Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប្រកែក​ថា មិន​បាន​ចរចាជាមួយអាមេរិកទេ ក្រោយ​សង្គ្រាម​ផ្ទុះ​ឡើង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានចេញមុខមកបដិសេធយ៉ាងដាច់អហង្ការ ចំពោះរបាយការណ៍ដែលថា ប្រព័ន្ធទំនាក់ទំនងផ្ទាល់ជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff ត្រូវបានតភ្ជាប់ឡើងវិញ។

លោក Araqchi (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខមកបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Axios និង The Drop Site News បានចុះផ្សាយថា ភាគីទាំងពីរបានផ្ញើសារទាក់ទងគ្នាទៅវិញទៅមក ក្នុងបំណងស្វែងរកដំណោះស្រាយសន្តិភាព។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ នា​ថ្ងៃទី​១៧​ខែ​មីនា​ឆ្នាំ​២០២៦ លោក Araqchi បានបង្ហោះសារនៅលើបណ្តាញសង្គម X ដោយបញ្ជាក់ថា ការទាក់ទងចុងក្រោយរវាងលោក និងលោក Witkoff គឺបានកើតឡើងតាំងពីមុនពេលអាមេរិក និងអ៊ីស្រាអែល បើកយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨​ខែកុម្ភៈមកម្ល៉េះ។ លោកបានសង្កត់ធ្ងន់ថា «រាល់ការអះអាងដែលផ្ទុយពីនេះ គឺធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីបោកបញ្ឆោតអ្នកជួញដូរប្រេង និងសាធារណជនតែប៉ុណ្ណោះ»។ លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិកចំៗថា ជាអ្នក «សម្លាប់ផ្លូវការទូត» តាមរយៈការបើកការវាយប្រហារយោធានេះ។

ស្ថានការណ៍សង្គ្រាមដ៏រ៉ាំរ៉ៃនេះ បានបណ្តាលឲ្យ​​មានការបាត់បង់ជីវិតយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ផងដែរ ដែលវាបានដុតបញ្ឆេះឲ្យអ៊ីរ៉ង់វាយបកវិញយ៉ាងខ្លាំងក្លាទៅលើអ៊ីស្រាអែល និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលផ្តល់មូលដ្ឋានទ័ពឲ្យ​អាមេរិក។

ទោះបីជាមន្ត្រីអាមេរិកបានអះអាងថា លោក Araqchi ជាអ្នកផ្ដើមទាក់ទងទៅមុនក៏ដោយ ក៏​រដ្ឋមន្ត្រីការបរទេសរូបនេះនៅតែរក្សាជំហរថា គ្មានការចរចាណាមួយអាចកើតឡើងបានឡើយ ក្នុងកាលៈទេសៈដែលសង្គ្រាមកំពុងឆាបឆេះបែបនេះ។ ការកើនឡើងនៃជម្លោះនេះ មិនត្រឹមតែបង្កឲ្យមានអសន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ និងបង្កឲ្យមានអស្ថិរភាពទីផ្សារយ៉ាងខ្លាំងផងដែរ៕

ប្រែសម្រួល៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម