Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់​បង្កើតច្បាប់អនុញ្ញាត​ឲ្យប៉ូលិស​បាញ់​ទម្លាក់​ដ្រូនមិនស្គាល់អត្តសញ្ញាណ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៩ខែតុលា ប្រទេសអាល្លឺម៉ង់បានបង្កើតសេចក្តីព្រាងច្បាប់ថ្មីអនុញ្ញាតឱ្យប៉ូលិសបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលគំរាមកំហែងសុវត្ថិភាពសាធារណៈ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បន្ទាប់ពីប្រទះឃើញយន្តហោះគ្មានមនុស្សបើកដ៏អាថ៌កំបាំងជាច្រើនគ្រឿងនៅទូទាំងទ្វីបអឺរ៉ុប។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់បានអនុម័តវិធានការនេះកាលពីថ្ងៃពុធ ដោយអធិការបតីលោក Friedrich Merz បានសង្កត់ធ្ងន់ថាគោលដៅគឺដើម្បីពង្រឹងសន្តិសុខជាតិចំពេលមានការកើនឡើងនៃការភ័យខ្លាចនៃការជ្រៀតជ្រែកពីបរទេស ជាពិសេសពីប្រទេសរុស្ស៊ី ដែលទីក្រុងប៊ែរឡាំងសង្ស័យថាជាអ្នកនៅពីក្រោយការបង្ហោះដ្រូនទាំងនេះ។

ច្បាប់នេះនឹងត្រូវការការយល់ព្រមពីសភា ផ្តល់សិទ្ធិអំណាចដល់ប៉ូលិសសហព័ន្ធក្នុងការស្វែងរក និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលបង្កការគំរាមកំហែងភ្លាមៗ។ អង្គភាពប្រឆាំងដ្រូនថ្មីក៏នឹងត្រូវបានបង្កើតឡើងនៅក្នុងអង្គភាពប៉ូលិសសហព័ន្ធផងដែរ ដើម្បីសម្របសម្រួលការឆ្លើយតប និងចែករំលែកជំនាញជាមួយអ៊ុយក្រែន និងអ៊ីស្រាអែល។

(រូបភាព៖ Getty)

គួរបញ្ជាក់ថាការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរដូចជាការមើលឃើញយន្តហោះគ្មានមនុស្សបើកកាលពីសប្តាហ៍មុននៅលើអាកាសយានដ្ឋាន Munich ដែលបង្ខំឱ្យមានការលុបចោលជើងហោះហើរជាច្រើន និងបានជាប់គាំងអ្នកដំណើររាប់ពាន់នាក់។

ប្រទេសអាឡឺម៉ង់បានប្រឈមនឹងបញ្ហាចរាចរណ៍ផ្លូវអាកាសដែលទាក់ទងនឹងយន្តហោះគ្មានមនុស្សបើកចំនួន ១៧២គ្រឿងមកទល់ពេលនេះ ធៀបនឹង១២៩ ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះបង្ហាញពីការគាំរាមកំហែងកាន់តែខ្លាំងនិងមានគ្រោះថ្នាក់។ ប្រសិនបើច្បាប់ថ្មីនេះត្រូវបានអនុម័ត អាល្លឺម៉ង់នឹងចូលរួមជាមួយប្រទេសមួយចំនួនដូចជា បារាំង អង់គ្លេស និងលីទុយអានី ដែលប្រទេសទាំងនេះផ្ដល់អំណាចឲ្យប៉ូលិស និងកងកម្លាំងសន្តិសុខបាញ់ទម្លាក់ដ្រូនខុសច្បាប់រួចហើយ៕

ឧបករណ៍​ដាក់​លើ​ស្មា​គឺជា​មធ្យោបាយ​មួយ​ដើម្បី​នាំ​យន្តហោះ​គ្មាន​មនុស្ស​បើក​ចុះ​ពីលើ​មេឃ។​​ (រូបភាព៖ MAGO)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម