ព័ត៌មានអន្ដរជាតិ
មេដឹកនាំស៊ីរី សន្យារក្សាមិត្តភាពជាមួយរុស្ស៊ី ខណៈស្នើពូទីនឲ្យប្រគល់ខ្លួនអតីតមេដឹកនាំផ្តាច់ការ
ប្រធានាធិបតីស៊ីរី Ahmed al-Sharaa បានធានាចំពោះប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃពុធទី១៥ខែតុលាថា រដ្ឋាភិបាលរបស់លោកនឹងរក្សាកិច្ចព្រមព្រៀងអតីតកាលទាំងអស់រវាងទីក្រុងដាម៉ាស និងទីក្រុងមូស្គូ ដែលជាការសន្យាមួយដែលត្រូវបានគេមើលឃើញថាធានាបាននូវមូលដ្ឋានយោធាសំខាន់ពីររបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី ចំពេលមានការផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។

នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅវិមានក្រឹមឡាំង លោក Sharaa បាននិយាយថា ប្រទេសស៊ីរីស្វែងរក«ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី» ខណៈពេលដែលបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមុស្គូ។ សេចក្តីថ្លែងការណ៍របស់គាត់ បង្ហាញពីការបន្តនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដែលបានបោះយុថ្កាឥទ្ធិពលរបស់រុស្ស៊ីនៅមជ្ឈិមបូព៌ាអស់រយៈពេលជាងមួយទសវត្សរ៍។
យោងតាមមន្ត្រីស៊ីរី លោក Sharaa ក៏ត្រូវបានគេរំពឹងថានឹងស្នើសុំជាផ្លូវការនូវការធ្វើបត្យាប័នអតីតប្រធានាធិបតី Bashar al-Assad ដែលបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីត្រូវបានបណ្តេញចេញដោយកងកម្លាំងឧទ្ទាមក្នុងខែធ្នូឆ្នាំ២០២៤។ លោក Assad ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់វិមានក្រឹមឡាំង បានគ្រប់គ្រងប្រទេសស៊ីរី អស់រយៈពេលជាងពីរទសវត្សរ៍ ជាមួយនឹងការគាំទ្រផ្នែកយោធារបស់ទីក្រុងមូស្គូ ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលរបស់ប្រទេស។

លោក Sharaa ក៏កំពុងស្វែងរកការគាំទ្ររបស់លោកពូទីនប្រឆាំងនឹងការទាមទាររបស់អ៊ីស្រាអែល សម្រាប់តំបន់គ្មានយោធាដែលបានពង្រីកនៅភាគខាងត្បូងប្រទេសស៊ីរី ហើយអាចនឹងស្នើសុំឲ្យរុស្ស៊ីដាក់ពង្រាយប៉ូលិសយោធាឡើងវិញជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការលុកលុយរបស់អ៊ីស្រាអែលបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ។
លោកពូទីនបានស្វាគមន៍លោក Sharaa យ៉ាងកក់ក្តៅ ដោយបានសរសើរការបោះឆ្នោតសភានាពេលថ្មីៗនេះរបស់ប្រទេសស៊ីរី ថាជា«ជោគជ័យដ៏អស្ចារ្យ» ហើយសន្យាថានឹងពង្រឹងទំនាក់ទំនងក្នុងវិស័យការពារជាតិ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការមនុស្សធម៌។ លោកពូទីនបាននិយាយថា «យើងនឹងបន្តអភិវឌ្ឍទំនាក់ទំនងរបស់យើងនៅលើមូលដ្ឋាននៃគំនិតផ្តួចផ្តើមមានប្រយោជន៍ជាច្រើនដែលបានពិភាក្សារួចហើយ»។
កិច្ចពិភាក្សានេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Sharaa ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីការឡើងកាន់អំណាច និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ក្នុងការកសាងទំនាក់ទំនងស្ថិរភាពជាមួយថ្នាក់ដឹកនាំថ្មីរបស់ប្រទេសស៊ីរី ខណៈពេលដែលរក្សាការឈរជើងយោធារបស់ខ្លួននៅមូលដ្ឋានទ័ពអាកាស Hmeimim ក្នុងទីក្រុង Latakia និងមូលដ្ឋានទ័ពជើងទឹកនៅ Tartous។ រុស្ស៊ីក៏រក្សាវត្តមានមួយផ្នែកតូចផងដែរនៅអាកាសយានដ្ឋាន Qamishli ក្បែរព្រំដែនតួកគី និងអ៊ីរ៉ាក់។
រដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov បានប្រាប់អ្នកយកព័ត៌មានកាលពីដើមសប្តាហ៍នេះថា ទីក្រុងមូស្គូជឿថាទីក្រុងដាម៉ាស ចង់ឲ្យកងកម្លាំងរុស្ស៊ីស្នាក់នៅ ដោយបន្ថែមថា មូលដ្ឋានទាំងនេះអាចត្រូវបានគេប្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់ជំនួយមនុស្សធម៌ទៅកាន់ទ្វីបអាហ្វ្រិក។
ខណៈពេលដែលរុស្ស៊ីផ្តោតលើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ខ្លួនបានរក្សាការប្រយុទ្ធយោធាដែលមានកម្រិតនៅក្នុងប្រទេសស៊ីរី ហើយបានបន្តបញ្ជូនការដឹកជញ្ជូនប្រេង និងជំនួយ ដើម្បីគាំទ្ររដ្ឋាភិបាលថ្មី។
លោក Sharaa បានបញ្ចេញសំឡេងប្រកបដោយសុទិដ្ឋិនិយមចំពោះទីក្រុងមូស្គូ ទោះបីជាធ្លាប់ដឹកនាំការវាយលុករបស់ក្រុមឧទ្ទាមដែលបានផ្តួលរំលំលោក Assad ដែលជាសម្ព័ន្ធលោកពូទីនក៏ដោយ។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ លោក Sharaa បានប្តេជ្ញាបន្តចាត់វិធានការផ្លូវច្បាប់ ដើម្បីនាំលោក Assad មកកាត់ទោស ខណៈដែលលោក Lavrov បាននិយាយថា ប្រទេសរុស្ស៊ីបានផ្តល់សិទ្ធិជ្រកកោនអតីតមេដឹកនាំរូបនេះ«ក្រោមហេតុផលមនុស្សធម៌»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


