Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់អ្នកចរចាអាមេរិក ថា កុំប្រញាប់ ចុះកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ ពេក ព្រោះកំពុងមានប្រៀប

បានផុស

នៅ

ស្របពេលដែលសារព័ត៌មានធំ និងប្រភពជាច្រើនទម្លាយថា អាមេរិក-អ៊ីរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នានោះ ស្រាប់តែប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា លោកបានណែនាំឲ្យក្រុមអ្នកចរចារបស់ទីក្រុងវ៉ាស៊ីនតោន កុំទាន់ប្រញាប់ចុះកិច្ចព្រមព្រៀង ជាមួយទីក្រុងតេហេរ៉ង់ ពេកអី ព្រោះកំពុងមានប្រៀប។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកវ័យ ៧៩ឆ្នាំ សរសេរថា៖ «ការចរចា កំពុងប្រព្រឹត្តទៅយ៉ាងរលូន ហើយខ្ញុំបានជម្រាបទៅកាន់តំណាងរបស់ខ្ញុំ កុំឲ្យប្រញាប់ឈានទៅរកកិច្ចព្រមព្រៀងនោះពេក ព្រោះថាពេលវេលាកំពុងស្ថិតនៅខាងយើង (កំពុងមានប្រៀប)។ ភាគីទាំងពីរត្រូវតែចំណាយពេល និងធ្វើវាឲ្យបានត្រឹមត្រូវ មិនត្រូវឲ្យមានកំហុសឆ្គងណាមួយ កើតឡើងជាដាច់ខាត!» ។

ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏បញ្ជាក់ដែរថា ទីក្រុងតេហេរ៉ង់ត្រូវតែយល់ថា ខ្លួនមិនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានឡើយ ដែលរឿងអាវុធនេះ ត្រូវបានទីក្រុងវ៉ាស៊ីន ប្រឆាំងដាច់ខាត។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ការអះអាងរបស់ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កើតឡើងបន្ទាប់ពីសារព័ត៌មានជាច្រើន ទម្លាយថា កិច្ចព្រមព្រៀងសន្តិភាពមួយ ជិតឈានលេចចេញជារូបរាងហើយ ខណៈវាកំពុងស្ថិតក្រោមការពិភាក្សាគ្នា។

លក្ខខណ្ឌសំខាន់មួយ ដែលប្រភពនានាអះអាងថា អ៊ីរ៉ង់យល់ព្រមហើយនោះ គឺការប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ទៅឲ្យអាមេរិក។

លក្ខខណ្ឌផ្សេងទៀត ក៏រួមមានទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ, បញ្ចេញមកវិញនូវទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កក និងការដកទណ្ឌកម្មទាំងអស់លើប្រេងទាំងអស់​ របស់ទីក្រុងតេហេរ៉ង់ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់ ធ្លាប់ព្រលយពាក្យហើយថា អាមេរិក​ទាមទារ​ជ្រុលហួសហេតុពេក នៅក្នុងកិច្ចព្រមព្រៀងនោះ ប៉ុន្តែជុំវិញការលើកឡើងរបស់លោកត្រាំ ចុងក្រោយនេះ ភាគីអ៊ីរ៉ង់ មិនទាន់ចេញមុខនិយាយអ្វីនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម