ព័ត៌មានអន្ដរជាតិ
ការរិះគន់ដូចព្យុះ ក្រោយរដ្ឋបាលត្រាំស្នើលុយ២០០ពាន់លានដុល្លារ សម្រាប់សង្រ្គាមនៅអ៊ីរ៉ង់
គម្រោងចំណាយដ៏មហិមាចំនួន២០០ពាន់លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅប្រទេសអ៊ីរ៉ង់ កំពុងតែរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់សមាជិកសភា និងប្រជាពលរដ្ឋអាមេរិក បើទោះបីជាគម្រោងនេះមិនទាន់ត្រូវបានដាក់បញ្ជូនទៅដល់រដ្ឋសភាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu។

កាលពីថ្ងៃព្រហស្បតិ៍ទី១៩មីនា ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជាផ្លូវការនូវសំណើថវិកានេះ ដោយលោកបានសង្កត់ធ្ងន់ថា ទឹកប្រាក់នេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់តម្រូវការចាំបាច់នានា ដែលលើសពីបញ្ហានៅអ៊ីរ៉ង់ទៅទៀត។ ទន្ទឹមនោះ លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានចេញមុខការពារតួលេខដ៏ខ្ពស់នេះដែរ ដោយលោកបានលើកឡើងយ៉ាងត្រង់ៗថា «វាត្រូវតែចំណាយលុយបែបហ្នឹងហើយ បើចង់កម្ចាត់ពួកមនុស្សអាក្រក់» រួមទាំងការបំពេញបន្ថែមនូវគ្រាប់រំសេវក្នុងឃ្លាំងដែលជិតអស់ពីឃ្លាំងផងដែរ។
យ៉ាងណាមិញ សំឡេងជំទាស់បានបន្លឺឡើងយ៉ាងព្រោងព្រាតនៅវិមានសភា។ ខាងបក្សប្រជាធិបតេយ្យបានវាយប្រហារចំៗទៅលើសំណើនេះ ដោយសមាជិកព្រឹទ្ធសភា លោក Chris Murphy បានព្រមានថា ក្នុងខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងឆេះដូចភ្លើង តម្លៃទំនិញ និងការរស់នៅក្នុងស្រុកក៏កំពុងតែហក់ឡើងខ្ពស់គួរឲ្យបារម្ភដែរ។ ចំណែកអ្នកស្រី Rashida Tlaib តំណាងរាស្ត្រម្នាក់ទៀត ក៏បានរិះគន់រដ្ឋាភិបាលថា ពូកែរកលុយសម្រាប់សង្រ្គាមដែលមិនចេះចប់មិនចេះហើយ ប៉ុន្តែបែរជាកាត់បន្ថយថវិកាផ្នែកសុខាភិបាលរបស់ពលរដ្ឋទៅវិញ។
សូម្បីតែនៅក្នុងជួរខាងបក្សសាធារណរដ្ឋខ្លួនឯង ក៏មិនទាន់មានសាមគ្គីភាពពេញលេញក្នុងការគាំទ្រគម្រោងនេះដែរ។ បើទោះបីជាប្រធានសភា លោក Mike Johnson បង្ហាញសញ្ញាថាត្រូវតែផ្តល់ថវិកាឲ្យគ្រប់គ្រាន់សម្រាប់វិស័យការពារជាតិ ប៉ុន្តែសមាជិកបក្សខ្លះដូចជាលោក Pete Stauber បាននិយាយថា អ្វីៗគ្រប់យ៉ាងគឺនៅស្រពេចស្រពិលនៅឡើយ។
ស្ថានភាពនេះកាន់តែតានតឹងខ្លាំង ដោយសារតែវាចំពេលដែលអាមេរិកកំពុងឈានចូលដល់ឆ្នាំបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដែលធ្វើឲ្យរឿងចំណាយលើវិស័យយោធាក្លាយជាប្រធានបទនយោបាយដ៏ក្ដៅគគុក។ អ្នករិះគន់ជាច្រើនបានលើកឡើងថា មន្ទីរបញ្ចកោណនៅសល់ថវិកាដែលមិនទាន់ប្រើប្រាស់ដល់ទៅ១៥៣ពាន់លានដុល្លារឯណោះ ហេតុអ្វីបានជាត្រូវសុំថែមទៀត? ខណៈពេលដែលក្រុមសកម្មជនបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ដែលរដ្ឋាភិបាលមានលុយរាប់ពាន់លានសម្រាប់សង្រ្គាម និងជំនួយបរទេស ប៉ុន្តែបែរជាកាត់បន្ថយកម្មវិធីសង្គមសម្រាប់ពលរដ្ឋអាមេរិកទៅវិញ។
បច្ចុប្បន្ន ការចរចាលើរឿងនេះមិនទាន់បានចាប់ផ្តើមនៅឡើយទេ ប៉ុន្តែពិភពលោកកំពុងតាមដានមើលថា តើកញ្ចប់ថវិកា២០០ពាន់លានដុល្លារនេះ នឹងត្រូវបានអនុម័ត ឬត្រូវបក្សប្រឆាំងកាត់បន្ថយចំនួនវិញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


