Connect with us

ព័ត៌មានអន្ដរជាតិ

អស្ថិរភាព​នយោបាយខ្លាំង! ថៃធ្លាប់​រំលាយសភាចំនួន​១៦លើក

បានផុស

នៅ

ប្រទេសថៃបានរំលាយសភារបស់ខ្លួននៅថ្ងៃសុក្រ​ទី​១២​ខែធ្នូ​ឆ្នាំ​២០២៥​ ដែលជាការរំលាយលើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ​១៩៣២​មក។

សភាថៃ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Royal Gazette បានចេញផ្សាយព្រះរាជក្រឹត្យរំលាយសភា នៅព្រឹកថ្ងៃសុក្រ ដោយ​ការ​​បោះឆ្នោត​ជាតិ​រំពឹងទុកថានឹងប្រព្រឹត្តទៅនៅចន្លោះចុងខែមករាដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦។ ក្រោមរដ្ឋធម្មនុញ្ញ ការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេល៤៥–៦០ថ្ងៃបន្ទាប់ពីការរំលាយសភា ហើយលោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៦។

ការរំលាយចុងក្រោយបំផុតនេះ បានគូសបញ្ជាក់ពីប្រវត្តិដ៏យូរអង្វែងនៃភាពងាយនឹងបង្កជាអស្ថិរភាពនយោបាយរបស់ប្រទេសថៃ។ ក្នុងរយៈពេល៩ទសវត្សរ៍កន្លងមក សភាត្រូវបានរំលាយដោយសារហេតុផលផ្សេងៗ រាប់​ចាប់តាំង​ពីការបរាជ័យរបស់រដ្ឋាភិបាលក្នុងចលនាសំខាន់ៗ រហូតដល់ការតវ៉ាទ្រង់ទ្រាយធំ វិវាទរដ្ឋធម្មនុញ្ញ និងយុទ្ធសាស្ត្រនយោបាយ។

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ ការរំលាយកន្លងមករបស់ប្រទេសថៃចំនួន៧​លើក​ បណ្តាលមកពីការបាត់បង់សំឡេងភាគច្រើន ឬប្រឈមមុខនឹងភាពប្រេះឆាផ្ទៃក្នុង ដូចជា​នៅឆ្នាំ១៩៣៨, ១៩៧៦ និង ២០១១។ ការរំលាយចំនួន៣​លើក បានកើតចេញពីការប៉ះទង្គិចគ្នាជុំវិញច្បាប់ចម្រូងចម្រាស ដូចជាជម្លោះឆ្នាំ១៩៤៥ ជុំវិញច្បាប់ឧក្រិដ្ឋជនសង្គ្រាម និងវិវាទជុំវិញច្បាប់លើកលែងទោសនៅឆ្នាំ២០១៣។ ការរំលាយ៣ផ្សេងទៀតបានកើតឡើងក្នុងអំឡុងវិបត្តិនយោបាយ ឬសេដ្ឋកិច្ចធំៗ ដោយជា​ការ​កត់សម្គាល់នៅឆ្នាំ១៩៩២ ក្នុងអំឡុងពេលភាពចលាចល «Black May» និងឆ្នាំ២០០៦ នៅចំពេលមានការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ។

ការរំលាយចំនួន២លើក រួមទាំងឆ្នាំ២០២៣ និង ២០២៥ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាយុទ្ធសាស្ត្រដែលមានគោលបំណងធានាអត្ថប្រយោជន៍បោះឆ្នោត ឬកំណត់នយោបាយសម្ព័ន្ធភាពឡើងវិញ។

ករណីគួរ​ឲ្យ​កត់សម្គាល់កន្លងមក រួមមាន៖

១៩៣៨: នាយករដ្ឋមន្ត្រី Phraya Phahol Pholphayuhasena បានរំលាយសភា បន្ទាប់ពីចាញ់ញត្តិ​ស្តីពីថវិកា។

១៩៤៥: លោក Seni Pramoj បានរំលាយសភា ដោយសារជម្លោះជុំវិញច្បាប់ឧក្រិដ្ឋជនសង្គ្រាម។

១៩៧៦: លោក Kukrit Pramoj បានរំលាយសភា នៅចំពេលមានភាពប្រេះឆាផ្ទៃក្នុងរដ្ឋាភិបាល។

ទសវត្សរ៍​ឆ្នាំ​១៩៨០: ឧត្ដមសេនីយ៍ Prem Tinsulanonda បានរំលាយសភាច្រើនដង ដោយសារភាពតានតឹងរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។

១៩៩២: លោក Anand Panyarachun បានរំលាយសភា ក្នុងអំឡុងវិបត្តិនយោបាយ​នៃ​ព្រឹត្តិការណ៍សោកនាដកម្ម «Black May»។

២០០៦: លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានអំពាវនាវ​ឲ្យ​មានការបោះឆ្នោត នៅចំពេលមានការតវ៉ាទ្រង់ទ្រាយធំទាមទារ​ឲ្យ​លោកលាលែងពីតំណែង។

២០១១ & ២០១៣: លោក Abhisit Vejjajiva និង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ បានរំលាយសភា នៅចំពេលមានភាពប្រេះឆានៃសម្ព័ន្ធភាព និងការតវ៉ាទូទាំងប្រទេសជុំវិញច្បាប់លើកលែងទោស។

២០២៣: លោក ប្រាយុទ្ធ ចាន់អូចា បានរំលាយសភា ដែលជាផ្នែកមួយនៃការកំណត់យុទ្ធសាស្ត្រនយោបាយឡើងវិញ។

ការរំលាយសភាញឹកញាប់របស់ប្រទេសថៃ បានឆ្លុះបញ្ចាំងពីអស្ថិរភាពនយោបាយដ៏​រ៉ាំរ៉ៃ ការតវ៉ាតាមដងផ្លូវដែលកើតឡើងដដែលៗ និងការបែកបាក់​រវាងរដ្ឋាភិបាលជាប់ឆ្នោត ស្ថាប័នការិយាធិបតេយ្យ និងយោធា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម