ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ
អ៊ីរ៉ង់បានស្នើសុំឲ្យអង្គការសហប្រជាជាតិចាត់វិធានការប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងទាមទារឲ្យប្រទេសទាំងពីរទូទាត់ថ្លៃសំណង ក្រោយទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានរងការវាយប្រហារតាមអាកាសនៅក្នុងខែមិថុនាកន្លងទៅ។

យោងតាមរ៉យទ័រ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានធ្វើការអំពាវនាវនេះនៅក្នុងលិខិតមួយដែលបានផ្ញើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី១២ខែវិច្ឆិកាឆ្នាំ២០២៥។ លោកបាននិយាយថា ការវាយប្រហារនេះគឺជា«អំពើឈ្លានពាន» ហើយបញ្ជាក់ថា សហរដ្ឋអាមេរិកក៏ត្រូវទទួលខុសត្រូវផងដែរសម្រាប់ការវាយប្រហារដែលធ្វើឡើងដោយអ៊ីស្រាអែល។
លោក Araghchi បានលើកឡើងពីសម្ដីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ដែលក្នុងនោះលោកបាននិយាយថា លោកបានដឹកនាំការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ អ៊ីរ៉ង់បញ្ជាក់ថា ការទទួលស្គាល់នេះស្ដែងច្បាស់ពីការលូកដៃរបស់អាមេរិក។
លោក Araghchi បានសរសេរថា «ប្រធានាធិបតីត្រាំ និងមន្ត្រីអាមេរិកផ្សេងទៀតត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះការវាយប្រហារនៅថ្ងៃទី១៣ខែមិថុនា» ដោយជំរុញឲ្យអង្គការសហប្រជាជាតិអនុវត្តច្បាប់អន្តរជាតិ និងដាក់ចេញ«វិធានការសមស្រប»លើអាមេរិក និងអ៊ីស្រាអែល។
អង្គការសហប្រជាជាតិ និងបេសកជនរបស់សហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉កមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។
កាលពីថ្ងៃទី៦វិច្ឆិកា លោកត្រាំបានប្រាប់អ្នកយកព័ត៌មានថា លោកគឺជា«អ្នកដឹកមុខយ៉ាងសំខាន់»ចំពោះការវាយប្រហារដំបូងរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់អះអាងថា ការវាយប្រហារនោះបានបង្កឲ្យមានជម្លោះផ្លូវអាកាសរយៈពេល១២ថ្ងៃរវាងកងកម្លាំងអ៊ីរ៉ង់ និងភាគីអាមេរិក-អ៊ីស្រាអែល។
អ៊ីរ៉ង់ប្រាប់ថា មនុស្សជាង៩០០នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ រួមទាំងមន្ត្រីយោធាជាន់ខ្ពស់ផងដែរ។ លោក Araghchi បានរៀបរាប់ថា បុគ្គលនៅក្នុងប្រទេសអ៊ីស្រាអែលដែលបានជួយរៀបចំផែនការ ឬអនុវត្តការវាយប្រហារនេះ ក៏គួរតែត្រូវទទួលខុសត្រូវចំពោះ«ឧក្រិដ្ឋកម្មសង្គ្រាម»ផងដែរ។
ការអំពាវនាវរបស់អ៊ីរ៉ង់កើតឡើងចំពេលដែលទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បានបង្ហាញថា ពួកគេនៅតែបើកចំហចំពោះការចរចា។ អនុរដ្ឋមន្ត្រីរបស់លោក Araghchi បាននិយាយកាលពីដើមសប្តាហ៍នេះថា អ៊ីរ៉ង់នៅតែស្វែងរក«កិច្ចព្រមព្រៀងនុយក្លេអ៊ែរសន្តិភាព»ជាមួយអាមេរិក។
លោកត្រាំ ក៏បានបង្ហាញដែរថា លោកត្រៀមខ្លួនជាស្រេចក្នុងការចរចា ដោយនិយាយថា អាមេរិកនៅតែបើកចំហសម្រាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
យ៉ាងណាមិញ បច្ចុប្បន្នគេនៅសង្កេតឃើញថា ភាពតានតឹងរវាងភាគីទាំងពីរនៅតែមានកម្រិតខ្ពស់ បន្ទាប់ពីការប៉ះទង្គិចយោធា និងការចោទប្រកាន់គ្នាជាច្រើនខែ។ អ៊ីរ៉ង់ទទូចថា អង្គការសហប្រជាជាតិត្រូវតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយហៅការវាយប្រហារក្នុងខែមិថុនាថាជា«ទង្វើសង្គ្រាមខុសច្បាប់» ដែលបញ្ជាដោយទីក្រុងវ៉ាស៊ីនតោន និងអនុវត្តដោយអ៊ីស្រាអែល៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១៨ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


