Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដាក់​ការស្តីបន្ទោស​​លើ លោក ត្រាំ រឿង​បិទ​ច្រក Hormuz ជាថ្មី​

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃទី២១ ខែមិថុនា បានទម្លាក់កំហុសទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញហេតុការណ៍​ដែល​​នាំ​ទៅ​​បិទច្រកសមុទ្រ Hormuz ជាថ្មី​​វិញ​​ ដោយ លោក បានអំពាវនាវឲ្យ​អ៊ីរ៉ង់​​បើកផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះឡើងវិញ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និងលោកត្រាំ (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pistorius បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ ARD ​របស់​អាល្លឺម៉ង់ ថា «ជារួម មូលហេតុដែលធ្វើឲ្យស្ទះច្រកសមុទ្រ Hormuz គឺបង្កឡើងដោយលោកត្រាំ មិនមែនដោយសារយើងនោះទេ ប៉ុន្តែ យើងមានផលប្រយោជន៍ក្នុងការដោះស្រាយបញ្ហានេះឲ្យដំណើរការឡើងវិញ»។

ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់ ត្រូវបានបិទខ្ទប់យ៉ាងណែនក្នុងអំឡុងពេលមានអរិភាពដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។

ពីដើមឡើយមក ទីក្រុងតេហេរ៉ង់បានយល់ព្រមបើកច្រកនេះឡើងវិញ ក្រោមឥទ្ធិពលនៃកិច្ចព្រមព្រៀងបឋមដែលចុះហត្ថលេខាដោយលោកត្រាំ និងសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian ហើយចរាចរណ៍នាវាក៏បានចាប់ផ្តើមងើបឡើងវិញ។ ប៉ុន្តែអ៊ីរ៉ង់កាលពីថ្ងៃទី២០ ខែមិថុនា បានប្រកាសថា ខ្លួនកំពុងបិទផ្លូវទឹកដ៏សំខាន់នេះម្តងទៀត ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។

លោក Pistorius បានសង្កត់ធ្ងន់ថា «ការបើកច្រក Hormuz ឬនិយាយឲ្យចំគឺការធ្វើដំណើរដោយសុវត្ថិភាពឆ្លងកាត់ទីនោះ គឺជាផលប្រយោជន៍របស់អឺរ៉ុប ផលប្រយោជន៍នៃការផ្គត់ផ្គង់ថាមពល និងការស្តារសេដ្ឋកិច្ចរបស់យើងឡើងវិញ»។ លោករដ្ឋមន្ត្រីបានបន្ថែមថា រាល់កិច្ចព្រមព្រៀងណាមួយដើម្បីបើកច្រកសមុទ្រនេះឡើងវិញ គឺត្រូវការការគាំទ្រពីប្រទេសអ៊ីរ៉ង់ និងអូម៉ង់។

កន្លងមក ទីក្រុងប៊ែរឡាំងបានបង្ហាញជំហរដកឃ្លាជាបន្តបន្ទាប់ ពីយុទ្ធនាការរបស់លោក ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាមន្ត្រីអាល្លឺម៉ង់មិនទាន់ឈានដល់ការទម្លាក់កំហុសចំៗទៅលើសហរដ្ឋអាមេរិកចំពោះជម្លោះទាំងស្រុងក៏ដោយ។

នៅពេលដែលលោក ត្រាំ បានដាក់សម្ពាធលើបណ្តាសម្ព័ន្ធមិត្តឲ្យជួយបើក ឬការពារសន្តិសុខនៅច្រកសមុទ្រ Hormuz កាលពីខែមេសា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងថា សង្គ្រាមនេះ «មិនមែនជាកិច្ចការរបស់អង្គការណាតូឡើយ»។ លោក Merz និងលោក Pistorius ក៏បានរិះគន់អាមេរិកផងដែរ ចំពោះការមិនបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន មុនពេលចាប់ផ្តើមការវាយប្រហារលើប្រទេសអ៊ីរ៉ង់។

សូមជម្រាបជូនថា ជម្លោះយោធារវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ដែលបានផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២៦ បានឈានដល់ការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ ជាការឆ្លើយតបនឹងការវាយប្រហារតាមអាកាស។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានបន្ទោសលោក ត្រាំ ចំពោះវិបត្តិដែលបង្កផលប៉ះពាល់ដល់ថាមពលសកលនេះ ដោយបដិសេធមិនចូលរួមយុទ្ធនាការយោធាដែលខ្វះការពិគ្រោះយោបល់ឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម