Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ​ប្រាប់​ថា​ លោកស៊ី​​អាចជួយបញ្ចុះបញ្ចូលរុស្ស៊ី​​ឲ្យ​បញ្ចប់សង្គ្រាមអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ការ​ជឿជាក់ថា សមភាគី​ចិន លោក ស៊ី ជីនពីង អាចដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល​មេ​ដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ​ឲ្យ​បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំដែលបានគ្រោងទុកនៅ​ចុង​សប្តាហ៍ក្រោយ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

ជំនួប​រវាង​លោកត្រាំ និង​លោកស៊ី កាល​ពី​ឆ្នាំ​២០១៩ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Anadolu កាល​ពី​ថ្ងៃ​ទី​២៣​ខែតុលា​ឆ្នាំ​២០២៥ លោកត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ​រាង​ពង​ក្រពើ​​ថា «ខ្ញុំគិតថា គាត់អាចមានឥទ្ធិពលយ៉ាងខ្លាំងលើលោកពូទីន…ហើយយើងពិតជានឹងកំពុងនិយាយអំពីរុស្ស៊ី-អ៊ុយក្រែន»។

លោកត្រាំ បាន​​បញ្ជាក់​ថា លោកនឹងជួបលោក​ស៊ី​ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ីនាពេលខាងមុខ ដែលរួមបញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុនផងដែរ។ មេ​ដឹកនាំ​អាមេរិក​បាន​លើក​ឡើង​ថា «នៅក្នុងប្រទេសកូរ៉េខាងត្បូង ខ្ញុំនឹងជួបជាមួយប្រធានាធិបតី ស៊ី នៃប្រទេសចិន។ យើងអាចដោះស្រាយសំណួរ ចម្ងល់​ និងទ្រព្យសម្បត្តិដ៏ច្រើនរបស់យើងរួមគ្នា»។

ប្រធានាធិបតី​អាមេរិក​បាន​ពណ៌នា​ទំនាក់ទំនង​របស់​លោក​ជាមួយ​លោកស៊ី​​ថា​ល្អ​ណាស់ ហើយ​បាន​​ប្រាប់​ថា​ ការ​ពិភាក្សា​នាពេល​ខាង​មុខ​របស់​ពួកគេ​នឹង​មាន​រយៈពេល​វែង​គួរសម។

បើតាម BBC សេតវិមាន​បាន​បញ្ជាក់​ថា លោក​ត្រាំ នឹង​ជួប​សមភាគី​ចិន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ថ្ងៃ​ទី​៣០​ខែ​តុលា នៅ​ក្រៅកិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម