្រទេសទាំងពីរឈានដល់វ័យ៣០ឆ្នាំហើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


