ព័ត៌មានអន្ដរជាតិ
ភាពអាម៉ាស់នៃស៊ីហ្គេម, គ្រោះធម្មជាតិ និងជម្លោះនៅតាមព្រំដែន ជាវិបត្តិដែលកំពុងញាំញីប្រទេសថៃ
ក្រៅពីការប្រយុទ្ធជាមួយកម្ពុជានៅព្រំដែន ដែលផ្តើមចេញពីការឈ្លានពានរបស់ថៃ បង្ខំឲ្យកម្ពុជាអស់ការអត់ធ្មត់ឈានដល់ផ្ទុះការវាយបកតបតនោះ, ប្រទេសថៃក៏កំពុងមានជម្លោះព្រំដែនជាមួយមីយ៉ាន់ម៉ាផងដែរ ហើយមិនត្រឹមប៉ុណ្ណឹង បន្ថែមពីលើជម្លោះទាំងនេះ ថៃ ក៏កំពុងជួបគ្រោះធម្មជាតិ ដូចជារញ្ជួយដី ទឹកជំនន់ ខ្យល់ពុល និងត្រៀមខ្លួនទទួលព្យុះភ្លៀងផងដែរ ដែលនឹងវាយប្រហារខេត្តចំនួន៣០ ហើយម្យ៉ាងប្រទេសនេះ ក៏កំពុងរងភាពអាម៉ាស់ផងដែរ ចំពោះភាពបរាជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម។

ដំបូងគឺផ្តើមចេញពីជម្លោះព្រំដែនជាមួយកម្ពុជា ដែលថៃ ចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ ឈានដល់បើកការឈ្លានពានទាំងងងើល បណ្តាលឲ្យមានមនុស្សស្លាប់និងមានជនភៀសខ្លួនរាប់ម៉ឺននាក់ បង្កទុក្ខវេទនាដល់ពលរដ្ឋ។
ដើម្បីតែអំណាច រដ្ឋាភិបាលក្រោមការដឹកនាំរបស់ អានុទីន មិនខ្វល់ជីវិតជនស៊ីវិលឬច្បាប់អន្តរជាតិឡើយ ដោយកងទ័ពថៃ បានបើកការវាយប្រហារទីតាំងស៊ីវិល និងថែមទាំងលើប្រាសាទបុរាណថែមទៀតផង។
ងាកទៅព្រំដែនជាប់មីយ៉ាន់ម៉ាវិញ ទីនោះពលរដ្ឋថៃ រត់ប្រាសអាយុច្រើនលើកច្រើនសាមកហើយ ដោយសារតែគ្រាប់ផ្លោងមកពីខាងមីយ៉ាន់ម៉ា ធ្លាក់ចូលក្នុងខេត្ត Tak នៃប្រទេសថៃ ជួនកាលបណ្តាលឲ្យពលរដ្ឋរងរបួសទៀតផង។

ជាការឆ្លើយតប កងទ័ពថៃបានបាញ់ព្រមានច្រើនលើកមកហើយដែរ ប៉ុន្តែខាងមីយ៉ាន់ម៉ា ហាក់មិនញញើតឡើយ។
ក្រៅពីការប្រយុទ្ធគ្នា មកមើលនៅបាងកកវិញ ខ្យល់ពុលកំពុងគ្របដណ្តប់ ហើយអ្នកជំនាញព្រមានរួចមកហើយថា ស្ថានភាព PM2.5 ដ៏អាក្រក់ នឹងបន្តដល់ដាច់ខែនេះឯណោះ។
និយាយពីស្ថានភាពចុងក្រោយបំផុត គិតត្រឹមថ្ងៃពុធទី១០ខែធ្នូ ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព បានគ្របដណ្តប់ខ័ណ្ឌចំនួន៥។

នៅ Nong Khaem ខ្យល់ពុលបានឈានដល់ ៤២.៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់, Lat Krabang ៤១.១មីក្រូក្រាម, Bang Rak ៤១.៥មីក្រូក្រាម, Sathorn ៤០.៥មីក្រូក្រាម និង Thawi Watthana ៣៧.៩មីក្រូក្រាម។
ចំណែកបើនិយាយពីទឹកជំនន់ ដ្បិតនៅស្រុកហាតយ៉ៃ នៃខេត្តសុងក្លា បានធូរស្រាយក៏ពិតមែន ប៉ុន្តែនៅប៉ាតានី កំពុងបន្តធ្ងន់ធ្ងរនៅឡើយ ខណៈកំហឹងអ្នកខេត្តភាគខាងត្បូងលើលោកអានុទីន មិនទាន់បាត់នោះទេ ជុំវិញការលាក់បាំងតួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ ដែលចាប់ផ្តើមវាយប្រហារនៅចុងខែមុន។
ម្យ៉ាង ខេត្តភាគខាងត្បូង គឺស្ថិតក្នុងចំណោមខេត្តទាំង៣០ ដែលនាយកដ្ឋានឧតុនិយមថៃ ព្រមានឲ្យត្រៀមខ្លួនទទួលជាមួយព្យុះភ្លៀងរហូតដល់ចុងសប្តាហ៍។
បាតុភូតនេះបង្កឡើងដោយ ប្រព័ន្ធសម្ពាធទាប ដែលស្ថិតនៅពីលើសមុទ្រចិនខាងត្បូងផ្នែកខាងក្រោម ហើយកំពុងធ្វើដំណើរឆ្លងកាត់ ចុងខាងត្បូងនៃប្រទេសវៀតណាម ចូលទៅក្នុង ឈូងសមុទ្រថៃ និង តំបន់ភាគខាងត្បូង រួមផ្សំជាមួយនឹង ខ្យល់មូសុងឦសាន ដែលបក់ពីលើឈូងសមុទ្រ លើតំបន់ភាគខាងត្បូងនិងសមុទ្រអាន់ដាម៉ាន់។

ចំពោះស៊ីហ្គេម ព្រឹត្តិការណ៍នេះកំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រទេសក្នុងតំបន់ក៏ដូចជាជនជាតិថៃគ្នាឯង ចំពោះកំហុសរាប់ភ្លេច ពិសេសពិធីបើកដ៏អន់។
ចុងក្រោយបំផុត គឺគ្រោះរញ្ជួយដីដែលខេត្ត Phayao ភាគខាងជើង បានជួបគ្រោះរញ្ជួយដីកម្រិត២.៨រ៉ិចទ័រ ជាមួយជម្រៅ ៦គីឡូម៉ែត្រ បណ្តាលឲ្យរង្គើដល់តំបន់មួយចំនួន ឈានដល់ការព្រមានសម្រាប់ស្រុកចំនួន៩។
រញ្ជួយដីនេះកើតឡើងនៅម៉ោង៩:៥៨នាទីយប់ ថ្ងៃពុធទី១០ខែធ្នូឆ្នាំ២០២៥ ដោយមានចំណុចកណ្តាលនៅឃុំ Fai Kwang នៃស្រុក Chiang Kham ហើយវាបង្កជាសំឡេងប្រៀបដូចការផ្ទុះនៅទីនោះផងដែរ។
ដ្បិតវាមានកម្រិតស្រាល ប៉ុន្តែការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្ត បានព្រមានដល់ស្រុកចំនួន៩ ឲ្យតាមដានស្ថានការណ៍និងវាយតម្លៃការខូចខាត ពីរញ្ជួយដីនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


