Connect with us

ព័ត៌មានអន្ដរជាតិ

ថៃប្រកាស​ចង់ធ្វើ​ខ្លួនជា «ស្ពានចម្លង» ដើម្បីនាំមីយ៉ាន់ម៉ាត្រឡប់ចូល​គ្រួសារ​អាស៊ានវិញ

បានផុស

នៅ

ប្រទេសថៃកំពុងស្វែងរកការនាំយករបបសឹកមីយ៉ាន់ម៉ា​ឲ្យ​ត្រឡប់មកចូលរួមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វិញ ដោយរដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow បានថ្លែងកាលពីថ្ងៃពុធ​ទី​១៨​ខែ​កុម្ភៈ​ថា ទីក្រុងបាងកកត្រៀម​​ខ្លួន​រួច​ជា​ស្រេច​​ធ្វើជា «ស្ពានចម្លង» ដើម្បីជួយជំរុញ​ទំនាក់ទំនង​នេះ​ឡើងវិញ។

លោក Sihasak Phuangketkeow និង​លោក Than Swe (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ The Standard បន្ទាប់ពីកិច្ចពិភាក្សាក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ា លោក Than Swe នៅភូកេត លោក Phuangketkeow បានសង្កត់ធ្ងន់ថា ទោះបីជាថៃមានឆន្ទៈគាំទ្រកិច្ចសន្ទនាក៏ដោយ ក៏ទីក្រុងណៃពិដោត្រូវតែបង្ហាញការឆ្លើយតបចំពោះសហគមន៍អន្តរជាតិ តាមរយៈការកាត់បន្ថយអំពើហិង្សា និងការអនុញ្ញាត​ឲ្យ​មានលទ្ធភាពទទួលបានជំនួយមនុស្សធម៌។

ការលើកឡើងនេះបានធ្វើឡើង ខណៈដែលមីយ៉ាន់ម៉ានៅតែបន្តធ្លាក់ក្នុងជម្លោះស៊ីវិលក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលនាំ​ឲ្យ​មានការដកទីក្រុងណៃពិដោចេញពីកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាន។ យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្ស មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងជិតបីលាននាក់ត្រូវផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នា។ លោក Phuangketkeow បានបញ្ជាក់ថា គោលនយោបាយរបស់ថៃគឺដើម្បីស្តារការចូលរួមដោយផ្ទាល់ស្របតាមកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន ប៉ុន្តែលោកបានសង្កត់​ធ្ងន់​ថា «ការចរចាសន្តិភាពត្រូវតែកើត​ចេញពីផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាខ្លួនឯង»។

ក្រៅពីបញ្ហាតំបន់ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនប្រវែង ២៤០០គីឡូម៉ែត្រ ដើម្បីប្រឆាំងនឹងបទល្មើសឆ្លងដែន។ លោក Phuangketkeow បានបន្ថែមថា សន្តិភាពប្រកបដោយនិរន្តរភាពនៅមីយ៉ាន់ម៉ានឹងផ្តល់ផលប្រយោជន៍ដល់សន្តិសុខជាតិរបស់ថៃ ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម