Connect with us

ព័ត៌មានអន្ដរជាតិ

រយៈពេលមួយសប្ដាហ៍ចុងក្រោយ ករណីឆ្លង កូវីដ ទូទាំងពិភពលោកកើនឡើងមិនធ្លាប់មាន ចាប់តាំងពីផ្ទុះឡើង

បានផុស

នៅ

មនុស្សជាច្រើនត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺកូវីដ ១៩ ក្នុងអំឡុងពេល ៧ ថ្ងៃចុងក្រោយនេះ ពោលកើនឡើង ៥.២ លានករណីនៅទូទាំងពិភពលោក ហើយជាចំនួនច្រើនជាងសប្តាហ៍ផ្សេងៗទៀត ចាប់តាំងពីការផ្ទុះឡើងជំងឺរាតត្បាត ។

ការផ្ទុះឡើងដ៏អាក្រក់បំផុតនេះគឺកើតឡើងនៅក្នុងប្រទេសជាច្រើនដែលមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយជាមួយរោគរាតត្បាតជាសកលមួយនេះ ។

និន្នាការដែលគួរឲ្យព្រួយបារម្ភនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពិភពលោកមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ឡើងដល់ជាង ៣ លាននាក់ បើទោះជាប្រទេសនានាកំពុងចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងវីរុសនេះក៏ដោយ ។ ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បង្ហាញពីការកើនឡើងចំនួន ១២ ភាគរយនៃករណីឆ្លងពីមួយសប្តាហ៍មុន ដោយធ្វើឲ្យក្ដីសង្ឃឹមថាចុងបញ្ចប់នៃជំងឺរាតត្បាតហាក់ដូចជាត្រូវខកបំណង ។

ទន្ទឹមនោះការកើនឡើងករណីឆ្លងប្រចាំសប្តាហ៍ បានកើនលើសកម្រិតខ្ពស់កាលពីលើកមុននៅពាក់កណ្តាលខែធ្នូ ។ រហូតមកដល់ពេលនេះអត្រាឆ្លងមានការថយចុះយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស តែចំណែកប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេស ឥណ្ឌា និងប្រេស៊ីល កំពុងមានការកើនឡើងយ៉ាងខ្លាំងនូវករណីឆ្លងនៅលើពិភពលោក ។

បន្ថែមពីនេះចំនួនអ្នកស្លាប់ជាសកលក៏កំពុងមានសន្ទុះឡើងវិញផងដែរ ។ ចំនួនអ្នកស្លាប់បានកើនឡើងក្នុងរយៈពេលមួយខែ ហើយមានប្រហែល ៨២,០០០ នាក់ក្នុងមួយសប្តាហ៍ គិតត្រឹមថ្ងៃទី ១៨ ខែមេសា ដែលជាមធ្យមគឺជិត ១២,០០០ នាក់ក្នុងមួយថ្ងៃ ។ ចំនួននេះកើនឡើងជាង ៦០,០០០ នាក់ក្នុងមួយសប្តាហ៍ គិតត្រឹមថ្ងៃទី ១៤ ខែមីនា ឬប្រហែល ៨,៦០០ ក្នុងមួយថ្ងៃ ។

ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសធំជាងគេចំនួនពីរក្នុងការជំរុញករណីឆ្លងនៅទូទាំងពិភពលោក ។ ដោយប្រឈមនឹងការកើនឡើងភ្លាមៗនៃករណីឆ្លងជំងឺកូវីដ ១៩ ប្រទេសឥណ្ឌា ជាកន្លែងដែលមានការរីករាលដាលធំជាងគេលំដាប់ទី ២ របស់ពិភពលោក ហើយបានវ៉ាដាច់ប្រទេសប្រេស៊ីល បន្ទាប់ពីជំងឺនេះបានកើនឡើងជាគំហុកក្នុងខែមីនា ។ មន្ទីរពេទ្យនៅទីក្រុង Mumbai និងទីក្រុង Sao Paulo កំពុងរងសម្ពាធកាន់តែខ្លាំង ខណៈការចូលសម្រាកព្យាបាលនៅតែបន្តកើនឡើង ។

យោងតាមអ្នកតាមដានវ៉ាក់សាំងរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ប្រទេសឥណ្ឌា និងប្រេស៊ីល បានចាក់វ៉ាក់សាំងស្មើនឹង ៤.៥ ភាគរយ និង ៨.៣ ភាគរយនៃប្រជាជនរបស់ពួកគេរៀងៗខ្លួន បើប្រៀបធៀបទៅនឹង ៣៣ ភាគរយសម្រាប់សហរដ្ឋអាមេរិក និង ៣២ ភាគរយនៅចក្រភពអង់គ្លេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

ចុចអាន ៖ WHO ព្រមានថា កុំអាងតែមានវ៉ាក់សាំង ភ្លេចវិធានការការពារខ្លួនពីកូវីដ

ចុចអាន ៖ ៩ ប្រទេសដែលមិនទាន់មានការឆ្លងកូវីដសូម្បីមួយករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម